រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ ដល់៧ ខែកុម្ភៈខាងមុខនេះតំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

យោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តដែលនឹងថមថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣២-៣៥អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ។

ដោយឡែកនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ៕
ចែករំលែកព័តមាននេះ