ខេត្តកំពង់ស្ពឺ ៖ នគរបាលខេត្តកំពង់ស្ពឺបានប្រគល់ជនសង្ស័យដែលធ្វើសកម្មភាពលួចរថយន្តរបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញព្យាយាមបើករត់គេចមកដល់ស្រុកឱរ៉ាល់ត្រូវបាននគរបាលស្រុកឱរ៉ាល់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឃាត់បាន។

ការប្រគល់ជនសង្ស័យលួចរថយន្តពីខេត្តកំពង់ស្ពឺទៅឱ្យនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ។
បើយោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីតាប់ លន ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍តាមវិទ្យុទាក់ទងក្នុងករណីចោរកម្មកំពុងដេញប្រផាប់ចាប់ប្រភីង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ អធិការស្រុកសំរោងទង កម្លាំងអធិការនគរបាលក្រុងច្បារមន និងកម្លាំងការិយាល័យសណ្ដាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេញបន្តរហូតដល់ចំណុចភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទើបធ្វើការបង្ក្រាបជនសង្ស័យបាន។

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងករណីចោរកម្ម(លួចរថយន្ត)មានឈ្មោះ ឯម ហុងគ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយឃាត់ដកហូតបានរថយន្តម៉ាក KIA MORNING ពណ៌បៃតង ពាក់ផ្លាកលេខ 2AW.0385 ស៊េរីឆ្នាំ២០០៥។ លោកអធិការនគរបាលស្រុកឱរ៉ាល់បានបន្តទៀតថា ក្រោយឃាត់ខ្លួនរួមជាមួយវត្ថុតាងសួរនាំរួចក៏បានប្រគល់ជនសង្ស័យ និងរថយន្តខាងលើទៅឲ្យលោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យជាម្ចាស់ករណី ដើម្បីយកទៅបន្តនីតិវិធី។

ប៉ុន្តែដោយសារតែរថយន្តខាងលើត្រូវជនសង្ស័យបើកបុកប៉ះទង្គិចមានការខូចខាតបែកកង់បែកធុងទឹកដាច់កាងខាងមុខ ម៉ស៊ីនលែងដំណើរការយកទៅមិនបានហើយក៏បានផ្ញើទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ជាបណ្ដោះអាសន្នសិនរង់ចាំជួសជុល និងយកទៅពេលក្រោយ៕

ចែករំលែកព័តមាននេះ