ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ត្រៀម​បំបែក​កំណត់​ត្រា​ការ​ផ្ទេរ​នៅ​អង់គ្លេស ដើម្បី​នាំ​យក​ម្ចាស់​មេដាយមាស World Cup 2022

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប Chelsea បាន​ដេញថ្លៃ​ជា​ផ្លូវការ​តម្លៃ ១២០​លាន​អឺ​រ៉ូ ស្មើនឹង ១៣០​លាន​ដុល្លារ សម្រាប់​

អង់គ្លេស ៖ ក្លិប Chelsea បាន​ដេញថ្លៃ​ជា​ផ្លូវការ​តម្លៃ ១២០​លាន​អឺ​រ៉ូ ស្មើនឹង ១៣០​លាន​ដុល្លារ សម្រាប់​ខ្សែបម្រើ​អា​ហ្ស​ង់​ទី​ន Enzo Fernandez របស់​ក្លិប Benfica នៅ​ក្នុង​ការ​ដោះ​ដូរ ដែល​នឹង​ក្លាយជា​ការ​ចុះហត្ថលេខា​លើ​កំណត់​ត្រា​ការ​ផ្ទេរ​ថ្លៃ​បំផុត​នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​។

រហូត​មក​ដល់​ពេល​នេះ មិន​មានការ​ចង្អុលបង្ហាញ​ណាមួយ​ថា តើ​ការ​ផ្តល់​ជូន​របស់​តោ​ខៀវ Chelsea ទទួលលទ្ធផល​យ៉ាងណា​ពី​ក្លិប Benfica នោះ​ទេ ប៉ុន្តែ​ប្រ​សិន​កិច្ចព្រមព្រៀង​នេះ ឈាន​ដល់​ការ​ចុះហត្ថលេខា​ផ្លូវការ នោះ​វា​នឹង​បំបែក​កំណត់​ត្រា​ក្លិប​មេឃ​ខៀវ Manchester City ដែល​ចាយ ១០០​លាន​ផោន ស្មើនឹង ១២៣​លាន​ដុល្លារ នាំ​យក​ខ្សែបម្រើ​ប្រយុទ្ធ​អង់គ្លេស Jack Grealish ពី​ក្លិប Aston Villa កាលពី​ឆ្នាំ​២០២១​។

ខ្សែបម្រើ Enzo Fernandez បាន​ធ្វើ​ឱ្យ​ក្លិប​យក្ស​នៅ​អឺរ៉ុប បង្ហាញ​ការ​ចាប់អារម្មណ៍​ចង់បាន​រូបគេ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា ដោយ​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​តំណែង​ជើងឯក និង​ថែម​ទាំង​ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ផង​ដែរ​។

ខ្សែបម្រើ​វ័យ​២២​ឆ្នាំ​រូប​នេះ ទើបតែ​ផ្លាស់​ពី​ក្លិប River Plate របស់​អា​ហ្ស​ង់​ទី​ន មក​ចូលរួម​ជាមួយ Benfica កាលពី​ខែសីហា ឆ្នាំ​២០២២ នៅ​ក្នុង​តម្លៃ​ត្រឹម ១០​លាន​អឺ​រ៉ូ​តែ​ប៉ុណ្ណោះ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​សរុប ២៩​ប្រកួត​សម្រាប់​ក្រុម​នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់​មួយ​នេះ​។

គិត​មក​ទល់​ពេល​នេះ Chelsea ដែល​មាន​មហាសេដ្ឋី​អា​មេ​រិ​ក លោក Todd Boehly ជា​ម្ចាស់​ក្លិប បាន​ចាយ​លុយ​រហូត​ដល់ ២៧០​លាន​ផោ​លហើយ នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នេះ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ Noni Madueke, Mykhailo Mudryk, David Datro Fofana, Andrey Santos, Benoit Badiashile និង Malo Gusto សម្រាប់​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍ និង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Joao Felix នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Atletico Madrid ថែម​ទៀត​ផង ដើម្បី​ស្រោចស្រង់​ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​របស់​ពួក​គេ ដែល​បច្ចុប្បន្ន​កំពុង​ត្រដាបត្រដួស​ខ្លាំង ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១០ នៃ​ក្រប​ខណ្ឌ English Premier league៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ