មនុស្សជាង១,០០០នាក់ចូលរួមយុទ្ធនាការ«មួយជំហានគ្មានថង់ផ្លាស្ទិក»
- បាត់ដំបង
ខេត្តបាត់ដំបង៖ មនុស្សយ៉ាងតិចជាង១,០០០នាក់ ដែលភាគច្រើនជាយុវសិស្ស និងមន្ត្រីរាជការ សមាគម រួមទាំងអង្គការនានាមួចំនួនផង បានចូលរួមយ៉ាងផុសផុលក្នុងយុទ្ធនាការ«មួយជំហានគ្មានថង់ផ្លាស្ទិក» នៅព្រឹកថ្ងៃទី ២៩ មករា ក្នុងក្រុងបាត់ដំបង ដែលរៀបចំដោយក្រុមហ៊ុន« ALL DREAMS CAMBODIA» សហការជាមួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរក្រុង និង ខេត្តបាត់ដំបង។

យុទ្ធនាការនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ដែលជាសារដ៏សំខាន់មួយ ទៅកាន់ប្រជាពលរដ្ឋនិង មន្ត្រីគ្រប់លំដាប់ថ្នាក់ឲ្យបានជ្រាប និងចូលរួមកាត់បន្ថយក្នុងការប្រើប្រាស់ផ្លាស្ទិក ការទុកដាក់ផ្លាស្ទិកឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយជាតិពុល។ នេះជាគោលបំណងដ៏សំខាន់នៃយុទ្ធនាការ ដែលលោក ហ្សាក់ គីសង់ឌុយ ប្រធានក្រុមហ៊ុន ALL DREAMS បានថ្លែងទៅកាន់អ្នកចូលរួមជាង១,០០០នាក់ ពេលជួបជុំគ្នានៅក្នុងបរិវេណអង្គការ «ហ្វាពន្លឺសល្បៈ» ខេត្តបាត់ដំបង មុនពេលយុទ្ធនាការ«មួយជំហានគ្មានថង់ផ្លាស្ទិក» នេះចាប់ផ្ដើមចុះទៅតាមគោលដៅនានា ប្រមូលកាកសំណល់ផ្លាស្ទិក នៅក្នុងក្រុងបាត់ដំបង។

នៅចំពោះមុខអ្នកចូលរួម ដែលភាគច្រើនជាយុវសិស្ស និងមន្ត្រីរាជការក្នុងមូលដ្ឋាន និង មកពីតាមស្ថាប័ននានាផង ក្រោមអធិបតិភាព លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត លោក ហ្សាក់ គីសង់ឌុយ ប្រធានក្រុមហ៊ុន ALL DREAMS cambodia បានថ្លែងថា តាមរយៈយុទ្ធនាការនេះ ប្រសិនបើយើងនាំគ្នាសំអាតទីក្រុងឲ្យបានស្អាតល្អ យើងនឹងធ្វើឲ្យវិស័យទេសចរណ៏មានសន្ទុះកាន់តែខ្លាំង ក្រោយពីបាត់បង់ស្ទើរគ្រប់បែបយ៉ាង នៅក្នុងអំឡុង«កូវីដ ១៩»។

ដូច្នេះ បើទីក្រុងយើងស្អាត បរិស្ថានល្អ ពលរដ្ឋក៏៏មានសុខមាលល្អ ហើយភ្ញៀវទេសចរណ៏ក៏មានកាន់តែច្រើនឡើង ចូលមកទស្សនាខេត្តបាត់ដំបង។ លោកឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត ដែលតំណាងឲ្យលោកអភិបាលខេត្ត និង ពលរដ្ឋនៅក្នុងខេត្តទាំងមូល បានបង្ហាញនូវការគាំទ្រទាំងស្រុង ចំពោះយុទ្ធនាការនេះ បើទោះជាខេត្តវ័យចំណាស់មួយនេះ ទើបទទូលបានចំណាត់ថ្នាក់លេខ១ ដែលមានទីក្រុងស្អាតប្រចាំតំបន់អាស៊ានក្ដី។

លោកឆាយ ម៉ាទីណាល់ បានថ្លែងទៅកាន់អ្នកចូលរួមថា យុទ្ធនាការ«មួយជំហានគ្មានថង់ផ្លាស្ទិក» ដែលរៀបចំឡើងដោយក្រុមហ៊ុនរបស់លោក ហ្សាក់ គីសង់ឌុយ ខាងលើនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយសំអាតបរិស្ថាន ធ្វើឲ្យទីក្រុងស្អាត។ បន្ថែមលើនេះ យុទ្ធនាការនេះ មានចំណែកធំធេងណាស់ក្នុងការជួយលើកស្ទូយដល់វិស័យទេសចរណ៏នានា នៅក្នុងខេត្តបាត់ដំបង។

ជាមួយនឹងការស្វាគមន៏ ចំពោះយុទ្ធនាការសំអាតសំណល់ផ្លាស្ទិកនេះ លោកអភិបាលរងខេត្ត ក៏បានចម្រុញផងដែរឲ្យមានការធ្វើយុទ្ថនាការបែបនេះឲ្យបានញឹកញ៉ាប់ ប្រសិនបើក្រុមហ៊ុនខាងលើអាចធ្វើបាន ដើម្បីទីក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ឲ្យចូលមកទស្សនាខេត្តបាត់ដំបង កាន់តែច្រើន ខណៈគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាល បានប្រកាសបើកឡើងវិញ ស្ទើរគ្រប់វិស័យ ជាពិសេស«វិស័យទេសចរណ៏» នេះតែម្ដង ក្រោយ«កូវិដ ១៩» វាយប្រហារយ៉ាងចាស់ដៃ នាប៉ុន្មានឆ្នាំកន្លងទៅនេះ។

យ៉ាងណាក្ដី លោក ហ្សាក់ គីសង់ឌុយ ប្រធានក្រុមហ៊ុន ALL DREAMS cambodia បានបញ្ជាក់អំពីប្រវត្តិដំណើរការ នៃក្រុមហ៊ុនរបស់លោកថា យុទ្ធនាការ«មួយជំហានគ្មានថង់ផ្លាស្ទិក» របស់ក្រុមហ៊ុនលោកនេះ បានបង្កើតឡើង នៅក្នុងអំឡុងខែ កក្កដា ឆ្នាំ២០២២។ យុទ្ធនាការនេះ បានធ្វើរួចជាបន្តបន្ទាប់ទៅលើខេត្តជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយថ្ងៃនេះ (២៩ ០១ ២៣) យើងបានបើកយុទ្ធនាការនេះនៅលើទឹកដីខេត្តបាត់ដំបង ក្រោយយុទ្ធនាការនេះ ទើបបិទបញ្ចប់នៅរាជធានីភ្នំពេញ៕









ចែករំលែកព័តមាននេះ