ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល​ផ្លូវ​ក្រាល​កៅស៊ូ​ធំ​ទូលាយ​… ដល់​ពេល​ចាក់​បេតុង បែរជា​បង្រួម​តូច

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ ក៏​ដូច​ជា​អ្នកលេង​បណ្ដាញ​សង្គម​បាន​ផុស​រូបភាព​នៃ​ការ​ចាក់​បេតុង​បង្រួម​ផ្លូវ​ឱ្យ​តូច​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ចេញពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់​ឃុំ​ក្នុ​ល​សែន​ជ័យ ដែល​កាលពីដើម​ឡើយ​មាន​ត្រឹមតែ​ដាក់​ធុង​កៅស៊ូ​តេ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ពួក​គាត់​ដែល​មាន​រថយន្ត​ធន់​ធំ​សម្រាប់​ដឹក​ជញ្ជូន​ស្រូវ អង្ករ មិន​អាច

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ដំណើរ ក៏​ដូច​ជា​អ្នកលេង​បណ្ដាញ​សង្គម​បាន​ផុស​រូបភាព​នៃ​ការ​ចាក់​បេតុង​បង្រួម​ផ្លូវ​ឱ្យ​តូច​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ចេញពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់​ឃុំ​ក្នុ​ល​សែន​ជ័យ ដែល​កាលពីដើម​ឡើយ​មាន​ត្រឹមតែ​ដាក់​ធុង​កៅស៊ូ​តេ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ពួក​គាត់​ដែល​មាន​រថយន្ត​ធន់​ធំ​សម្រាប់​ដឹក​ជញ្ជូន​ស្រូវ អង្ករ មិន​អាច​បើកបរ​បាន​។

បងប្អូន​នៅ​ក្នុង​បណ្ដាញ​សង្គម ក៏​ដូច​ជា ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ធ្វើ​ដំណើរ ពិសេស​អ្នក​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ បាន​លើក​ជា​សំណួរ​ថា ៖ ហេតុ​អី្វ​មន្ត្រី​ជំនាញ​ចាំបាច់​ត្រូវ​ចាក់​បេតុង​បង្រួម​ផ្លូវ​ឲ្យ​តូច​បែប​នេះ? ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ដល់​រថយន្ត​ធុន​ធំ ដឹក​ជញ្ជូន​ស្រូវ​អង្ករ​ជាដើម​។ ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​មាន​បញ្ហា​អគ្គិភ័យ​កើតឡើង តើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ត្រូវ​ឆ្លងកាត់​ផ្លូវ​នោះ អាច​បើកបរ​ឆ្លង​បាន​ទេ? តែបើ​ឆ្លងកាត់​បាន​ក៏​ត្រូវ​បង្អង់​ល្បឿន និង​បើក​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​ផ្លូវ​តូច​ពេក ។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​ហានិភ័យ​ខ្ពស់​អាច​នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ផង​ដែរ​។

ដោយឡែក មន្ត្រី​យោធា​មួយ​រូប បាន​ប្រតិកម្ម​នៅ​ក្នុង​តេ​ឡេ​ក្រាម​គ្រុប​របស់​ខ្លួន​ថា​៖ គាត់​ជា​អ្នក​ចុះ​មូលដ្ឋាន​នៅ​ទីនោះ ប្រជាពលរដ្ឋ​បាន​ប្រតិក​មម្ម​ខ្លាំង​ណាស់ អ្នក​ឃុំ​បន្ទាយ​ព្រាល ដែល​មាន​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ គ្នា​បើក​ចេញចូល​តាម​ផ្លូវ​ណា ឬ​មួយ​ត្រូវ​ទុក​រថយន្ត​តាំង​ពិ​រ​ពណ៌? ។

ក្រោយ​ផ្ទុះ​ប្រតិកម្ម​ផ្ទួន​ៗ​គ្នា​ក្នុង​បណ្ដាញ​សង្គម​បែប​នេះ លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ បាន​បញ្ជាក់​តាម​តេ​ឡេ​ក្រាម​របស់​ខ្លួន​ថា ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ កសាង​ឡើង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ កាល​មុន​ដាក់​ផ្លូវ​បង្រួម​តូច​ត្រឹមតែ​ធុង​កៅស៊ូ​ប៉ុណ្ណោះ យើង​នៅ​អាច​បើកបរ​បាន​ស្រួល លុះ​ពេល​មន្ត្រី​ជំនាញ​ចាប់ផ្តើម​ចាក់​បេតុង​បង្រួម​ឲ្យ​តូច លោក​បាន​ស្នើ​សុំ​ទុក​ប្រឡោះ​បាន​២​ម៉ែត្រ​កន្លះ​ដែរ ប៉ុន្តែ​ពេល​ចាក់​រួច នៅ​សល់​ត្រឹមតែ​២​ម៉ែត្រ​៤០​តែ​ប៉ុណ្ណោះ​។​តាម​លោក​ដឹង គឺ​ដើម្បី​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​លើ​ចំណុះ​បើក​ចូល​តាម​ផ្លូវ​នេះ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៥៣ នៅ​ចំណុចដើម​ចំបក់ និង​បន្ត​ទៅ​កាន់​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ដោយឡែក លោក ជិន រ​ដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​វិញ បាន​បញ្ជាក់​ថា ការ​ធ្វើ​ផ្លូវ​បង្រួម​តូច​នេះ គឺ​សម្រាប់​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់ ដឹក​លើស​ចំណុះ​ឆ្លងកាត់​ធ្វើ​ឲ្យ​ខូច​ផ្លូវ ព្រោះ​ផ្លូវ តែ​ខូច​ហើយ​មិនមែន​លំបាក​មន្ត្រី​ជំនាញ​ទេ គឺ​លំបាក​បងប្អូន អ្នក​ធ្វើ​ដំណើរ​។ កន្លង​មក មន្ត្រី​ជំនាញ​របស់​លោក​បាន​ឃាត់​រថយន្ត​ដែល​ដឹក​លើស​ចំណុះ​តាម​ផ្លូវ​នោះ ឃើញ​ថា គ្មាន​ឯកសារ​អ្វី​ទាំងអស់ ដែល​បញ្ជាក់​ថា ពួក​គេ​បាន​បើក​គេច​នឹង​មន្ត្រី​ជំនាញ និង​គេច​ពី​គយ​ផង​ដែរ​។ ការ​ធ្វើ​បែប​នេះ គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​រថយន្ត​ធន់​ធ្ងន់​ឆ្លងកាត់ ដើម្បី​ឱ្យ​ផ្លូវ​មួយ​ខ្យែ​នេះ បងប្អូន​បាន​ប្រើប្រាស់​យូ​អង្វែង​។ ម្យ៉ាងវិញទៀត ត្រឹម​ធំ​ល្មម​ៗ​ក៏​អាច​បើក​បាន​ដែរ​តើ? ចំណែក​កន្លែង​ចាក់​បេតុង​នោះ​ទៀត ក៏​មាន​លាបថ្នាំ​ពណ៌ ដាក់​ចំណាំងផ្លាត និង​អំ​ពូ​លសឡា សម្រាប់​បំភ្លឺ​នៅ​ពេល​យប់​ផង​ដែរ​។

ទោះ​យ៉ាងណា ការ​ធ្វើ​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​អាក់អន់ស្រពន់ចិត្ត ព្រោះថា​ពួក​គាត់ ជួប​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវ​អង្ករ ហើយ​មាន​ហានិភ័យ​លើ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ