ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​វិមាន​រំ​ឮ​ក​ដល់​អ្នក​ស្លា.ប់​ក្នុង​សង្គ្រាមលោក​លើក​ទី​១​ឡើង​វិញ ក្រោយ​បំផ្លាញ​គ្មាន​សល់​កាលពី​ឆ្នាំ​១៩៧៥

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក អេ​ម៉ា​ញូ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បានសម្រេច​សាងសង់​វិមាន​រំ​ឮ​ក​ដល់​អ្នក​ស្លា.ប់​ក្នុង​សង្គ្រាមលោក​លើក​ទី​១​ឡើង​វិញ​នៅ​សួន​មុខ​ស្ថានទូត​សាធារណរដ្ឋ​បារាំង ក្រោយ​បំផ្លាញ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បំផ្លាញ​កាលពី​ឆ្នាំ​១៩៧៥ ។

ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ឡើង​វិញ​នូវ​រូបសំណាក ​រូប​ពីរ ឬ​វិមាន រំ​ឮ​ក​ដល់​អ្នក​ស្លាប់​ក្នុង​សង្គ្រាមលោក​លើក​ទី​១​នេះ​ឡើង​វិញ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៥​ មក​រា ​ឆ្នាំ​២០២៣ នេះ​ ក្រោម​អធិបតីភាព លោក​ជា សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូបនីយកម្ម និង​សំណង់ លោក​ Olivier – Becht រដ្ឋមន្ត្រី​ប្រតិភូ​អម​រដ្ឋមន្ត្រី​អឺរ៉ុប​និង​កិច្ចការ បរទេស ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​, ភាព​ទាក់ទាញ និង​ជនជាតិ​បារាំង​នៅប្រទេស​នៃ​សាធារណរដ្ឋ​បារាំង លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សួន​មុខ​ស្ថានទូត​សាធារណរដ្ឋ​បារាំង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

លោក​ជា សុ​ផា​រ៉ា បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ការ​សាងសង់​វិមាន​នេះ​ឡើង​វិញ គឺជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់ យុទ្ធ​ជន​ស្ម័គ្រចិត្ត​ខ្មែរ​ចំនួន ១៥១​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោក ចន្លោះ​ពី​ឆ្នាំ​១៩១៦ ដល់​ឆ្នាំ​១៩១៨ នៅ​ប្រទេស​បារាំង​។ បន្ថែម​ពីលើ​នេះ សំណង់​វិមាន​ដែល​នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​នា ពេល​ខាង​មុខ ជា​ការ​បង្ហាញ​នូវ​ចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង កិច្ច​សហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង​ផង​ដែរ​។

លោក​បន្ត​ថា វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោក​លើក​ទី​១ ពី​ឆ្នាំ​១៩១៤​ដល់​ឆ្នាំ​១៩១៨ ជា​ស្តូប​អនុស្សាវរីយ៍ រវាង​ទាហាន​ខ្មែរ​និង​បារាំង ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោក​លើក​ទី​១ អាជ្ញាធរ​បារាំង និង​ឥស្សរជន ខ្មែរ​បាន​ព្រមព្រៀង​គ្នា​សាងសង់​ស្ថ​ប​នេះ​ឡើង​នៅ​វិញ​មួយ​ទល់មុខ ស្ថានទូត​បារាំង ខាងត្បូង​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ កាលពី​ឆ្នាំ​១៩២៥ គឺ​ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោក​លើក​ទី​១ របស់​បារាំង ក្នុង​ការ ដណ្ដើម​យក​ជោគជ័យ​លើ​អា​ល្លឺ​ម៉​ង់ និង​រំលឹក​ដល់​ពលិកម្ម​របស់​កម្ពុជា ក្នុង​ការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង អំឡុង​សង្គ្រាមលោក​លើក​ទី​១ ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ លោក​បាន​ដាក់​សំណើ​ទៅ​សម្ដេច​តេ​ជោ ដើម្បី​សាងសង់​ឡើង​វិញ​នូវ វិមាន​រំលឹក​ដល់​អ្នក​ដែល ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោក​លើក​ទី​១​ពី​ឆ្នាំ​១៩១៤​ដល់​ឆ្នាំ​១៩១៨ និង ទទួល​បានការ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេ​ជោ ហើយ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​តេ​ជោ បាន​ថ្លែង​នៅ​ចំពោះ​មុខ លោក អេ​ម៉ា​ញូ​អែ​ល ម៉ា​ក្រុង ប្រធា​នាធិបតី​បារាំង ក្នុង​ជំនួប​ឯ​វិមាន រដ្ឋាភិបាល​បារាំង អេ​លី​ហ្សេ នៅ​ទី​ក្រុងប៉ារីស​ថា សម្តេច​បាន​អនុញ្ញាត​ឱ្យ មានការ​សាងសង់​វិមាន​នេះ​ឡើង​វិញ​។

រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដួចផ្តើម​គំនិត​ក្នុង​ការ​សាងសង់​វិមាន​នេះ​ឡើង​វិញ ដើម្បី​ជា​ការ​រំលឹក​ដល់​ពលិកម្ម​របស់​កម្ពុជា​ក្នុង​ការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង បារាំង និង​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោក​លើក​ទី​១ របស់​បារាំង​, បង្ហាញ​ពី ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៧៩​មក បាន ខិតខំ​ស្គរ និង​លើក​តម្លៃ​នូវ​រាល់​សមិទ្ធផល​នានា​ដែល​នៅ​សេសសល់ ពី ការ​កម្ទេច​ចោល​របស់​ខ្មែរក្រហម និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ឱ្យ​កាន់តែ​រឹង​មាំ ឋិតថេរ​យូ​អង្វែង​តទៅ​។

លោក​បន្ថែម​ទៀត​ថា​៖ វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោក​លើក​ទី​១ ត្រូវ​រចនា​ឡើង​លើ​ខឿន​ទម្រង់​អដ្ឋ​កោណ និង​មាន ៣​ថ្នាក់ ធ្វើ​អំពី​បេតុង ក្រាល​ថ្ម​ក្រា​នី​ត ដែល​មាន​ទំហំ​ខឿន​សរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែ​ត និង​កម្ពស់​សរុប ១២,៧៤ ម៉ែត្រ​។ ថ្នាក់​ទី​១ កម្ពស់ ១,១០​ម៉ែត្រ លម្អ​ដោយ​សួនច្បារ ថ្នាក់​ទី​២ កម្ពស់ ២,១០ ម៉ែត្រ ថ្នាក់​ទី​៣ កម្ពស់ ៩,៣៧ ម៉ែត្រ បដិមា​ទាហាន​ខ្មែរ​-​បារាំង កម្ពស់​ពី​បាទ​ជើង ដល់​ចុង​ស្លឹក​កន្ទួត ៣,៣៧​ម៉ែត្រ និង​ស្ថិត​នៅ​កម្ពស់ ១២,៧៤​ម៉ែត្រ ពី​កម្រិត​កម្ពស់​សូន្យ រូបសំណាក​សត្វ​តោ​ធ្វើ​អំពី​លង្ហិន ចំនួន​៤ រចនា​តាម​សិល្បៈ​ខ្មែរ​ស្ថិត​នៅ​តាម​ជ្រុង​នៃ​អនុទិស តំណាង​ឲ្យ​ឆ្មាំ​នៃ​អនុទិស​ទាំង​៤​។

លោក​Olivier – Becht បាន​មាន​ប្រសាសន៍​ឡើង​ផង​ដែរ​ថា​៖ បារាំង​ទទួល​បាន​ជ័យ​ជំ​នៈ​នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​ឆ្នាំ​១៩១៨ យើង​មិន​ភ្លេច​ចំពោះ​អ្នក​បាន​ពលី ក្នុង​ភ្លើងសង្គ្រាម​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប
អាជ្ញាធរ​បារាំង និង​ឥស្សរជន ខ្មែរ​បាន​ព្រមព្រៀង​គ្នា​សាងសង់​ស្ថ​ប​នេះ​ឡើង​នៅ​វិញ​មួយ​ទល់មុខ ស្ថានទូត​បារាំង ខាងត្បូង​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ កាលពី​ឆ្នាំ​១៩២៥ ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោក​លើក​ទី​១ របស់​បារាំង ក្នុង​ការ ដណ្ដើម​យក​ជោគជ័យ​លើ​អា​ល្លឺ​ម៉​ង់ និង​រំលឹក​ដល់​ពលិកម្ម​របស់​កម្ពុជា ក្នុង​ការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង អំឡុង​សង្គ្រាមលោក​លើក​ទី​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ