ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អាជីវកម្ម​លក់គ្រឿងសមុទ្រ​ទាំងអស់​នៅ​តំបន់​ត្រឡោក​បែក ត្រូវ​​អាជ្ញាធរ​​​ឱ្យ​ប​ញ្ឈប់​​ជាបន្ទាន់​ ដោយ​ទុក​​ពេល​៣​ខែ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​លក់​គ្រឿង​សមុទ្រ​ទាំងអស់ នៅ​តាម​ផ្លូវ​លេខ ៥៨៩ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹក

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​លក់​គ្រឿង​សមុទ្រ​ទាំងអស់ នៅ​តាម​ផ្លូវ​លេខ ៥៨៩ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ត្រូវ​អាជ្ញាធរ​អោយ​ប​ញ្ឈប់​ការ​ប្រកប​អាជីវកម្ម​ទាំងស្រុង​ដោយ​អោយ​ផ្លាស់​ប្តូរ ទីតាំង​អាជីវកម្ម​ទៅ​កន្លែង​ថ្មី​ដែល​មាន​លក្ខ​ណៈស្តង់ដា​សម​ស្រប​ ដោយ​មិន​ប៉ះពាល់​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សា​ធារ​ណៈ ដោយ​ទុក​រយៈពេល​៣​ខែ ។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌ ទួល​គោក ដែល​ត្រូវ​បាន​លោក ជា ពិសី អភិបាល​ខណ្ឌ​ទួល​គោក បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​សា​ធារ​ណៈកាលពី​ថ្ងៃ​ទី​២៣ ​ខែមករា ឆ្នាំ ២០២៣​ ម្សិលមិញ​នេះ ។

ការ​បញ្ឈប់​អាជីវកម្ម​លក់​គ្រឿងសមុទ្រ​នៅ​ទីតាំង​ខាងលើ​នេះ ត្រូវ​បាន​គេ​អោយ​ដឹង​ថា មិន​តែ​ចំពោះ ក្នុង​ខណ្ឌ​ទូល​គោក​នោះ​ទេ សូ​ម្បី​តែ​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ក៍​ត្រូវ​បា​នប​ញ្ឈ​ប់​អាជីវកម្ម​ដែរ ។​

តាម​សេច​ក្តី​​ជួន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌទួលគោក ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ ២០២៣ បានអោយ​ដឹង​ថា រដ្ឋបាល​ខណ្ឌទួលគោក​សូម​ជ​ម្រា​ប​ជូន​ន​ដល់​បងប្អូន​ប្រជាពលរដ្ឋជា​ម្ចាស់​អាជីវកម្ម​លក់​គ្រឿង សមុទ្រ​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ ទី​១៦​សង្កាត់​ទឹកល្អក់​ទី​១ ​ខណ្ឌទួលគោក​ទាំងអស់​ មេត្តា​ជ្រាប​ថា ដើម្បី​ចូលរួម​សហការ​រក្សា​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ​អោយ​មាន​របៀបរៀបរយ ​ក្នុង​ន័យ​ដោះស្រាយ​បញ្ចៀស​កកស្ទះ​ចរាចរណ៍​ កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​និង​លើ​កម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ រដ្ឋបាល​ខណ្ឌទួលគោក​ស្នើ​សុំ​អោយ​អស់លោក លោកស្រី​ម្ចាស់​អាជីវកម្ម​ទាំងអស់​ខាងលើ ប​ញ្ឈប់​ជា​បន្ទាន់​ក្នុង​ការ​ប្រកប​អា​ជី​កម្ម​លក់​គ្រឿង​សមុទ្រ​រំលោ.ភ​លើ​ចិញ្ចើម​ផ្លូវ​ និង​ទ្រូងផ្លូវ ​ឬត​សំយាប​ដំបូល​ផ្ទះ​រំលោ.ភ​លើ​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ ព្រមទាំង​ធ្វើការ​ផ្លាស់​ប្តូរ​ទីតាំង​អាជីវកម្ម​ទៅ​កន្លែង​ថ្មី​ដែល​មាន​លក្ខ​ណះ​ស្តង់ដា សម​ស្រប​ដោយ​មិន​ប៉ះពាល់​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សា​ធារ​ណៈ ដោយ​ទុក​រយះ​ពេល​អោយ​ចំនួន ៣​ខែ​(​បី​ខែ​)​ចាប់ពី​ថ្ងៃ​ទី​២៣​ខែមករា ឆ្នាំ ២០២៣​ រហូត​ដល់​ថ្ងៃ​ទី​២១​ខែមេសា ឆ្នាំ​២០២៣​ជា​កំហិត ។

​ក្នុង​លិខិត​នោះ ក៍បាន​អោយ​ដឹង​ទៀត​ថា ក្នុង​ករណី លោក លោកស្រី មិន​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តី​ជូន​ដំណឹង​ខាងលើ​នេះ​ រដ្ឋបាល​ខណ្ឌទួលគោក នឹង​មាន​វិធានការ​ចុះ​រុះរើ​ និង​ដកហូត​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​បាត់បង់​ខូចខាត​ទ្រព្យសម្បត្តិ​ និង​សម្ភា​រៈផ្សេង​ៗ​ដែល​មាននៅ​ទីតាំង​នោះ​ឡើយ​ ។ ​ករណី​មានការ​រារាំង​រឹងរូស​មិន​ស្តាប់ តាម​ការ​ណែនាំ​រដ្ឋបាល​ខណ្ឌទួលគោក នឹង​អនុវត្ត​វិធា​ការ​រដ្ឋបាល​តាម​ផ្លូវច្បាប់​។

តាម​​ប្រភពពី​លោក​ប៉ិច សុខ​ឃឿ​ន ចៅសង្កាត់​ទឹកល្អក់​ទី​១ បានអោយ​ដឹង​ថា កា​រប​ញ្ឈ​ប់​ការ​ធ្វើ​អាជីវកម្ម​លក់​គ្រឿង​សមុទ្រ​ទាំងស្រុង ដោយសារមាន​ហេតុផល​ចំនួន​២យ៉ាងគឺ​ ​ចំណុច​ទី​១-​បញ្ហា​សណ្តាប់ ធ្នាប់ ពួក​គាត់​លក់​ក្នុងផ្ទះ​មែន តែ​ពេល​ទទួល​ពី​ម៉ូយ​ និង​បោះ​អោយ​ម៉ូយ ធ្វើ​អោយ​បាត់បង់​សណ្តាប់​សាធារ​ណៈ​ចាប់ពី​វេលា​ម៉ោង​ប្រមាណ​៥​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង​ប្រមាណ​៧​ទៅ​៧​និង​៣០​ព្រឹក​ និង​ចំណុច​ទី​២​-ទាក់​ទងនឹង​បញ្ហា​ក្លិន និង​ការ​លាង​គ្រឿង​សមុទ្រ​ បណ្តាល​អោយ​ទឹក​ហូរ​លើ​ដងផ្លូវ​បណ្តាល​អោយ​ខូចខាត​ផ្លូវ ទើប​សា​សា​ខណ្ឌ​បាន​ជួន​ដំណឹងប​ញ្ឈប់​អាជីវកម្ម​តែ​ម្តង​។

លោក​ចៅសង្កាត់​ទឹកល្អក់​ទី​១ បានអោយ​ដឹង​ទៀត​ថា កា​រប​ញ្ឈ​ប់​អាជីវកម្ម​លក់​គ្រឿង​សមុទ្រ ធ្វើ​តែ​ក្នុង​ខណ្ឌ​ទួល​គោក​នោះ​ទេ តែ​​ផ្លូវ​ម្ខាង​ទៀត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌសែន​សុខ​ គាត់​ពុំ​បានដឹង​ច្បាស់​នោះ​ទេ ព្រោះ​អា​ជីករ​នោះ ពួក​គាត់​មាន​ដី​ឡូ​តិ៍លក់​នៅ​ខាងក្នុង ។

​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ បានអោយ​យ​ដឹង​ថា​អាជីវកម្ម លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ក៍​ត្រូវ​បា​នប​ញ្ឈប់​អាជីវកម្ម ទាំងស្រុង ដូច​គ្នា នឹង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោកដែរ​។

ទោះបីជា​យ៉ាង​ណា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែ​មក​រា ឆ្នាំ២០២៣ ​កោះសន្តិភាព​បាន​ចុះ​សាកសួរ​អាជីវក​លក់​គ្រឿង​សមុទ្រ ពួក​គាត់​ពុំ​ទាន់​បានដឹង​ពី​គោល​ការណ៍​ប​ញ្ឈប់​អាជីវកម្ម របស់​ពួក​គាត់​ឡើយ ។

​តាម​អាជីវករ​លក់​គ្រឿង សមុទ្រ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ម្នាក់ បានអោយ​ដឹង​ថា ពួក​គាត់​ពុំ​ទាន់​បានដឹង​ពី​សេច​ក្តិ​ជួន​ដំណឹងអោយ​ពួក​គាត់​ប​ញ្ឈប់​អាជីវកម្ម​ឡើយ តែ​កន្លង​មក មាន​អាជ្ញាធរ សង្កាត់​ខណ្ឌ​បាន​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ណែនាំ​អោយ​គាត់​លក់ដូរ​ចូល​ក្នុង​ ចៀស​វាង​ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់​សា​ធារ​ណៈ។

លោកស្រី​ម្ចាស់​អា​ជី​កម្ម​លក់​គ្រឿង​សមុទ្រ យីហោ​ស្រី​ពៅ ពិភព​បង្កង់ ដែល​មា​នទី​តាំងនៅ​តាម​ផ្លូវ​លេខ ៥៩៨ សង្កាត់​ទឹកថ្លា បានអោយ​ដឹង​ថា គាត់​ពុំ​ទាន់​ទទួល​បាន​នូវ​សេចក្តី​ជូន​ដំណឹង​អោយ​ពួក​គាត់​ប​ញ្ឈ​ប់​អាជីវកម្ម​លក់ដូរ​គ្រឿង​សមុទ្រ​ឡើយ ។​ កន្លង​មក គាត់​បាន​លក់ដូរ តែ​ខាងក្នុង​ផ្ទះ មិន​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​នោះ​ឡើយ​ ។

គួរ​បញ្ជាក់​ថា នៅ​តាម​សងខាង​ផ្លូវ​លេខ ៥៩៨ (​តំបន់​ត្រឡោក​បែក​)​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​និង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ជាទី​ប្រជុំជន​អាជីវករ លក់​ចែកចាយ បោះ​ដុំ​គ្រឿង សមុទ្រ​ដ៍​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ ពេល​នោះ ត្រូវ​បាន​អាជ្ញាធរ គ្រោង​នឹង​ប​ញ្ឍ​ប់​អាជីវកម្ម លក់ដូរ​របស់​ពួក​គាត់​នៅ​ពេល​ខាង​មុខ​នោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ