ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួសជុល​កម្រាល​ថ្មភក់​នៅ​តួ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទតាព្រហ្ម

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​ឥណ្ឌា ជួសជុល​រៀបចំ​កម្រាល​

ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​ឥណ្ឌា ជួសជុល​រៀបចំ​កម្រាល​ថ្មភក់​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទតាព្រហ្ម ដោយ​កំណាយ​រក​ថ្មភក់​ដែល​នៅ​រាយ​ប៉ាយ ដើម្បី​យក​ទៅ​ដាក់​នៅ​ទីតាំង​ដើម នឹង​យក​ជើង​ទម្រ​បដិមា​ធំ​មួយ​ដែល​ត្រូវ​បាន​រំកិល​ចេញ​កាលពីមុន មក​តម្កល់​នៅ​ទីតាំង​ដើម នៅ​ចំ​ចំណុចកណ្ដាល​នៃ​ប្រាសាទតាព្រហ្ម ដែល​ការងារ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ ២០២៣ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

អ្នក​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម លោក Sing Sood មាន​ប្រសាសន៍​ថា ថ្ម​កម្រាល​ទីតាំង​នេះ​បាន​បែកបាក់​ច្រើន​អន្លើរ និង​ចល័ត​ខុស​ពី​តាំង​ដើម បន្ថែម​ពីលើ​នោះ មាន​ថ្ម​កំពូល​តួ​ប្រាង្គ​ប្រាសាទ​នេះ​ក៏​បាន​រលុះ​ធ្លាក់​មក​ខាងក្រោម​នៅ​រាយ​ប៉ាយ​ជាមួយ​និង​ជើង​ទម្រ​។

លោក​បណ្ឌិត​បន្ត​ថា កន្លង​មក ដើម្បី​សម្រួល​ចរាចរ​ភ្ញៀវ​ទេសចរ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រំកិល​ជើង​ទម្រ​នេះ​ចេញ ទៅ​ទីតាំង​មាន​សុវត្ថិភាព និង​ក្រាលកម្រាល​ឈើ​ពីលើ ដើម្បី​ឱ្យ​ភ្ញៀវ​ឆ្លងកាត់​។ ប៉ុន្តែ មក​ដល់​បច្ចុប្បន្ន​កម្រាល​ឈើ​បាន​ពុក​ផុយ ដើម្បី​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ផង និង​លើក​តម្លៃ​ទីតាំង​នេះ​ឡើង​វិញ ទើប​ស្ថាប័ន​ទាំង​ពីរ​សម្រេច​ជួសជុល​កម្រាល​ថ្មភក់​ឡើង​វិញ​។

លោក Sing Sood មាន​ប្រសាសន៍​ទៀត​ថា ជាដំបូង ក្រុមការងារ​បាន​ធ្វើ​កំណាយ​ស្វែងរក​ថ្ម សិក្សា​រក​ទីតាំង​ដើម​នៃ​ថ្ម សម្អាត​ថ្ម និង​ជួសជុល​ថ្ម ប្រ​សិន​រក​ឃើញ​មាន​ថ្ម​ដំបូល​ដែល​ជ្រុះ​ធ្លាក់​មក​ទីតាំង​នេះ ក្រុមការងារ​នឹង​យក​ទៅ​ដាក់​នៅ​ទីតាំង​ដើម​វិញ​។ អ្នកជំនាញ​រូប​នេះ​បន្ត​ថា បន្ទាប់​ពី​រៀបចំ​កម្រាល​ថ្មភក់​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ នឹង​យក​ជើង​ទម្រ​ដែល​គេ​ជឿ​ថា​សម្រាប់​តម្កល់​បដិមា​ប្រាជ្ញា​បារមី​មក​តម្កល់​នៅ​ទីតាំង​នេះ​ឡើង​វិញ ហើយ​ភ្ញៀវ​ទេសចរ​ក៏​បាន​ដើរ​ឆ្លងកាត់​ដោយ​មាន​សុវត្ថិភាព ព្រមទាំង​បាន​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ដើម​ប្រាង្គ​កណ្តាល​របស់​ប្រាសាទតាព្រហ្ម​នេះ ពីព្រោះ​ទីតាំង​នេះ​មាន​ភាព​ល្បីល្បាញ ហើយ​ជា​រៀងរាល់ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចេញចូល​ឆ្លងកាត់​ទៅ​ទស្សនា​ទី​នេះ​មិន​លុះ​ពេល​។

លោក Sing Sood បញ្ជាក់​ថា តួ​ប្រាង្គ​កណ្តាល​របស់​ប្រាសាទតាព្រហ្ម​នេះ​មាន​លក្ខណៈ​ពិសេស ដែល​មាន​ស្លាកស្នាម​បិទ​កំបោរ​បាយអរ​ដែល​មាននៅ​សេស សល់​មក​ដល់​សព្វថ្ងៃ ដែល​លោក Sing Sood សន្និដ្ឋាន​ថា កាលពី​សម័យ​កសាង​ប្រាង្គ​កណ្តាល​នេះ​អាច​គេ​បិទមាស​ឬ​ប្រាក់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ