ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​វៀតណាម កំពុង​តែ​បំផ្លាញ​ផ្លូវ​ជនបទ

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង នៃ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​គោក​តែ​ក ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​។ ករណី​នេះ

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង នៃ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​គោក​តែ​ក ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​។ ករណី​នេះ បាន​កើតឡើង​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ច​ន្ទ្រា បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង បាន​ចរាចរណ៍​ដឹក​ទំនិញគេចពន្ធ មាន​ដូច​ជា ស្ករ​.​ស និង​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត សង្ស័យ​ជា​ទំនិញគេចពន្ធ ដែល​បាន​មក​ផ្ទេរ​នៅ​ជិត​ប៉ុស្តិ៍​ច្រករបៀង​ព្រំដែន​គោក​តែ​ក​។ ចំណែក​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត គេ​ដាក់​ក្នុង​ទៃ​បិទ​ជិត​មិន​អាច​ដឹង​ថា ជា​ទំនិញ​អ្វី? ដោយ​ខ្លះ​និយាយ​ថា ជា​បាល់​ក្រណាត់ និង​សម្លៀក​បំពាក់​គីប​។

ហើយ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ចំណុះ​៣៥​តោន​ទៅ​៤៥​តោន​នេះ មក​ដល់​ព្រំដែន​ក៏​បាន​ផ្ទេរ​ទំនិញ​ដាក់​លើ​ត្រាក់ទ័រ រួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក គគ្រេង ហើយ​ឮ​ស្នូរ​សម្លេង​ម៉ាស៊ីន​យ៉ាង​ទ្រហឹង​ជា​រៀង​រាល់​យប់ ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ឡើយ​ ព្រោះ​គេ​ត្រូវ​គ្នា​អស់​ហើយ។

មហាជន​ក៏​បាន​លើក​ឡើង​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ប្រភេទ​វ៉េ​អង ទាំងនេះ​បាន​ចរាចរណ៍​បំផ្លាញ​ផ្លូវលំ​ជនបទ ធ្វើ​ឱ្យ​ស្រុត​ខូច​ជា​បណ្ដើរ​ៗ​ហើយ សូម​លោក​អភិបាលខេត្ត មេត្តា​ចុះ​ពិនិត្យ​មើល​ផង បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ ផ្លូវលំ​ជនបទ​នឹង​ត្រូវ​ស្រុត​ខូច​អស់​ជាក់​ជា​មិន​ខាន​ឡើយ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ខាងលើ​នេះ បើកបរ​បំផ្លាញ​ផ្លូវ​រាល់ថ្ងៃ ហើយ​បង្ក​ហុយធូលី​ដី​ចូល​ផ្ទះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូនចៅ​របស់​ពួក​គាត់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​។ ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ជា​ទំនិញគេចពន្ធ ដោយ​គ្មាន​ការ​បង់ពន្ធ​ចូល​រដ្ឋ​ទេ ទើប​ផ្ទេរ​ដឹក​តាម​ត្រាក់ទ័រ​នៅ​ពេល​យប់ រួច​ឆ្លង​ដែន​តាម​ច្រករបៀង​គោក​តែ​ក ទៅ​ប្រទេស​វៀតណាម​​យ៉ាង​រលូន។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​កុំឱ្យ​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​តែ​ក បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​យប់ ពីព្រោះ​ត្រាក់ទ័រ​បាន​បញ្ចេញ​សម្លេង​រំខាន​ដល់​ពួក​គាត់​ក្នុង​ការ​សម្រាក​នៅ​ពេល​យប់​។

គួរ​បញ្ជាក់​ថា ទាក់ទិន​ករណី​ខាងលើ​នេះ​ផង​ដែរ អ្នក​សារព័ត៌មាន​យើង​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​វរ​ការពារ​ព្រំដែន នៃ​ច្រករបៀង​គោក​តែ​ក បាន​ទេ រហូត​មក​ដល់​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​នា​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។

ព័ត៌​មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ