រាជធានីភ្នំពេញ ៖ មុខរបរថតរូបនៅតាមទីសារធារណៈ តាមតំបន់ទេសចរណ៍ ឬក៏នៅតាមរមណីយដ្ឋានមួយចំនួនដូចជា វត្តភ្នំ មុខព្រះបរមរាជវាំង សួនច្បារវិមានឯករាជ្យ ឬក៏កន្លែងផ្សេងៗជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ជាងមុន ដោយសារតែអតិថិជនថតភ្លាម គឺអាចទទួលបានរូបថតភ្លាមៗតែម្តង។
ឆ្លៀតពេលទំនេរពីការដើរថតរូបលោក សំអាត អាយុ៤៧ឆ្នាំ បានមកអង្គុយរៀបរាប់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ដោយសារតែបច្ចេកវិទ្យាទំនើប ការថតរូបក៏ត្រូវតែដេញតាមបច្ចេកេវិទ្យាបានដែរ គឺមិនអាចឲ្យអតិថិជនត្រូវរង់ចាំយូរនោះទេ។
លោក សំអាត ដែលជាជាងថតរូបតាមសួនច្បារជាង១៥ឆ្នាំហើយនៅលើសួនច្បារវិមានឯករាជ្យនេះ បាននិយាយថា៖ «កាលពីមុនគឺខ្ញុំមានតែម៉ាស៊ីនថតមួយប៉ុណ្ណោះ ដោយដើរថតរូបឱ្យភ្ញៀវមិនថា ជាជនជាតិខ្មែរ ឬក៏បរទេសឡើយ។ ភ្ញៀវដែលអញ្ជើញមកថតរូប និងបានរូបថតក្នុងរយៈពេលកន្លះម៉ោងក្រោយ ព្រោះខ្ញុំត្រូវទៅផ្តិតនៅតាមបណ្តាហាងថតរូបផ្សេងៗ។
លោកបន្ថែម៖ «ទើបតែក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺមានម៉ាស៊ីនព្រីនរូបថតដែលក្នុងមួយគ្រឿងមានតម្លៃចំនួន១២០ដុល្លារនោះ ទើបខ្ញុំបានទិញយកមកដាក់តាមលើម៉ូតូ ដើម្បីងាយស្រួលពេលដែលថតរូបឱ្យភ្ញៀវហើយ និងផ្តិតឱ្យភ្លាមៗតែម្តង។ ដោយការថតរូបជូនភ្ញៀវនាពេលនេះដែរ គឺក្នុងមួយប៉ុស្តិ៍តម្លៃពី៤.០០០រៀល ទៅ៥.០០០រៀល»។ ងាកទៅអតីតកាលជាង១០ឆ្នាំ មុនមុខរបរថតរូបនេះដែរ រូបលោករកបានក្នុងមួយថ្ងៃចាប់ពី៦ទៅ៧ម៉ឺនរៀល ដោយក្នុងមួយសន្លឹកគឺតម្លៃចំនួន៣.០០០រៀល ដើម្បីយកទៅចិញ្ចឹមក្រុមគ្រួសាររបស់លោក។
សម្រាប់អាជីពមួយនេះឃើញថា មានយ៉ាងហោចណាស់ជាង១០ម៉ូតូដែលកំពុងតែប្រកបការងារដូចលោកសំអាត ដែលឃើញថា មានទាំងមនុស្សប្រុស និងស្រីជាច្រើនចាប់យកអាជីពនេះ ដើម្បីរកប្រាក់ទៅផ្គត់ផ្គង់ចិញ្ចឹមគ្រួសាររបស់ពួកគាត់ តែមុខរបរមួយនេះ «បានត្រឹមតែរកមួយថ្ងៃ រស់មួយថ្ងៃប៉ុណ្ណោះ»។
លោក សំអាត បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា រូបគាត់មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់នៅក្នុងបន្ទុក និងមានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លោកបានប្រកបមុខរបរជាជាងថតរូបនេះអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ នៅលើសួនច្បារវិមានឯករាជ្យនេះ តែអាចត្រឹមរស់មួយថ្ងៃ មិនសល់ប្រាក់ជាដុំកំភួនដើម្បីក្លាយជាអ្នកមានទេ។
លោកក៏បានប្រាប់ទៀតថា សព្វថ្ងៃក្រុមរបស់លោកដែលប្រកបមមុខរបរថតរូបនៅលើសួនច្បារវិមានឯករាជ្យនេះដែរ គឺមានគ្នាទាំងប្រុស និងស្រីរហូតទៅចំនួន១៣នាក់ រង់ចាំថតឱ្យភ្ញៀវជាប្រចាំ និងមិនអាចទៅរកស៊ីថតរូបនៅកន្លែងផ្សេងៗទៀតដូចជា នៅម្តុំមុខវាំង ឬក៏វត្តភ្នំបានឡើយ ដោយធ្វើការចែកកន្លែងរកស៊ីដាច់មុខពីគ្នាតែម្តង៕
ចែករំលែកព័តមាននេះ