ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បើក​ការដ្ឋាន​ជួសជុល​រាន​ហាល​​របស់​ប្រាសាទបុរាណ​បន្ទាយសំរែ ដើម្បី​ឱ្យ​រួច​ផុត​ពី​ហានិភ័យ

1 ឆ្នាំ មុន
  • សៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អង្គការ GIZ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្វើ​ពិធីសែនព្រេន​តាម​បែប​ជំនឿ​សាសនា សុំ​សេចក្តីសុខ ក្នុង​ការ​រៀបចំ​បើក​ការដ្ឋាន​ជួសជុល​រានហាល​ផ្នែក​ខាងកើត របស់​ប្រាសាទបន្ទាយសំរែ

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អង្គការ GIZ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ធ្វើ​ពិធីសែនព្រេន​តាម​បែប​ជំនឿ​សាសនា សុំ​សេចក្តីសុខ ក្នុង​ការ​រៀបចំ​បើក​ការដ្ឋាន​ជួសជុល​រានហាល​ផ្នែក​ខាងកើត របស់​ប្រាសាទបន្ទាយសំរែ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣​។

លោក ឡុ​ង ណា​រី អ្នកជំនាញ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា បាន​មាន​ប្រសាសន៍​ថា ពិធីសែនព្រេន​នេះ ក្នុង​បំណង​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​រានហាល​ខាងកើត​របស់​ប្រាសាទបន្ទាយសំរែ ដើម្បី​ធ្វើការ​ជួសជុល​ឱ្យ​រួច​ផុត​ពី​ហានិភ័យ និង​រក្សា​ទុកជា​កេរដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​យូរអង្វែង​តទៅ​ទៀត​។

លោក ឡុ​ង ណា​រី មាន​ប្រសាសន៍​ទៀត​ថា រានហាល​ផ្នែក​ខាងកើត​នៃ​ប្រាសាទបន្ទាយសំរែ ដែល​កសាង​​ឡើង​អំពី​ថ្មភក់ តាំងពី​អំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ កំពុង​រង​ការ​ខូចខាត​មួយ​ចំនួន​ដូច​ជា គ្រឹះ​ខាងក្រោម​បាន​ស្រុត មានការ​បាត់​ថ្ម​ខ្លះ​ៗ និង​កន្លែង​ខ្លះ​ទៀត​មាន​ចន្លោះ​ប្រហោង​ច្រើន បង្កាន់ដៃ​នាគ​មាន​ស្នាម​បាក់​ស្ទើរ​ទាំងអស់ រីឯ​ចម្លាក់​តោ​ក៏​មានការ​ខូចខាត​ខ្លះ​ដែរ​។

ក្នុង​ការ​បើក​ដំណើរការ​ជួសជុល​រានហាល​របស់​ប្រាសាទបុរាណ​បន្ទាយសំរែ នេះ​ដែរ ក៏​មានការ​បង្ហាត់បង្រៀន​ដល់​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ដែល​មក​ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ និង​សាកលវិទ្យាល័យ​អង្គរ ក្នុង​ខេត្តសៀមរាប​ចំនួន​២០​នាក់ ឱ្យ​យល់​ដឹង​អំពី​សំណង់​បុរាណ និង​កិច្ចការ​អភិរក្ស​ថ្ម​ជាមួយ​ក្រុម​អ្នកជំនាញ នៃ​អង្គការ​អា​ល្លឺ​ម៉​ង់ ដែល​កំពុង​តែ​បំពេញការងារ​នៅ​ឯ​ប្រាសាទ​សំរែ​ផង​ដែរ​។

ក្រុម​និស្សិត​ទាំងនោះ នឹង​ត្រូវ​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ការដ្ឋាន ដោយ​ផ្តោត​ទៅ​លើ​ការ​គូស​ប្លង់​បាត រចនា​សម្ពន្ធ​គ្រឹះ​ប្រាសាទ ដើម្បី​ឱ្យ​ចេះ​ពី​របៀប​ជួសជុល​ចម្លាក់​ថ្ម​ប្រាសាទ ស្គាល់​ពី​ថ្ម​ដែល​នៅ​រាយ​ប៉ាយ សិក្សា​គម្លាត​របស់​ថ្ម និង​ឱ្យ​ចេះ​សង្កេត​ពី​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ