ខេត្តស្ទឹងត្រែង ៖ ស្រ្តីម្នាក់រងរបួសយ៉ាងដំណំព្រោះប្តីកាប់មួយកាំបិតបុ័ងតោចំគុម្ពត្រចៀកខាងឆ្វេងរយះហូរឈាម និងសន្លប់បាត់ស្មារតី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមេសា នៅភូមិកេះ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ។ ស្ត្រីរងគ្រោះឈ្មោះហេង យុន អាយុ២៥ឆ្នាំ ជាកសិករ មានកូនក្នុងបន្ទុកចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ ។
ប្អូនប្រុសរបស់ស្រ្តីរងគ្រោះឱ្យដឹងថា ពីរនាក់ប្តីប្រពន្ធនេះ រៀបការរយៈពេល៥ឆ្នាំមកហើយ តែ២ឆ្នាំចុងក្រោយនេះមានភាពរកាំរកូសរហូត បណ្តាលមកពីប្តីមានស្រីថ្មី ហើយមិនដែលគិតគូរជួយរកស៊ីប្រពន្ធទេ គិតតែពីទារលុយពីប្រពន្ធ។ នៅពេលប្រពន្ធមិនឱ្យលុយឈ្មោះម៉ាន ដូង តែងតែរករឿងវាយតប់នាងជានិច្ច ។ ម៉ាន ដូង ក្រោយពេលកាប់ប្រពន្ធហើយនោះបានរត់គេចបាត់ ហើយក្រុមគ្រួសារបានបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះជាបន្ទាន់ និងប្តឹងប៉ូលិសបុស្តិ៍ផងដែរ ។
ស្រ្តីរងគ្រោះនិយាយថា មុនកើតហេតុប្តីសួរនាំនាងថា ទៅដងជ័រចាំបាច់អីដេកយប់ ហេតុអីក៏មិនមកដូចគេឯង ។ នាងបានឆ្លើយថា បើមិនដេកយប់ទេ គឺដងជ័រមិនហើយទេ ។ រួចនាងជាបានទៅរៀបចំបាយទឹកដូចសព្វដង និងពេលហូបបាយរួច បំបៅដោះកូន ស្រាប់តែប្តីយកកាំបិតមកកាប់តែម្តង។
ប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា តាមការពិនិត្យទៅលើស្រ្តីរងគ្រោះ គឺមានស្នាមកាប់នឹងកាំបិតមានជម្រៅ២សង្ទីម៉ែត្រប្រវែង១២សង្ទីម៉ែត្រ និងមានស្នាមអារ.កថែមទៀតផង ។ ចំពោះជនល្មើសប៉ូលិសកំពុងស្វែងរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ