រាជធានីភ្នំពេញ៖ តំណាងក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន និងម៉ាស្សា-ស្ប៉ា ដែលសុទ្ធតែជាកន្លែងកម្សាន្តមនុស្សពេញវ័យ។ គោលបំណងនៃកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ គឺដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានណែនាំដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រី ដែលបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសវិស័យសេវាកម្សាន្ត ដើម្បីបញ្ជៀសពីការរើសអើង សំដៅលើកកម្ពស់ស្ថានភាពការងារ និងមុខរបរ។
នាកិច្ចប្រជុំនោះ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ផ្តើមពីតួនាទីដ៏មានសារៈសំខាន់របស់ស្រ្តី ក្រសួងទេសចរណ៍ បានចាត់ទុកស្ត្រី គឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធ មិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។
លោកស្រី ហ៊ុន ដានី បានបន្តថា ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍។ ស្ត្រី ត្រូវបានយកចិត្តទុកដាក់ឱ្យទទួលបានការចូលរួម និងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍវិស័យទេសចរណ៍។ ច្បាប់នេះដែរ មិនត្រឹមតែបង្កើតឡើង ដើម្បីធានាការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកថែរក្សាការពារធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ ដើម្បីទាញយកផលប្រយោជន៍ និងបែងចែកផលប្រយោជន៍ពីទេសចរណ៍ប្រកបដោយសមធម៌ ជាពិសេសចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើស្ត្រី និងកុមារ ដែលមានចែងក្នុងមាត្រា ៤៨-៤៩-៥០ ធានាឱ្យស្ត្រី និងកុមារមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសផុតពីការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការជួញដូរ។ល។
ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការនៅតាមសេវាកម្សាន្តទេសចរណ៍ លោកស្រីរដ្ឋលេខាធិការ បានស្នើដល់អភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក្នុងការគ្រប់គ្រងអាជីវកម្មសេវាកម្សាន្តឱ្យមានប្រសិទ្ធភាព រាប់ទាំងសកម្មភាព ការផ្តល់អាជ្ញាបណ្ណ ទាំងសម្បទា និងការរៀបចំ។
លោកស្រីរដ្ឋលេខាធិការ ក៏បានណែនាំដល់នាយកដ្ឋានសេវាកម្សាន្ត ត្រូវសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលតាមគ្រប់រូបភាពដល់បុគ្គលិកដែលប់ម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្ត ម៉ាស្សា-ស្ប៉ា ដើម្បីឱ្យពួកគាត់ មានជំនាញច្បាស់លាស់ ងាយស្រួលក្នុងការប្រកបមុខរបរ បង្កើនប្រាក់ចំណូល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកស្រីរដ្ឋលេខាធិការ ក៏បានណែនាំទៅកាន់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ខិតខំចងក្រងក្រុមនារីក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការចុះអប់រំណែនាំ ការបណ្ដុះបណ្តាល និងការជួយអន្តរាគមន៍ នៅពេលពួកគាត់ជួបប្រទះនូវបញ្ហាប្រឈម។ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក៏ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តម៉ាស្សា-ស្ប៉ាឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកស្រី ហ៊ុន ដានី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួង និងមន្ទីរទេសចរណ៍ ត្រូវសកម្មចុះជួបស្ត្រីដោយផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម ដើម្បីពង្រឹងអនាម័យ ភាពស្អាត សេវាបដិសណ្ឋារកិច្ច និងអប់រំណែនាំ ឱ្យពួកគាត់ស្គាល់ពីសិទ្ធិ និងតួនាទីដ៏មានសារៈសំខាន់របស់ពួកគាត់ ក្នុងវិស័យទេសចរណ៍។
គួរជម្រាបថា អាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅក្នុងប្រទេសកម្ពុជាយើង សរុបមានចំនួន ៩២៨អាជីវកម្ម។ ក្នុងនោះ អាជីវកម្មខារ៉ាអូខេ មានចំនួន ៧៥៩អាជីវកម្ម រង្គសាល-ឌីស្កូតែក មានចំនួន ៦៩អាជីវកម្ម អាជីវកម្មបៀរហ្កាឌិន មានចំនួន ១០០អាជីវកម្ម។ ដោយឡែក អាជីវកម្មម៉ាស្សា-ស្ប៉ា សរុបមានចំនួន ៤១៩អាជីវកម្ម ដែលស្មើនឹង ៣,២២២គ្រែ។ រីឯចំនួនបុគ្គលិកបម្រើការក្នុងអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន សរុបមានចំនួន ២៤,១២៥នាក់ ហើយក្នុងនោះ មានស្រ្តី ១៤,៦៤១នាក់៕ សុខ សារ៉ាយ
![]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ