ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ស៊យ! ក្រោយ​​ឡានយក្ស​ដែលដឹក​លើស​ចំណុះ​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​លើ​«​ផេ​ក​»​ផ្លូវការ​របស់​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ផ្សព្វ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣០ មក​រា ថា រថយន្ត​ធុន​ធ្ងន់​ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ដែល​ដឹក​លើស​ចំណុះ ហើយ​ខូច​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តបាត់ដំបង ​៖ យោង​លើ​«​ផេ​ក​»​ផ្លូវការ​របស់​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ផ្សព្វ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣០ មក​រា ថា រថយន្ត​ធុន​ធ្ងន់​ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ដែល​ដឹក​លើស​ចំណុះ ហើយ​ខូច​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល កាលពី​ព្រឹក​ថ្ងៃ​ដដែល​(៣០ ០១ ២៣)​នេះ ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ស្ថា​នី​យ​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​មា​នទី​តាំងនៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវ​ច្បាប់​ហើយ ក្រោយ​ពិនិត្យ​និង​រក​ឃើញ​រថយន្ត​ល្មើសច្បាប់​ ។

តាម​រយៈ​ «​ផេ​ក ឬ បណ្ដាញ​សង្គម​»​របស់​ខ្លួន មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​លើ​រថយន្ត​ខាងលើ​នេះ ដែល​ខូច​នៅ​លើ​ដងផ្លូវ ហើយ​បាន​រក​ឃើញ​កំហុស​០២​ករណី ដែល​រថយន្ត​នេះ​បាន​បំពាន​ច្បាប់​ ។ បើ​តាម​មន្ទីរ​ជំនាញ​នេះ រថយន្ត​យក្ស​នេះ​មាន​កំហុស​០២​ករណី​គឺ ១-​ផ្ទុក​លើស​ទម្ងន់ និង​២-​រថយន្ត​នេះ​បាន​ផុត​សុពលភាព​«​ឆៀក​»​តាំងពី​ថ្ងៃ​ទី ០៣ ឧសភា ឆ្នាំ​២០២១ (​ជាង​មួយ​ឆ្នាំ​) ​។

រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក​នេះ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-2818 តែ​គេ​មិន​បាន​ប្រាប់​ឈ្មោះ​អ្នកបើកបរ​ទេ​។ រថយន្ត​នេះ​ដឹក​ជី​កសិកម្ម​រហូត​ដល់​ទៅ​១,០០០​កា​រ៉ុ​ង (៥០​តោន​) ធ្វើ​ដំណើរ​ពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះ​មក​កាន់​ក្រុង​បាត់ដំបង តែ​បាន​ខូច​(​បាក់​សន្ទះ​) ពេល​ធ្វើ​ដំណើរ​​មក​ដល់​ចំណុច​ខាងលើ ខណៈ​ជិត​ចូល​ដល់​ក្រុង​បាត់ដំបង​ទៅ​ហើយ​ ។ មហាជន និង​អ្នក​សារ​ព័​ត៌​មាន​មួយ​ចំនួន ដែល​បាន​ប្រទះ​ឃើញ​ស្ថានភាព​រថយន្ត​យក្ស​នេះ ដែល​កំពុង​លុតក្រាប​លើ​ចិញ្ចើមថ្នល់​ផ្អៀង​រកកល់​ក្រឡាប់​ផង បាន​នាំ​គ្នា​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ព្រោងព្រាត ជា​មួយនឹង​សំ​នេ​រ​នូវ​ខ្លឹមសារ ឬ ការ​បរិយាយ​បន្ថែម វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​មន្ត្រី​កាន់​ជញ្ជីង​ថ្លឹង​រថយន្ត​។

ខ្លឹ​ម​សារ​នៃ​សំ​ណេរ ឬ​ការ​បរិយាយ​នោះ ហាក់​បាន​រិះគន់​ខ្លាំង​ទៅ​លើ​មន្ត្រី​កាន់​ជញ្ជីង​ថ្លឹង​ដែល​មិន​បាន​អើពើ ឬ​យកចិត្តទុកដាក់​ពិនិត្យ​មើល​រថយន្ត​ដឹក​លើស​ចំណុះ បណ្ដែតបណ្ដោយ​ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ​បែប​នេះ​ធ្វើ​ចរាចរ​ណ៍លើ​ដងផ្លូវ​តាម​អំពើ​ចិត្ត​។ ក្នុង​ន័យ​នេះ អ្នក​រិះគន់​ហាក់​ផ្តោត​ទៅ​លើ​ការ​ឃុបឃិ​ត​រវាង​មន្ត្រី​ជញ្ជីង​ជាមួយនឹង​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់ ទើប​រថយន្ត​ដឹក​បែប​នេះ​នៅ​តែ​អាច​បើកបរ​លើ​ផ្លូវ​បាន​ ។ ប៉ុន្តែ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ច្រានចោល​ចំពោះ​ការ​រិះគន់​ឬ​ចោទប្រកាន់​បែប​នេះ​។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​មន្ទីរ​សា​ធារ​ការ​ខេត្ត​បាន​បំភ្លឺ​ថា បើ​ពិនិត្យ​លើ​ទិស​ដៅ​នៃ​ការ​ធ្វើ​ដំណើ​របស់​រថយន្ត​នេះ គឺ​មិន​ទាន់​បាន​ឆ្លងកាត់​ «​ស្ថា​នី​យជញ្ជីង​ថ្លឹង​រថយន្ត​» ដែល​
មា​នទី​តាំងនៅ​ស្រុក​សង្កែ​នៅឡើយ​ទេ​។ ម​ន្ត្រី​ជំនាញ ដែល​ចុះ​ទៅ​ពិនិត្យ​រថយន្ត​យក្ស​នេះ​បាន​ស្រង់​សំដី​អ្នកបើកបរ​ថា រថយន្ត​ខ្លួន​ដឹក​ជី​កសិកម្ម​ចំនួន​១,០០០​កា​រ៉ុ​ង ដែល​មាន​ទម្ងន់​សរុប​៥០​តោន ហើយ​បើ​ប៉ាន់​ប្រមាណ​ទម្ងន់​សរុប​ទាំង​រថយន្ត​ផង​ប្រហែល​៦៧​តោន ដែល​ទម្ងន់​កំរិត​កំណត់​អតិបរមា​ត្រឹម​តែ​ចំនួន​៤០​តោន​ប៉ុណ្ណោះ​ ។

​ដូច្នេះ​ រថយន្ត​នេះ​បាន​ដឹក​លើស​កំរិត​ដល់​ទៅ​២៧​តោន (​លើស​ពី​២០%)​។ ដោយឡែក​ ពាក់ព័ន្ធ​នឹង​បច្ចេកទេស​យានយន្ត​វិញ បើ​តាម​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​បាន​អះអាង​ថា រថយន្ត​នេះ​ពុំ​មានការ​កែ​ច្នៃ​ទ្រុង​ខុស​ពី​លក្ខណៈ​បច្ចេកទេស​ទេ តែ​«​ឆៀក​»​រថយន្ត​នេះ ​បាន​ផុត​សុពលភាព​អស់​រយៈ​ពេល​ជាង​០១​ឆ្នាំ​ហើយ​។ ក្រោយ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រូ​ត​ពិនិត្យ និង​រក​ឃើញ​ថា រថយន្ត​នេះ​មាន​កំហុស​​០២​ករណី គឺ​ផ្ទុក​លើ​ទម្ងន់ និង​ឆៀក​ផុត​សុពលភាព​មន្ត្រី​ជំនាញ បាន​សម្រេច​នាំ​យក​រថយន្ត​នេះ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​កន្លែង ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​មា​នទី​តាំងនៅ​ស្រុក​សង្កែ​។

បើ​តាម​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន ដែល​បាន​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា រថ​យន្ត​នេះ ​បាន​ផ្ទុក​លើស​ទម្ងន់​ប្រហែល​២៧​តោន ដែល​នឹង​ត្រូវ​ផាកពិន័យ​ចំនួន​៣០​ម៉ឺន​រៀល​ក្នុង​០១​តោន និង ត្រូវ​ឃាត់​រថយន្ត​ទុក​រយៈពេល​មួយ​ឆ្នាំ​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​កម្ម​សិទ្ធិយក​ទៅ​ធ្វើ​អាជីវកម្ម​ឡើយ​។ ប៉ុន្តែ​គេ​មិន​បាន​និយាយ​អំពី​ «​ឆៀក​» ដែល​ផុត​សុពលភាព​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ តើ​នឹង​ត្រូវ​ផាក​ពី​ន័យ​ដែរ ឬ បែប​ណា​នោះ​ទេ ?

ពាក់ព័ន្ធ​នឹង​រថយន្ត​នេះ​ដែរ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ ល​ល​រថយន្ត​ដឹក​ជី​លើស​ទម្ងន់​នេះ តាម​ពិត​គ្មាន​មន្ត្រី​ជំនាញ​ណា ឬ​មហាជន​នានា​បានដឹង​ជា​មុន​ថា រថយន្ត​យក្ស​នេះ​ដឹក​ជី​លើស​ទម្ងន់​នោះ​ទេ បើ​រថយន្ត​នេះ​មិន​បាក់​សន្ទះ ខូច​ចត​នៅ​លើ​ដងផ្លូវ​បង្ហាញ​ជី​គរ​ដូច​ភ្នំ​នៅ​លើ​ទ្រុង​រថយន្ត ​។ ហើយ​កាន់តែ​គ្មាន​អ្នកដឹង​ទៀត ប្រសិនបើ​អ្នក​សារ​ព័​ត៌​មាន និង​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ថត​យក​ទៅ​បង្ហោះ​ទេ​នោះ​។ លុះ​មានការ​បែកធ្លាយ​ជា​សាធារណៈ ទើប​លេចឮ​ដល់​មន្ត្រី​ជំនាញ​លើកគ្នា​ចុះ​ទៅ​ពិនិត្យ​រថយន្ត​ផ្ទាល់ រហូត​រក​ឃើញ​រថយន្ត​នេះ​ប្រព្រឹត្ត​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង​។

នេះ​ចាត់​ទុក​ថា ជា​រឿង​«​ស៊យ​មហា​សែន​ស៊យ​» នៃ​ម្ចាស់​រថយន្ត ដែល​ធ្លាប់​លោតឆត្រ​ផុត​ពី​ភ្នែក​មន្ត្រី​ជំនាញ​បាន​គ្រប់​ជើង តែ​លើក​នេះ​ប៉ះ​ចំ​ថ្ងៃ​ស៊យ​គ្រប់ទឹក​ល្មម «​ប្រាក់​ក៏​បង់​ថង់​ក៏​ធ្លាយ​» ។ ​

អត្ថបទសរសេរ ដោយ