ខេត្តកំពង់ស្ពឺ ៖ ក្រោយពីមានរឿងចម្រូងចម្រាស់លើករណីលក់ដីបឹងរហូតដល់អង្គភាព ACU ចេញលិខិតព្រមានរួចមក តើលោកឈឺន សុធន់ អភិបាលស្រុកបសេដ្ឋមានវាសនាអាចនៅអង្គុយលើកៅអីនោះបានដែរឬយ៉ាងណា? ហើយតើអ្នកណាជាបេក្ខភាពដែលត្រូវឡើងកាន់តំណែងជាអភិបាលស្រុកបរសេដ្ឋនៅពេលដែលលោកឈឺន សុធន់ ត្រូវបានដកដំណែង ។

យោងតាមប្រភពពីមន្ត្រីសាលាខេត្តមួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហើបថា កាលពីអាទិត្យមុន ក្រុមប្រឹក្សាខេត្តដែលមានលោកយឹម សុខុម ជាប្រធានក្រុមប្រឹក្សាបានប្រជុំក្រុមប្រឹក្សាទាំងអស់ ដោយក្នុងនោះ គឺមានការឯកភាពសម្រេចដកលោកឈឺន សុធន់ ចេញពីតំណែងអភិបាលស្រុកបសេដ្ឋតែម្ដង ។

ប្រភពបន្តថា មូលហេតុដែលធ្វើឲ្យមានបញ្ហាគឺបន្ទាប់ពីលោកឈឺន សុធន់ មានការពាក់ព័ន្ធក្នុងការលក់ដីបឹងតាដែង តានួន ដែលជាដីបឹងរបស់រដ្ឋ ។ ក្នុងនោះផងដែរ អ្នកដែលដើរតួសំខាន់ជាងគេ គឺជាបងថ្លៃរបស់លោកឈឺន សុធន់ តែម្ដង។ មិនត្រឹមតែជាបងថ្លៃនោះទេ បុរសម្នាក់នោះគឺជាតៃកុងឡានផ្ទាល់ខ្លួនទៀតផង ដែលជាអ្នកដើរតួចាត់ចែងរកម៉ូយមកទិញដីបឹងនេះហើយធ្វើឯកសារដោយបន្លំភ្នែកថ្នាក់ដឹកនាំរបៀបឃុបឃិតគ្នាជាប្រព័ន្ធលក់ទៅឲ្យក្រុមហ៊ុនមួយឈ្មោះសម្បត្តិបសេដ្ឋ ដែលមានលោកសឿន សម្បត្តិ ជាប្រធាន ។

ប្រភពបន្តទៀតថា បើដកលោកឈឺន សុធន់ តែម្នាក់ ហាក់បីដូចជាមិនសមនោះទេ ព្រោះអ្នករួមគំនិតក្នុងរឿងនេះមានតាំងពីភូមិឃុំ និងជំនាញសុរិយោដី និងមន្ត្រីស្រុកមូយចំនួនទៀត ដូច្នេះ គួរតែដកចេញទាំងអស់តែម្ដងទើបសម ។ ការលក់ដីបឹងរបស់រដ្ឋនេះ យោងតាមគំនូសបង្ហាញទីតាំងដីគឺមានទំហំរហូតដល់250ហិកតាក្នុងគម្រោងវិនិយោគបង្កើតតំបន់រោងចក្រ និងសង់សំណង់ផ្សេងៗរបស់ក្រុមហ៊ុនសម្បត្តិបសេដ្ឋ ។ ប្រភពដដែលបន្តថា ក្នុងការប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីសម្រេចដកលក់ឈឺន សុធន់ ចេញពីតំណែងអភិបាលស្រុកនេះ ក៏មានភាពចម្រូងចម្រាស់ខ្លះដែរ។ដោយមានអ្នកអន្តរាគមន៍មកពីលើសុទ្ធតែអ្នកធំ។

តែទោះបីជាបែបនេះក្តី ក៏លទ្ធផលស្ដែងឲ្យឃើញយ៉ាងប្រាកដថា លោកឈឿន សុធន់ ត្រូវប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តឯកភាពដកចេញពីតំណែងអភិបាលស្រុក ដោយដាក់អភិបាលរងមួយរូបជំនួសវិញ (ដែលតាមដឹងនោះ គឺលោកសំអឿនសុបញ្ញា) នៅមិនទាន់ដឹងទេថា តើលោកឈឺន សុធន់ នឹងត្រូវមកបម្រើការនៅរដ្ឋបាលខេត្តឬយ៉ាងណានោះទេ ។

សូមរំលឹកថា យោងតាមលិខិតរបស់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចេញលិខិតព្រមាន និងស្នើឱ្យលោកឈឺន សុធន់ អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាតឱ្យលោកស្រី (វន់ ឈើវិន គីអាសាយណាវ) ប្រមូលទិញដីដោយខុសច្បាប់ ដែលមានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ ។
យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលសារព័ត៌មានយើងទទួលបាន ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានស្នើ
ឲ្យលោកស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែងបើកទំនប់ទឹកពីឆ្នាំយាមទំនប់ដំណើរការ បើកទឹកពង្រឹងបង្អោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់បញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋរក្សាទុក ។

ក្នុងលិខិតបញ្ជាក់យ៉ាងច្បាស់ៗថា អង្គភាពប្រឆាំងអំពើពុករលួយសុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះមុខនេះ ។ដើម្បីបញ្ឈប់នៅសកម្មភាពទាំងពីរខាងលើនេះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំង ដល់ការស៊ើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះ ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ក្នុងករណីលោកអភិបាលស្រុក មិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះ ឬសកម្មភាពទាំង២នៅតែបន្តអនុវត្តតាមមាត្រា២៦ (បុព្វសិទធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ)នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធឲ្យផ្អាកជាបណ្ដោះអាសន្ន នៅមុខងាររបស់លោកអភិបាលស្រុក ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ