ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​រុ​ស្ស៊ី​៖ រុ​ស្ស៊ី​កំពុង​ស្វែងរក​កម្រិត​ថ្មី នៃ​ទំនាក់ទំនង​ជាមួយ​ចិន

1 ឆ្នាំ មុន

រុ​ស្ស៊ី​-​ចិន ៖ ក្រសួងការបរទេស​រុ​ស្ស៊ី បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ថា ខ្លួន​ចង់​យក​ទំនាក់

រុ​ស្ស៊ី​-​ចិន ៖ ក្រសួងការបរទេស​រុ​ស្ស៊ី បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ថា ខ្លួន​ចង់​យក​ទំនាក់ទំនង​ជាមួយ​ចិន ទៅ​កាន់​កម្រិត​ថ្មី​មួយទៀត ហើយ​កំពុង​ទន្ទឹងរង់ចាំ​កិច្ច​ពិភាក្សា​ទល់មុខ​ជាមួយនឹង​ថ្នាក់ដឹកនាំ​របស់​ទីក្រុង​ប៉េ​កាំ​ង ខណៈ​ដែល​កាសែត​រុ​ស្ស៊ី​បាន​រាយការណ៍​ថា អ្នកការទូត​កំពូល​របស់​ចិន នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទីក្រុង​មូ​ស្គូ នៅ​ក្នុង​ខែកុម្ភៈ ឆាប់​ៗ​ខាង​មុខ​នេះ​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រសួងការបរទេស​រុ​ស្ស៊ី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​ជឿជាក់​ថា សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី «​រុ​ស្ស៊ី​-​ចិន​» គឺ​នៅ​វែង​ឆ្ងាយ និង​គ្មាន​ទី​បញ្ចប់​»​។

ប្រភព​ដដែល​បន្ត​ថា រុ​ស្សី​មាន​គោលបំណង ដើម្បី​សម្រេច​បាន​គោលដៅ​ទំហំ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ ២០០​ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​ទាំង​ពីរ​មុន​កាលកំណត់ និង​ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ទំនាក់ទំនង​របស់​ខ្លួន ជាមួយនឹង​ទីក្រុង​ប៉េ​កាំ​ង​។ ភាព​ជា​ដៃគូ​គ្មាន​ដែន​កំណត់ កាន់តែ​ស៊ីជម្រៅ​រវាង​មហាអំណាច​ទាំង​ពីរ ដែល​កំពុង​កើនឡើង​នៃ​ប្រទេស​ចិន និង​ធនធានធម្មជាតិ​របស់​រុ​ស្ស៊ី កំពុង​ត្រូវ​បាន​សម្លឹង​មើល​ដោយ​ប្រទេស​លោក​ខាងលិច ជាមួយនឹង​ក្តី​បារម្ភ​មួយ​ចំនួន បើ​ទោះបីជា​វា​មិន​ច្បាស់​ថា ភាព​ជា​ដៃគូ​មាន​ភាព​ស៊ីជម្រៅ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​។

ប្រទេស​ចិន បាន​បដិសេធ​ការ​ថ្កោលទោស ចំពោះ​សកម្មភាព​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែល​ទីក្រុង​មូ​ស្គូ​ចាត់​ទុក​សង្គ្រាម​នេះ​ថា ជា​ប្រតិបត្តិការ​យោធា​ពិសេស​។ ជាក់ស្តែង បន្ទាប់​ពី​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​លើ​រុ​ស្ស៊ី ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី Vladimir Putin បាន​និយាយ​ថា រុ​ស្ស៊ី​កំពុង​ងាក​ទៅ​រក​អាស៊ី ហើយ​ជា​ពិសេស​គឺ​ចិន បន្ទាប់​ពី​រាប់​សតវត្ស​នៃ​ការ​សម្លឹង​មើលទៅ​លោក​ខាងលិច​ថា ជា​ផ្នែក​រឹង​នៃ​កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និង​សង្គ្រាម​។

យោង​តាម​កាសែត Vedomosti របស់​រុ​ស្ស៊ី បាន​រាយការណ៍​ថា ប្រធាន​ការទូត​ចិន លោក Wang Yi គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ នៅ​ក្នុង​ខែកុម្ភៈ​។ ទោះ​យ៉ាងណា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang គឺ​មិន​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​ប្រហែលជា​ទាក់ទង​នឹង​ការ​រៀបចំ សម្រាប់​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី របស់​ប្រធានាធិបតី​ចិន លោក Xi Jinping៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ