ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​ប្រមាណ​ជា​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ…

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នៅ​មិន​ដល់​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ត្រូវ​បិទ​ទំនប់​ទឹក​របស់​ខ្លួន​ដើម្បី​ធ្វើតេស្ត​សាកល្បង​លើ​គុណភាព​សំណង់

ខេត្តស្ទឹងត្រែង ៖ នៅ​មិន​ដល់​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ត្រូវ​បិទ​ទំនប់​ទឹក​របស់​ខ្លួន​ដើម្បី​ធ្វើតេស្ត​សាកល្បង​លើ​គុណភាព​សំណង់ ហើយនឹង​ត្រូវ​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ខាងក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក លី ម៉េ​ង​សៀង នាយករង​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ថា សំណង់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ជា​សំណង់​ផ្គត់ផ្គង់​ប្រភព​ថាមពល​អគ្គិសនី​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ដង​ទន្លេសេសាន ឃុំ​ភ្លុក ស្រុក​សេ​សាន ដែល​បាន​ផ្តើម​សាងសង់​ឡើង​កាលពី​ខែមករា ឆ្នាំ​២០១៤ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ជាង​ពីរ​ពាន់​នាក់ លើ​ទំហំ​ផ្ទៃដី​៣៦០០០​ហិ​កតា​(​បី​ម៉ឺន​ប្រាំមួយ​ពាន់​ហិ​កតា​) ដោយ​មាន​កម្ពស់​៨០​ម៉ែត្រ ក្នុង​នោះ​កម្ពស់​៧៥​ម៉ែត្រ ជា​កម្ពស់​សម្រាប់​ទប់ទឹក និង​កម្ពស់​៥​ម៉ែត្រ​ទៀត ជា​កម្ពស់​សម្រាប់​ការពារ​ហានិភ័យ​ពី​កម្រិត​ទឹក​ខ្ពស់​ជ្រុល​។

ហើយ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៧​ខាង​មុខ​នេះ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នឹង​ដំណើរការ​តួ​បី​នទី​១ ដែល​អាច​ផ្តល់​ថាមពល​បាន​៥០(​ហាសិប​)​មេកា​វ៉ា​ត់​ម៉ោង ហើយ​តួ​បី​ន​បន្តបន្ទាប់​ទាំង​៨ នៃ​ទំនប់​វារិ​អគ្គិសនី​នេះ​នឹង​ផ្តល់​ថាមពល​សរុប​ចំនួន​៤០០(​បួន​រយ​)​មេកា​វ៉ា​ត់​ម៉ោង នៅ​ចុងឆ្នាំ​២០១៨​។ បច្ចុប្បន្ន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បាន​ដំណើរការ​សាងសង់​សម្រេច​បាន​៩២​ភាគរយ​ទៅ​ហើយ នៅ​សេសសល់​តែ​បន្តិចទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​គម្រោង​សាងសង់​។ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ថាមពល​អគ្គិសនី​ដ៏​ធំ​បំផុត​ដែល​អាច​ផ្តល់​ថាមពល​ទៅ​បង្គ្រប់​តម្រូវការ​កង្វះខាត​ទូ​ទាំង​ប្រទេស​កម្ពុជា និង​ជួយ​ផ្តល់​ថាមពល​អគ្គិសនី​លើ​គ្រប់​វិស័យសេដ្ឋកិច្ច​ទូ​ទាំង​ប្រទេស​កម្ពុជា​។

ដោយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​វិនិយោគ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវ​បាន​សាងសង់​ឡើង​សម្រេច​បាន​៩២​ភាគរយ មក​ទល់​បច្ចុប្បន្ន​ដោយ​ក្រុមហ៊ុន​ហា​យ​ត្រូ​លែ​ន​សិង អិន​ធើ​ណេ​ស៊ិ​ន​ណ​ល អ៊ិ​ន​ឡូ​ជី មក​ពី​ប្រទេស​ចិន មាន​ភាគហ៊ុន​៥១​ភាគរយ​(​ហាសិប​មួយ​ភាគរយ​) ក្រុមហ៊ុន​កម្ពុជា រ៉ូ​យ៉ា​ល់​គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង ៣៩​ភាគរយ (​សាមសិប​ប្រាំបួន​ភាគរយ​) និង​ក្រុមហ៊ុន អី វី អិន ដែល​មក​ពី​ប្រទេស​វៀតណាម​១០​ភាគរយ​(​ដប់​ភាគរយ​) ក្នុង​ទុន​វិនិយោគ​ទឹកប្រាក់​ជាង​៨០០​លាន​ដុល្លារ​(​ប្រាំបី​រយ​លាន​ដុល្លារ​) សហរដ្ឋអាមេរិក​។ យោង​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​វិនិយោគ និង​រាជរដ្ឋាភិបាល​កម្ពុជា​បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​៤០​ឆ្នាំ គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​វិញ​។ ជាមួយ​ការ​ជោគជ័យ​ដ៏​ធំធេង​នេះ រដ្ឋាភិបាល​រំពឹង​ទុក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ ផ្តល់​ចំណូល​ពន្ធ​ប្រមាណ​ជា​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។

ទាក់ទង​ទៅ​នឹង​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ​ដែរ ក្រុមហ៊ុន​វិនិយោគ​បាន​ធ្វើការ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​យ៉ាង​សាក​សម​ដោយ​បាន​រៀបចំ​ដី​លំនៅ​ស្ថាន​ដីធ្លី​សម្រាប់​បង្កបង្កើន​ផលដំណាំ​ស្រែ​ចម្ការ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន ទីផ្សារ ផ្លូវថ្នល់ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​។​ល​។ មេឃុំ​ស្រែ​គ លោក សៀ​ក មេគង្គ ឲ្យ​ដឹង​ថា ការ​ផ្តល់​សំណង​ផល​ប៉ះពាល់​រវាង​ក្រុមហ៊ុន​វិនិយោគ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ជូន​ដល់​ប្រជាពលរដ្ឋ​មានការ​សម​ស្រប​បំផុត​តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​។ លោក​ចាត់​ទុក​ថា​សំណង​ទាំងនេះ​ប្រសើរ​ជាង​៧០​ភាគ បើ​ធៀប​ទៅ​សំណង​គម្រោង​ផល​ប៉ះពាល់​នៃ​វា​រី​អគ្គិសនី​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​មេឃុំ​បន្ត​ថា​ទន្ទឹម​នេះ​ក៏​មានគ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ប្រមាណ​ជា​៩០​គ្រួសារ​ទៀត​ដែល​មិន​ព្រម​ចាក​ចេញពី​តំបន់​លិច​ទឹក ហើយ​នៅ​ពេល​នេះ​អាជ្ញាធរ​ឃុំ​បាន​ផ្សព្វផ្សាយ​រួច​ទៅ​ដែរ​ព្រមទាំង​រក​ទីទួល​សុវត្ថិភាព​ដើម្បី​ពួក​គាត់​ជ្រក​។

លោក​ថា​នៅ​សេសសល់​៨៧​ខ្នង​ផ្ទះ​ស្មើ​៩១​គ្រួសារ ក្នុងភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែ​គ​ពួក​គេ​មិន​ព្រម​លះបង់​ការ​ចាកចេញ​ដោយសារ​ទៀមទារ​សំណង​ខ្ពស់​ពេក ចំនួន​ពីរ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ប្រ​សិន​មិន​បាន​ចំនួន​នេះ​ពួក​គាត់​មិន​ព្រម​ចាកចេញ​ឡើយ​។ លោក​បន្ថែម​ថា ពួក​គាត់​មិនដឹង​ស្តាប់​ហេតុផល​ពី​ណា​មក​ទេ ពួក​គាត់​ថា​ពេល​នេះ​គេ​បិទ​ទំនប់​លិច​ទឹក​សុខចិត្ត​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​សិន​រង់ចាំ​ឆ្នាំ​ក្រោយ​ទឹកនឹង​ស្រក​ពួក​គាត់​ត្រលប់​ចូល​រស់នៅ​វិញ ទោះបី​មានការ​ពន្យល់​យ៉ាងណា​ក៏​ពួក​គាត់​ស្តាប់​មិន​ដែរ​៕