រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានរាយការណ៍ពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ចចំពោះប្រជាពរដ្ឋ។
![Picture]()
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០២៣នៅក្រសួងសាធារណការ និងដឹកជញ្ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានផ្ដល់ទស្សនាទានជាថ្មីទៀតអំពីការដាក់គោលដៅធ្វើយ៉ាងណាឱ្យពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ជាជាងខ្លាចប៉ូលិស ឬកងរាជអាវុធហត្ថដែលអនុវត្តច្បាប់។
រូបតំណាងសម្ដេចបន្ថែមថា ពលលរដ្ឋខ្លាចច្បាប់ទើបធានាសុវត្ថិភាពចរាចណ៍បានច្រើន តែបើពលរដ្ឋខ្លាចតែអ្នកអនុវត្តនឹងធ្វើឱ្យការងារនេះឡើងចុះៗដ្បិតបើបន្តឹងខ្លាំងបញ្ហានឹងធូរស្រាល តែបើមានការបន្ថយការរឹតបន្តឹងស្ថានភាពល្មើសចរាចរណ៍ក៏កម្រើកឡើងវិញ។
សម្ដេចមានប្រសសាន៍ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនឹងក្លាយជាយន្តការថ្មីមួយទៀត ដើម្បីបង្ខំឱ្យពលរដ្ឋខ្លាចច្បាប់ ដើម្បីធានាសុវត្ថិភាពដូចជា យន្តការដកបណ្ណបើកបរក្នុងករណីស្រវឹង ឬមានសាធាតុញៀ.នជាដើម។
![Picture]()
ជាមួយគ្នានោះដែរ សម្ដេចក៏លើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍អំពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ។ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិពង្រឹងការត្រួតពិនិត្យឯកសារឆៀករថយន្ត ដោយអាចពិចារណាធ្វើប្រតិបត្តិការឆ្មក់តាមគោលដៅ ប៉ុន្តែមិនត្រូវឱ្យការងារនេះក្លាយជាកុងត្រួលជជុះជាដាច់ខាត។
![Picture]()
សម្រាប់ទីតាំងកែច្នៃយានយន្តគ្មានអាជ្ញាបណ្ណក៏ត្រូវបិទជាបន្ទាន់ ហើយចាត់វិធានការទៅតាមផ្លូវច្បាប់ និងអនុញ្ញាតឱ្យដំណើរការឡើងវិញ ប្រសិនបើបានរៀបចំត្រឹមត្រូវតាមច្បាប់ និងក្បួនបច្ចេកទេស។សម្ដេចក៏បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រុមហ៊ុន ឬអាជីវករលក់ម៉ូតូថែមជូនមួកសុវត្ថិភាពដល់អ្នកទិញ ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមចំណែកបណ្ដុះវប្បធម៌គោរពច្បាប់ និងគិតពីសុវត្ថិភាព។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការត្រួតពិនិត្យអ្នកជិះម៉ូតូសរុបមាន ១១៥៨០១គ្រឿងក្នុងនោះមិនពាក់មួកសុវត្ថិភាពដោយឃាប់បង្ខំឱ្យរកមួកមកពាក់មុននឹងពិន័យមានចំនួន៩៤ភាគរយនៃចំនួនករណីល្មើសសរុប។ ដោយឡែកការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៧៣ លេខ៤១ លេខ៤៤ និងផ្លូវជាតិលេខ៥១ បានរកឃើញរយន្តល្មើស និងពិន័យសរុបចំនួន ១២ ៥៤០គ្រឿងស្មើ១២.៧៣៤ករណី។
![Picture]()
ដោយឡែកដំណើរការសាកល្បងដកពិន្ទុអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានត្រួតពិនិត្យដកពិន្ទុបណ្ណបើកបរសរុប ៨ ៥១៣នាក់ ក្នុងនោះមានស្ត្រី៥៨៨នាក់ រថយន្តធុនស្រាល៧ ៤៧៧ គ្រឿង។ ក្នុងចំណោមករណីល្មើសចំនួន៧៥៧៩ ករណី សមត្ថកិច្ចបានដកពិន្ទុសរុប១០ ១៦២ពិន្ទុ ក្នុងនោះរថយន្តធុនធ្ងន់មាន១០៣៦ គ្រឿង ពន្ទុដកសរុបជាង ៦៦៥ពិន្ទុ។យ៉ាងណាក៏ដោយ ក៏មានអ្នកដកពិន្ទុត្រូវបានបំពេញឱ្យវិញផងដែរ៕
ចែករំលែកព័តមាននេះ