រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាគ្មានបណ្ដេញនរណាម្នាក់ចេញពីក្របខណ្ឌរដ្ឋដោយសារជំនឿសាសនាឡើយ ផ្ទុយទៅវិញកម្ពុជាប្រឆាំងការរើសអើង និងជម្លោះសាសនា។
![Picture]()
សម្តេចតេជោ បានថ្លែងក្នុងនាឱកាសអញ្ជើញអបអរសាទរខួប១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅបរិវេនកោះពេជ្រ យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលក៏ប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។
ជាមូយគ្នានោះដែរ សម្ដេចតេជោ បន្ដថា កម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកដែលបណ្ដាប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា។
![Picture]()
ចំពោះអ្នកកាន់គ្រិស្តសាសនាសម្ដេចតេជោ គុសបញ្ជាក់ថា«នៅក្នុងពិធីនេះ ពិតជាមានមន្ដ្រីរាជការ ឬកងកម្លាំងប្រដាប់អាវុ.ធគ្រប់ផ្នែកដែលមានជំនឿទៅក្នុងគ្រិស្ដសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នាដែលបានឃើញថា នៅកម្ពុជានេះបានបណ្ដេញពីក្របខ័ណ្ឌរដ្ឋ ឬក៏បណ្ដេញអ្នកពីនេះ អ្នកនោះចេញពីទីនេះចេញពីទីនោះ ដោយសារតែជំនឿនោះឬទេ?ពិតជាគ្មានឡើយ នៅក្នុងពេលវេលាដែលយើង បានឆ្លងកាត់ក្នុងរយៈពេលជាង៤៤ឆ្នាំកន្លងទៅនេះ»។
សម្ដេចតេជោ បានលើកឡើងថា កម្ពុជាតែងតែផ្ដល់លទ្ធភាពគ្រប់យ៉ាង ហើយគ្រប់មនុស្សអាចជឿសាសនាណាក៏បាន។ កម្ពុជាក៏ប្រឆាំងការរើសអើង និងមិនត្រូវឲ្យមានជម្លោះសាសនាកើតឡើងនោះទេ។
![Picture]()
រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាព ខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់ក្រុមនិកាយសាសនា។ សម្ដេចតេជោ បន្ថែមថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាពនានាពាក់ព័ន្ធធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគោរពសាសនា។
សម្ដេចបញ្ជាក់ថា «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាជាតិ និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ»។ សម្ដេចតេជោ បញ្ជាក់ថា «យើងត្រូវរួមគ្នា ដើម្បីថែរក្សាសន្ដិភាពដែលយើងរកបានដោយលំបាកនេះ ហើយពាក្យអរគុណសន្ដិភាព បាន និងកំពុងលឺទូទាំងព្រះរាជាណាចក្រកម្ពុជា។ តើអ្នកទាំងអស់គ្នានៅទីនេះ ទោះបីមានចំនួនមិនច្រើនដូចព្រះពុទ្ធសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នាបាន និងកំពុងឃើញអ្នកដែលកាន់គ្រិស្តសាសនានៅប្រទេសអ៊ុយក្រែនឬទេ? ហើយតើបានឃើញសោកនាកម្មដែលបានកើតចំពោះ ប្រទេសដែលមានសង្គ្រាម ហើយក្នុងនោះគ្រិស្តសាសនា ក៏បានរងទុក្ខវេទនាផងដែរ»។
![Picture]()
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កម្ពុជានៅក្រោមម្លប់នៃសន្ដិភាពដែល និងកំពុងទទួលផលពីសន្ដិភាពនេះត្រូវប្រើប្រាស់ឱ្យអស់សក្តានុពលនៃសន្ដិភាព ដើម្បីធានាដល់ការអភិវឌ្ឍរបស់កម្ពុជា។
សម្ដេចថា បើមើលបណ្ដាប្រទេសមួយចំនួនឃើញថា ជម្លោះសាសនា បានកើតឡើងយ៉ាងរាំរ៉ៃដែលមិនអាចដោះស្រាយបានដែលបញ្ហានេះមិ នងាយធ្វើនោះទេ ប៉ុន្ដែសម្រាប់កម្ពុជាអាចធ្វើបានដោយមានការចូលរួមពីគ្រប់សាសនាទាំងអស់ ដូច្នេះបង្ហាញឱ្យឃើញថា គ្រប់សាសនាទាំងអស់នៅកម្ពុជា មានការរីកចម្រើន និងរួមរស់ជាមួយគ្នា ប្រកបដោយការ យោគយល់គ្នាទៅវិញទៅមក។
![Picture]()
សម្ដេចតេជោ ក៏បានផ្ដាំដល់ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទទាំងអស់ត្រូវសហការសាមគ្គីគ្នាមានឯកភាពផ្ទៃក្នុងតែមួយក្នុងសង្គមគ្រិស្តបរិស័ទ មានទំនាក់ទំនងល្អ ក្នុងសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ដោយមិនត្រូវឱ្យមានការបែកបាក់ណាមួយនៅក្នុងសហគមន៍គ្រិស្តបរិស័ទនោះទេ៕
ចែករំលែកព័តមាននេះ