ខេត្តតាកែវ ៖ ប្រភពបែកធ្លាយបង្ហើបថា លោក ផាន ផល ស្នងការរងនគរបាលខេត្តតាកែវ កំពុងដេកភ័យក្រោយប្រមូលលុយរាប់ម៉ឺនដុល្លារពីកសិករជនជាតិវៀតណាម ដែលមកជួលដីខ្មែរធ្វើស្រែនៅមូលដ្ឋានស្រុកបូរីជលសារ ខេត្តតាកែវ ។

ជាការបំពានសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ហាមជួលដីទៅឲ្យជនបរទេសចូលមកធ្វើស្រែចម្ការ ពេលនេះឮថា លោកស្នងការរងនគរបាលខេត្តតាកែវម្នាក់កំពុងដេកភ័យព្រោះវណ្ឌ.ក ក្នុងរឿងនេះ ខណៈខ្លួនប្រមូលលុយរាប់សិបម៉ឺនដុល្លារពីកសិករវៀតណាមដែលចូលមកជួលដីខ្មែរ និងបានបែកចែកលុយជូនថ្នាក់លើក្នុងខេត្តគ្រប់ផ្នែក គ្រប់ជំនាញហើយ បែរជាឲ្យខ្លួនទទួលខុសត្រូវដោយខ្លួនឯងប្រសិនជាបែកធ្លាយរឿងនេះ (លុយអាញ់យកវើយ តែកុំប្រាប់គេថាអាញ់យក អាញ់អត់ដឹងរឿងទេវើយ ) ។

ប្រភពច្បាស់ការបញ្ជាក់ថា ស្រុកបូរីជលសារមានបីឃុំ គឺឃុំជ័យជោគ ឃុំបូរីជលសារ និងឃុំកំពង់ក្រសាំង មានផ្ទៃដីមួយផ្នែកធំត្រូវបានលោក ផាន ផល ស្នងការរងនគរបាលខេត្តតាកែវ រត់ការគ្រប់ផ្នែក គ្រប់ជំនាញក្នុងខេត្ត សម្រួលឲ្យកសិករវៀតណាមចូលមកធ្វើស្រែជាថ្នូរនិងលុយក្បែរសែនដុល្លារ ។

សូមរំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ចេញសារាចរណ៍ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួល ឬលក់ដីនៅតាមបណ្តោយព្រំដែនឲ្យទៅប្រទេសជិតខាង ដើម្បីការពារបូរណភាពទឹកដីផលប្រយោជន៍ពលរដ្ឋ និងជួយសម្រួលការងារកំណត់ព្រំដែនផងដែរ ។
ព័ត៌មានលម្អិតកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ