រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានអះអាងថា គណបក្សប្រជាជនកម្ពុជានឹងបន្តបង្កើនដំឡើងប្រាក់ខែបន្តទៀតដល់មន្ត្រីរាជការ និងកម្មករ បើសិនជាគណបក្សរបស់ខ្លួនជាប់ឆ្នោតក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

ការសន្យារបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការយោធា អ្នកសោធននិវត្តនរ៍ និងកម្មករត្រូវបានដាក់ចូលក្នុងសេចក្តីសម្រេច១១ចំណុចនៃមហាសន្និបាត វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងរយៈពេលពីរថ្ងៃដែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យទី២៩ ខែមករា។

គណបក្សប្រជាជនកម្ពុជាបាននិយាយថា មហាសន្និបាតបានផ្តោតការយកចិត្តទុកដាក់ដោះស្រាយ ជីវភាពប្រជាជនអោយកាន់តែប្រសើរ…គណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញការដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុ.ធ ការកែសម្រួលនិងដំឡើងប្រាក់សោធននិវត្តន៍ និងការដំឡើងប្រាក់ឈ្នួលអប្បបរមានដក់កម្មករនិយោជិតជាដើម។ប៉ុន្តែមិនបានគូសបញ្ជាក់ឡើយថា តើត្រូវឡើងប៉ុន្មានភាគរយជារៀងរាល់ឆ្នាំ។

សេចក្តីសម្រេចនោះក៏បានបញ្ជាក់ផងដែរ ពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ដើម្បីជួយដល់ជនក្រីក្រនានា។គណបក្សប្រជាជនកម្ពុជានឹងបន្តកម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ អនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារ ដែលងាយរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។


ក្រៅពីការយកចិត្តទុកដាក់ដល់ជីវភាពប្រជាជនតាមរយៈគម្រោងដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថមនោះគណបក្សប្រជាជនកម្ពុជាក៏បានប្រកាសការពាររបបរាជនិយម គោលនយោបាយជំរុញកំណើន សេដ្ឋកិច្ច គោលនយោបាយការពារសន្តិភាព ការពារឯករាជ អធិបតីភាព និងបូរណភាពទឹកដី។គណបក្សក៏ប្រកាសពីការប្រកាន់នយោបាយការបរទេសឯករាជដោយផ្អែកលើច្បាប់៕ដោយ សារ៉ាន់

ចែករំលែកព័តមាននេះ