រាជធានីភ្នំពេញ ៖ ខណៈទីផ្សារឡានថ្មីកំពុងតែផុលផុសដោយឡានខ្លះមានតម្លៃចូលដល់ខ្ទង់លានដុល្លារ ប៉ុន្តែទីផ្សារឡានចាស់នៅក្នុងស្រុកក៏នៅតែមានដោយឡានប្រភេទខ្លះចូលខ្ទង់ម៉ឺនដុល្លារដែរ ជាពិសេស គឺពពួកឡានដែលគេពេញនិយមសម័យមុនដូចជា មែសឺដេស តូយូតាឡង់គ្រីស័រ ឡេនរ៉ូវ័រ ឌីហ្វែនឌ័រ ចាស់ៗជាដើម។
ក្រៅពីឡានមូដែលល្បីៗរបស់អាល្លឺម៉ង់ ជប៉ុន និងអង់គ្លេសទាំងនេះ សូម្បីតែពពួកឡានជំនាន់សហភាពសូវៀត ដូចជា ឡានឡាដា កាម៉ង់ការ ជាដើមក៏មានអ្នកទិញដែរឲ្យតែឡានទាំងអស់នោះនៅរក្សាទម្រង់និងរូបរាងជាឡាន ហើយតម្លៃ គឺគេអាចចរចាគ្នាទៅតាមសភាព និងទម្រង់ដើមរបស់ឡាន ដើម្បីយកមកជួសជុល ហើយប៉ះប៉ូវកន្លែងដែលខូចខាត និងដាក់លក់ជូនក្រុមអ្នកនិយមប្រើឡានចាស់ៗនៅក្នុងតម្លៃមួយដ៏សមរម្យ។
រូបតំណាងសម្រាប់ឡានចាស់ដូចជា មែសឺដេស តូយូតាឡង់គ្រីស័រ ឡេនរ៉ូវ័រ ឌីហ្វេនឌ័រចាស់ៗនេះ នៅពេលជួសជុល និងតុបតែងឡើងវិញដូចជាទម្រង់ដើមសុទ្ធសាធតម្លៃ គឺមិនថោកនោះទេ ហើយឡានដែលយើងកំពុងតែប្រើសម័យនេះ អាចមានតម្លៃថោកជាងផងដែរ។ដោយឡែក ដូចជា ពពួកឡានឡាដា កាម៉ង់ការ ជាដើម អាចរកបាននៅក្នុងតម្លៃប្រហាក់ប្រហែលពី ៣.០០០ទៅ៥.០០០ដុល្លារ។
ឡានចាស់ៗទាំងអស់នេះមានទីផ្សារសម្រាប់អ្នកដែលមានប្រាក់ហើយភាគច្រើនចង់អភិរក្ស និងប្រើរបស់ចាស់ៗ ដើម្បីជាការបំពេញអារម្មណ៍ស្រលាញ់ចូលចិត្តខ្លួនឯង ឬក៏សណ្ឋាគារសម្រាប់អ្នកទេសចរ ។
រូបតំណាងនេះគឺជាតម្លៃឡានចាស់សម័យមុនអាចថា ពពួកឡានដែលប្រើប្រាស់តាំងពីសម័យខ្ទង់ទស្សវត្សរ៍នៃឆ្នាំ១៩៩០ចុះ ខណៈឡានសម័យទស្សវត្សរ៍១៩៩០ ឡើងក៏នៅតែមាន ហាងឆេងដែរ ហើយក៏នៅតែមានទីផ្សារ ប៉ុន្តែតម្លៃរបស់វារាងដូចជា ធូរថ្លៃបន្តិច ដោយខ្លះមានតម្លៃត្រឹមតែ១.០០០ដុល្លារអីទេ។

ពពួកឡានតូចៗដែលបានបាត់មុខមាត់ពីក្នុងរាជធានីភ្នំពេញដូចជាពពួកឡានកូរ៉េមូដែល ដែលយើងនិយម និងស្គាល់ថាទីកូ គឺសឹងតែបាត់អស់ពីរាជធានី ប៉ុន្តែយើងអាចឃើញច្រើននៅខេត្តព្រះសីហនុ ប៉ុន្តែមិនបានរក្សារូបរាង និងទ្រង់ទ្រាយដូចដើមឡើយ។វាត្រូវបានកែច្នៃរូបរាងទៅជាឡានសម្រាប់ដឹកអ្នកទេសចរ។ឡានទាំងនេះត្រូវបាន គេទិញនៅក្នុងតម្លៃថោក គឺត្រឹមតែ៥០០ទៅ១.០០០ដុល្លារ ហើយកែច្នៃលក់ចេញពី១.០០០ ទៅ១.៥០០ ដុល្លារឬអាចលើនេះបន្តិចបន្តួច ។
ដោយឡែកឡានតូយូតាដែលល្បីកាលពីចុងទស្សវត្សរ៍នៃឆ្នាំ១៩៩០ និង២០០០ ដូចជាពពួក រថយន្តតូយូតា កូរ៉ូឡាមូដែល ពី១៩៩៣ ដល់ ១៩៩៥ ក៏ដូចជាតូយូតាមកាមឺរីមូដែល១៩៩៣ ដល់១៩៩៥ ដែលយើងនិយមហៅថា អាកាមឺរី ហើម ក៏នៅមានទីផ្សារទិញលក់ និងប្រើប្រាស់នៅក្នុងជីវភាពរស់នៅធម្មតា គ្រាន់តែតម្លៃរបស់វាចន្លោះពី១.៥០០ទៅ៣.០០០ដុល្លារ ហើយប្រសិនឡាននោះនៅស្អាតល្អ គឺអាចបានតម្លៃល្អជាងនេះក៏មាន។សរុបសេចក្តីទៅមនុស្សម្នាក់ៗមានអារម្មណ៍ផ្សេងៗគ្នា រីឯរស់និយមនៅក្នុងសង្គម និងជីវភាពរស់នៅក៏ផ្សេងគ្នាផងដែរ ដូច្នេះឃើញគេប្រើឡានចាស់មិនមែនបញ្ជាក់ថា គេនោះមានជីវភាពយ៉ាងណាបានឡើយ ។

ឡានថ្មីក៏ដោយចាស់ក៏ដោយ គឺនៅតែជាឡាន ប៉ុន្តែសំខាន់នៅពេលដែលធ្វើចរាចរណ៍នៅលើទ្រូងផ្លូវសូមគោរពច្បាប់ចរាចរណ៍ ហើយត្រូវតែត្រួតពិនិត្យ និងបំពាក់ឧបករណ៍បច្ចេកទេសសុវត្ថិភាពរថយន្តតាមស្តង់ដាផលិតកម្មរបស់ឡានឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ប្រការសំខាន់មួយទៀត គឺការបើកបរដោយគោរពច្បាប់ចរាចរណ៍ និងយោគយល់ គោរពសិទ្ធិអទិភាព គំនូសចរាចរណ៍ ភ្លើងស្តុប ឲ្យបានត្រឹមត្រូវ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ