ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​! លោក បាត់ សាក់ ទទួល​រង​ការ​ចោទប្រកាន់​ថា រុញ​របា​ស្ពាន​បើកផ្លូវ​ចូល​ផ្ទះ​នៅ​ក្រុង​ស្វាយ​រៀង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

មហាជន​បាន​រិះគន់​ម្ចាស់​ដី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល នៃ​រដ្ឋបាល​ខេត្តស្វាយរៀង លោក បាត់ សាក់ ថា

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ម្ចាស់​ដី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល នៃ​រដ្ឋបាល​ខេត្តស្វាយរៀង លោក បាត់ សាក់ ថា បាន​យក​គ្រឿងចក្រ​រុញ​របា​ស្ពាន បាក់​ខូច​ប្រមាណ​ជា​៥​ម៉ែត្រ ដើម្បី​ចាក់​ដី​លុប​ចំណី​ផ្លូវ ធ្វើ​ផ្លូវ​ចូល​ឃ្លាំង​របស់​ខ្លួន បង្ក​ឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំង​។ ករណី​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​គល់​ស្ពាន​ទន្លៀ​ង​ទី​២ ផ្នែ​ង​ខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​តឿ​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក ឌី យ៉ា​ម៉​ង់ ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ករណី​លោក បាត់ សាក់ ចាក់​ដី​លើ​ចំណី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គល់​ស្ពាន​ទន្លៀ​ង​នោះ មន្ត្រី​ភូមិបាល​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​រួច​ហើយ និង​បាន​បាញ់ថ្នាំ​ក្រហម​ឲ្យ​ចាក់​ដី​លើ​ចំណី​ផ្លូវ ដោយ​ចំណី​ផ្លូវ​នោះ​នៅ​ពីមុខ​ដី​កម្មសិទ្ធិ​របស់​គាត់ និង​បាន​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​ចាក់​ចូល​អូរ​នោះ​ទេ ត្រូវ​ទុក​ផ្លូវទឹក​ឲ្យ​ធំ ចៀសវាង​ស្ទះ​ផ្លូវទឹក​។ ហើយ​ចំពោះ​ករណី​យក​គ្រឿងចក្រ​រុញ​របា​ស្ពាន​បើកផ្លូវ​ចូល​ឃ្លាំង លោក​មិន​បានដឹង​ទេ ចាំ​លោក​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ពិនិត្យ ហើយ​ករណី​នេះ សូម​ឲ្យ​ទាក់ទង​ទៅ​ខាង​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង ដើម្បី​ពិនិត្យ​ដោះស្រាយ​។

ចំណែក​លោក បាត់ សាក់ ប្រធាន​ការិយាល័យ​ធនធាន​រ៉ែ និង​ថាមពល នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដែល​ចាក់​ដី និង​ជា​ម្ចាស់​ឃ្លាំង បាន​ប្រាប់​កោះសន្តិភាព​ថា លោក​សូម​បដិសេធ​ការ​ចោទប្រកាន់​របស់​មហាជន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដោយ​ចោទប្រកាន់​ថា លោក (​បាត់​សាក់​) យក​គ្រឿងចក្រ​រុញ​របា​ស្ពាន​បើកផ្លូវ​ចូល​ឃ្លាំង និង​ចាក់​ដី​លុប​អូរ​សាធារណៈ​នោះ មិន​ពិត​ទេ​។ ការ​ពិត គឺ​ខ្លួន​បាន​ចាក់​ដី​លើ​ចំណី​ផ្លូវ​នៅ​មុខ​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​អាជ្ញាធរ និង​មន្ត្រី​សុរិយោដី​បាន​បាញ់ថ្នាំ​ក្រហម និង​បោះបង្គោល​កំណត់​ឲ្យ​ចាក់​ដី ដូច្នេះ​មិន​បាន​ចាក់​ដី​លប់​អូរ​សាធារណៈ រំ​លោ​.​ភយ​ក​ធ្វើ​ជា​កម្មសិទ្ធិ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ហើយ​ចំណែក​របា​ស្ពាន ទន្លៀ​ង គឺ​រថយន្ត​សណ្តោង (​ត្រៃ​លឺ​រ័​) ដឹក​គ្រឿងចក្រ ជា​អ្នក​បើក​បុក​ឲ្យ​បាក់​ទេ​។

លោក បាត់ សាក់ បាន​បញ្ជាក់​ទៀត​ថា កាលពី​ជាង​១​ខែ​កន្លង​ទៅ ខ្លួន​បាន​ហៅ​រថយន្ត​សណ្តោង (​ត្រៃ​លឺ័​រ​) ជួល​ឲ្យ​មក​ចូល​ដឹក​ទំនិញ​រោងចក្រ​នៅ​ក្នុង​ឃ្លាំង​នៅ​ចំណុច​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​សណ្ដោង (​ត្រៃ​លឺ័​រ​) បើក​ពី​ភ្នំពេញ លុះ​មក​ដល់​គល់​ស្ពាន​ទន្លៀ​ង ក៏​បាន​បត់​ស្តាំ​ចូល​ឃ្លាំង ប៉ុន្តែ​បត់​មិន​ផុត ក៏​បុក​ចំ​របា​ស្ពាន បណ្តាល​ឱ្យ​បាក់​ខូច​អស់​ប្រមាណ​០៥​ម៉ែត្រ​តែ​ម្តង​។ បន្ទាប់​មក ខ្លួន​បាន​ឃាត់​អ្នកបើកបរ (​ត្រៃ​លឺ​រ័​) ឲ្យ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​ជា​ម្ចាស់​គម្រោង​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​១ មក​ដោះស្រាយ ហើយ​បាន​ទារ​សំណង​សម្រាប់​ជួសជុល​របា​ស្ពាន ជា​ទឹកប្រាក់​ចំនួន​៥៥០​ដុល្លារ តែ​ម្ចាស់ (​ត្រៃ​លឺ័​រ​) ក៏​បាន​បង់ប្រាក់​សង​សំណង​ឲ្យ​ក្រុមហ៊ុន​ចិន​រួច​ហើយ​ដែរ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ចិន មិនឃើញ​មក​ជួសជុល ទើប​បង្ក​ឲ្យ​មហាជន និង​អ្នក​សារព័ត៌មាន​មានការ​យល់​ច្រឡំ ដោយ​គេ​ឃើញ​រថយន្ត​បង្ក​ចូល​ដាក់​ទំនិញ​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន​។

ទោះបីជា​យ៉ាងណា មហាជន​បាន​ប្រតិកម្ម​ថា នេះ​គ្រាន់​ជា​ការ​ឆ្លើយ​ដោះសារ​តែ​ប៉ុណ្ណោះ ហើយ​មហា​ជន​នៅ​តែ​ទទូច សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​ការ​ចាក់​ដី​លើ​ចំណី​ផ្លូវជាតិ និង​លុប​អូរ​សាធារណៈ​របស់​រដ្ឋ ដែល​បង្ក​ឲ្យ​ស្ទះ​ផ្លូវទឹក​ពេល​រដូវវស្សា និង​លិច​ភូមិ​អ្នកស្រុក​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ