ខេត្តសៀមរាប ៖ កក្រើកទៀតហើយមានឈ្មួញដុះស្លែរកស៊ីជីករណ្តៅយកអាចម៌ដីលក់កំពុងល្បីជាងគេ គឺលោកស្ងួន លត ថៅកែស្ថានីយប្រេងតេលាបានកំពុងកាន់អាជ្ញាបណ្ណហួសសុពលភាពដើរធ្វើសកម្មភាពជីករណ្តៅដីក្នុងខេត្តសៀមរាប តែមិនដែលឃើញមានសមត្ថកិច្ច ឬមន្ត្រីពាក់ពន្ធ័ឬអាជ្ញាធរហ៊ានបង្ក្រាបសោះឡើយ សង្ស័យចែកគ្នារស់ ។
![Picture]()
ប្រភពពីពលរដ្ឋនៅក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានប្រាប់ភ្នាក់ងារកោះសន្តិភាពនៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣នេះថា ករណីឈ្មួញជីករណ្តៅដីដឹកយកអាចម៌ដីទៅលក់នោះ មាន២ទីតាំងទី១-ស្ថិតនៅកណ្តាលវាលស្រែចំនួនជិត១០០ហិកតា និងទី២-ជីករណ្តៅដីដឹកយកអាចម៌ដីទៅលក់នៅក្នុងបរិវេណទួលបុរាណត្រីញ័រ ដែលមានវត្ត មួយនៅលើនោះកាលពីជំនាន់មុន កាលពួកខ្ញុំមិនទាន់កើតឥឡូវខាងអាជ្ញាធរយកវត្តមកដាក់នៅជាប់ផ្លូវ ក្នុងភូមិវិញ។
![Picture]()
ប្រភពបានបញ្ជាក់ថា ទួលបុរាណនោះត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធខាងលើ ជាពិសេស ខាងអាជ្ញាធរអប្សរា សង្ស័យត្រូវរ៉ូវគ្នាជាប្រព័ន្ធសើមមាត់សើម.កយកទៅលក់ឱ្យឈ្មួញ ដើម្បីជីកទួលនោះយកអាចម៌ដីទៅលក់ ។ ប្រភពបញ្ជាក់ទៀតថា ដែលឃើញឈ្មួញមួយចំនួនខាងលើ បានធ្វើសកម្មភាពជីករណ្តៅដីយ៉ាងជ្រៅដោយមិនមានលក្ខណៈច្បាប់គ្រប់គ្រាន់ ហើយមិនមានក្រុមសមត្ថកិច្ចចុះទៅបង្ក្រាបសោះឡើយ នេះ គេដាក់សង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធ។
![Picture]()
ប្រភពពីពលរដ្ឋបានបន្ថែមទៀតថា ការដឹកជញ្ជូនដីនោះ គ្មានការបាញ់ទឹកលើផ្លូវគ្មានសំណាញ់គ្របបង្កការហុយប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅតាមដងផ្លូវ ជាពិសេស ក្មេងតូចៗដើរទៅរៀនព្រមទាំងធ្លាក់ដីមកលើផ្លូវជាតិបង្កគ្រោះថ្នាក់ផ្សេងៗដល់ពលរដ្ឋធ្វើដំណើរផងដែរ ។
![Picture]()
រីឯ លោក ស្ងួន លត ថៅកែស្ថានីយប្រេងតេលា បានកំពុងធ្វើសកម្មភាពជីករណ្តៅដីនៅក្នុងខេត្តសៀមរាបយ៉ាងរំភើយ ដោយហាក់បីដូចជាគ្មានញញើតអាជ្ញាធរ ឬ សមត្ថកិច្ចពាក់ព័ន្ធឡើយ គ្រាន់តែប្រើប្រាស់អាជ្ញាបណ្ណហួសសុពលភាពតែ១សន្លឹកប៉ុណ្ណោះ ធ្វើឱ្យពួកអាជ្ញាធរ និង សមត្ថកិច្ចខ្លាចគ្រប់ៗគ្នាលែងទៅជិត។ ប្រភពបន្តថា ការដែលលោកស្ងួន លត ជីករណ្តៅយកអាចម៍ដីលក់នោះដោយមិនមានលក្ខណ:ច្បាប់គ្រប់គ្រាន់នោះ ប្រហែលមានអ្នកធំកាងពីក្រោយ ។
![Picture]()
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ មានសមត្ថកិច្ចមកពីអង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្ទីរបរិស្ថានខេត្តសៀមរាប បាន.ចុះទៅដល់ទីតាំងជីករណ្តៅដី តែមិន ឃើញមានការឃាត់គ្រឿងចក្រនោះទេ គ្រាន់តែផ្អាកសកម្មភាពជីកដីមួយដង្ហើមចង្រិតប៉ុណ្តោះ ។ លុះព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្រាប់តែឃើញគ្រឿងចក្រដឹកមកធ្វើសកម្មភាពជីកវិញយ៉ាងរលូនដោយគ្មានខ្លាចច្បាប់សោះ។
![Picture]()
ចំពោះលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានបកស្រាយតាមតេលេក្រាមថា ករណីជីករណ្តៅដីនោះ មាន២ករណីទី១-បើច្បាប់ហួសសុពលភាពបានន័យថា គឺគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងករណីទី២-ចំពោះការជីករណ្តៅដីនៅជុំវិញបរិវេណទួលបុរាណ ឬបឹងបុរាណ ឬប្រាសាទបុរាណ គឺមិនអាចអនុញ្ញាតឱ្យជីកបានឡើយ។ លោកបញ្ជាក់ថា លោកកំពុងជាប់រវល់ប្រជុំនៅភ្នំពេញ ហើយលោកបានប្រគល់កិច្ចការនេះ ឱ្យទៅលោកសុវណ្ណអភិបាលរងស្រុកប្រាសាទបាគងហើយ។
![Picture]()
សូមបញ្ជាក់ថា ការជីករណ្តៅដីបែបអនាធិបតេយ្យរបស់ឈ្មោះ ស្ងួន លត ដែលសមត្ថកិច្ចចុះទៅហើយមិនបង្ក្រាបនេះគេរំពឹងថា សមត្ថកិច្ចដែលពាក់ព័ន្ធនឹងចុះទៅចាត់វិធានការម្តងទៀតឱ្យមានប្រសិទ្ធិភាព ចៀសវាងមហាជនចោទថា ទទួលផលលាភសាក្ការ:។
![Picture]()
ជុំវិញករណីខាងលើនេះដែរ ភ្នាក់ងារកោះសន្តិភាពមិនអាចសុំការបំភ្លឺពី លោកឡេង លាត ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តសៀមរាបថ្មីបានទេ នៅរសៀលថ្ងៃទី៣១ ខែមករាឆ្នាំ ២០២៣នេះបានទេដោយ ទូរស័ព្ទហៅចូលគ្មានអ្នកលើក ។ យើងខ្ញុំរង់ចាំឆ្លើយតបពីមន្ត្រីពាក់ព័ន្ធទាំងអស់ រាល់ការប្រតិកម្មរៀងរាល់ម៉ោងធ្វើការ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ