ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីហិ.ង្សាមួយបង្កឡើងដោយភិក្ខុ នួន ឆាយនី ដែលត្រូវជាគ្រូសូត្រឆ្វេងនៅវត្តទ្រព្យគរ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ហើយភិក្ខុរូបនោះបានវា.យកូននេននឹងចានបាយ បណ្ដាលឱ្យបែកព្រះកេសរងរបួស មូលហេតុក្រោមហេតុផលអប់រំប្រដៅណែនាំ។ ក្រោយពីកើតមានហេតុការណ៍បែបនេះហើយ ភិក្ខុសង្ឃអង្គនោះក៏ត្រូវបានសាលាអនុគណស្រុកបាទី ចាប់ផ្សឹក និងប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់តែម្តង។
![Picture]()
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សាលាគណៈខេត្ត ដែលបានបង្ហោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីហិ.ង្សាមួយលើសាមណេរ ដោយភិក្ខុ នួន ឆាយនី ព្រះជន្ម៣២ឆ្នាំ បានយកចានវា.យព្រះកេសសាមណេរ១អង្គ បណ្ដាលឱ្យមានរបួស កាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ ករណីនេះ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុអង្គនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយបន្តតាមច្បាប់។
![Picture]()
គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីព្រះសង្ឃគង់នៅក្នុងវត្តជាមួយគ្នា បានប្រាប់អំពីមូលហេតុដែលនាំឱ្យមានអំពើហិ.ង្សានេះកើតឡើង គឺដោយសារតែភិក្ខុ នួន ឆាយនី ខឹងក្រោធជាមួយ នេន វុធ ដែលបានយកសម្លសាមណេរដូចគ្នាមកឆាន់ ហើយភិក្ខុអង្គនេះ ឃើញហើយក៏ខឹងក្រោធ ទើបវា.យព្រះកេសនេនអង្គនោះ ហើយក៏បានយកចានបាយទាបធ្វើអំពីថ្ម វា.យពីរទៅបីចាន បណ្តាលឱ្យរងរបួសត្រង់ព្រះកេសចំនួន៣កន្លែង គឺនៅចំហៀងខាងឆ្វេងប្រវែង៤សង់ទីម៉ែត្រមួយកន្លែង, របួសត្រង់ព្រះកេសពីលើប្រវែង៥សង់ទីម៉ែត្រមួយកន្លែង និងរងរបួសត្រង់លើចិញ្ចើមចំហៀងខាងឆ្វេង ប្រវែង១សង់ទីម៉ែត្រទៀត ហើយត្រូវបានគ្រូពេទ្យដេរអស់ចំនួន៧ថ្នេរផងដែរ។
![Picture]()
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ វេលាម៉ោង៧ព្រឹក កម្លាំងនគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងសាប បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ