រាជធានីភ្នំពេញ ៖ នារីៗដែលបម្រើការនៅតាមសេវាកម្សាន្តមនុស្សពេញវ័យដូចជា បៀហ្គាដែនម៉ាស្សា ខារ៉ាអូខេ ភោជនីដ្ឋាន និងក្លឹបរាត្រីនានានឹងមានមេធាវី ពិសេសសម្រាប់ពួកគេ ដូច្នេះអស់លោកដែលចូលចិត្តកេះកៀវគេផ្តាសផ្តាស់នៅតាមកន្លែងទាំងអស់នោះប្រយ័ត្នគេប្តឹង។
រូបតំណាងបន្ទាប់ពីបានប្រកាសផ្តល់មេធាវីដល់នារីៗដែលរងគ្រោះនានា កាលពីពេលកន្លងមក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បើតាមការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហើបថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា បានលើកឡើងនូវគម្រោងនេះហើយ។
សម្តេចតេជោ បានណែនាំឱ្យមានការរៀបចំមេធាវី ដើម្បីការពារសិទ្ធិនារីទាំងឡាយណាដែលកំពុងតែប្រកបរបរខាងសេវាកម្សាន្ត ពោល គឺខារ៉ាអូខេក្លិបរាត្រី បៀហ្គាដេន ម៉ាស្សា និងអ្នករត់តុជាដើម ក្នុងករណីពួកគាត់ទទួលរងការរំលោ.ភបំពាន ឬអំពើហិ.ង្សាណាមួយកើតមានឡើង។
រូបតំណាងក្រៅពីលើកឡើងនូវបញ្ហាមេធាវី ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ក្រុមនារីនៅក្នុងសេវាកម្សាន្តមនុស្សពេញវ័យទាំងអស់នោះសម្តេចក៏បានលើកឡើងថា ពួកគេក៏នឹងទទួលបានបណ្ណបេឡាជាតិសន្តិសុខសង្គមដែលគេហៅកាត់ថា (ប.ស.ស)ផងដែរ។
![Picture]()
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា មេធាវីស្ម័គ្រចិត្តរបស់សម្តេច និងមេធាវីរបស់ ក្រសួងកិច្ចការនារីនឹងក្លាយជាអ្នកទទួលធ្វើកិច្ចការដែលទាក់ទងនឹងការរំលោ.ភបំពាន ឬបៀតបៀននារីទាំងអស់នោះហើយក៏ដើម្បីជំរុញពង្រឹង និងលើកកម្ពស់ការងារក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះយើងខ្ញុំជឿជាក់ថា ក្រុមអង្គការសង្គមស៊ីវិលនឹងគាំទ្រនូវការលើកឡើងអំពីផែនការក្នុងការផ្តល់មេធាវី ដើម្បីការពារក្រុមនារីដែលកំពុងតែធ្វើការក្នុងសេវាកម្សាន្ត និងរឿងផ្តល់បណ្ណ ប.ស.ស នេះពីព្រោះកន្លងមកពួកគេក៏បានធ្វើកិច្ចការនេះច្រើនមកហើយដែរ ប៉ុន្តែក្រុមបុរសមួយចំនួនអាចអល់អែកឬរារែកនៅក្នុងការគាំទ្រ ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនហ៊ានចេញមុខទេ ដោយសារតែបារម្ភ និងបញ្ហាកិត្តិយសផ្ទាល់ខ្លួន ជាពិសេសក្រុមបុរស ដែលចូលចិត្តពិភពកម្សាន្តពេលរាត្រី និងជីវិតនៅក្រោមស្បៃរាត្រីភ្លើងពណ៌។
រូបតំណាងក្រុមបុរសប្រភេទនេះបានអះអាងដោយមិនចេញមុខថាវា គឺជារឿងធម្មតា ពីព្រោះក្រុមនារី ដែលកំពុងតែបម្រើការងារនៅក្នុងសេវាកម្មកម្សាន្តមនុស្សពេញវ័យទាំងអស់នោះក៏ជាពលរដ្ឋហើយក៏ជាកោសិការសង្គមដូចគ្នា។ ដូច្នេះកាលណាពួកគេមានរឿងពួកគេមានសិទ្ធិប្តឹងបានករណីដូចជា ហិ.ង្សានៅតាមកន្លែងផ្តល់សេវាទាំងអស់នោះ ការសម្លុ.ត គំរា.មកំហែ.ងឲ្យពួកគេធ្វើអ្វីដែលពួកគេមិនពេញចិត្ត ប៉ុន្តែគ្រាន់តែថា ប្រសិនបើអ្វីៗក៏ពួកគេចេះតែយកលេសប្តឹងនោះ អ្នកដែលបាត់បង់ផលប្រយោជន៍ គឺពួកគេទៅវិញទេ។
ក្រុមបុរសប្រភេទនេះបានបន្តថា ជាទូទៅសេវាកម្សាន្ត គឺដើម្បីកម្សាន្ត និង សប្បាយ ប៉ុន្តែប្រសិនបើទៅកម្សាន្តហើយមិនសប្បាយ ហើយត្រូវគេប្តឹងថែមទៀតនោះ វា គឺជារឿងមួយផ្សេងទៀត។ពួកគេក៏សង្ឃឹមថា ក្រុមនារីៗទាំងអស់នឹងមិនចេះតែយកករណីនេះ ដើម្បីជាលេសធ្វើផ្តេសផ្តាសផងដែរ។
ទាំងនេះ គឺគ្រាន់ជាទស្សនៈ និងមតិមួយចំនួនប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការដែលពួកគេមានក្រុមជំនួយការច្បាប់សម្រាប់ពួកគេបែបនេះក៏ជាប្រការមួយជួយពួកគេផងដែរ។ពីព្រោះអគតិជនមួយចំនួនហាក់មិនបានចាត់ទុកពួកគេ គឺជាពលរដ្ឋដូចពលរដ្ឋដ៏ទៃនោះទេ។ នៅក្នុងក្រសែភ្នែករបស់ក្រុមអគតិជនទាំងនោះ គឺមើលមកពួកគេបាន ត្រឹមតែជាឧបករណ៍ដែលពួកគេយកមកលេងសើច និងសប្បាយគ្មានសភាវៈជាមនុស្សឡើយ។
មកដល់ពេលនេះមានករណីរំលោ.ភបំពានពួកគេជាច្រើន ដោយអ្នកខ្លះត្រូវបានគេប្រើប្រាស់កាំភ្លើ.ង ដើម្បីបង្ខំឲ្យពួកគេធ្វើរឿងដែលពួកគេមិនព្រមព្រៀង ខ្លះទៀតវា.យដំពួកគេឲ្យរបួស ហើយខ្លះទៀតជេត្មេះតិដៀលសព្វសារពើរ ប៉ុន្តែចុងក្រោយ គឺបានត្រឹមតែសម្រុះសម្រួលក្រៅប្រព័ន្ធ ហើយលើកក្រោយជនល្មើសនៅតែប្រពឹត្តដដែល។
ម្យ៉ាងវិញទៀត ប្រសិនបើពួកគេទទួលបានប័ណ្ណប.ស.ស ពួកគេនឹងអាចមានការចុះឈ្មោះត្រឹមត្រូវ ដែលងាយស្រួលនៅក្នុងការគ្រប់គ្រង និងងាយស្រួលនៅក្នុងការធ្វើអន្តរាគមន៍ជួយពួកគេ ជាពិសេស គឺផ្នែកបញ្ហាសុខភាព ដោយសារតែពួកគេ គឺជាក្រុមដែលងាយឆ្លងជម្ងឺសង្គម ហើយសុខភាពក៏ទ្រុឌទ្រោមដែរ ដោយសារតែត្រូវធ្វើការយប់ខុសពេលវេលាសម្រាក ខណៈដែលពេលនេះកម្ពុជានៅមិនទាន់ដឹងថា មានក្រុមនារីដែលស្ថិតនៅក្នុងសេវាកម្មកម្សាន្តមនុស្សពេញវ័យឲ្យប្រាកដឡើយ។
រូបតំណាងសរុបសេចក្តីទៅសម្រាប់អស់លោកដែលមិនមានសតិនៅក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយធ្វើផ្តេសផ្តាសលើក្រុមនារីនៅក្នុងសេវាកម្មកម្សាន្តដោយមិនមានការយល់ព្រមពីក្រុមនារីទាំងអស់នោះ សូមប្រយ័ត្នខ្លួន ហើយក៏សង្ឃឹមផងដែរថា បងប្អូនក្រុមនារីទាំងអស់នោះក៏នឹងប្រើប្រាស់សិទ្ធិ និងជំនួយការផ្នែកច្បាប់នេះឲ្យបានត្រឹមត្រូវ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនយើងផង និង សិទ្ធិរបស់យើងផង៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ