រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់នូវការផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវពាក្យស្លោកថ្មីមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។
ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចបានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីលើកមុន សម្តេចបានដាក់ពាក្យស្លោកមួយហើយ គឺ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត» ចំណែកនៅឆ្នាំនេះ សម្តេចបានដាក់ពាក្យស្លោកមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដែលការដាក់នូវពាក្យស្លោកនេះ ដោយសារតែកន្លងមក មានសារព័ត៌មានមួយចំនួន ឬក្រុមប្រឆាំង តែងតែផ្សាយនូវព័ត៌មានប្រឌិត ដើម្បីបំភ្លៃ ឬវា.យប្រ.ហារលើរូបសម្តេច។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «កាលមុនខ្ញុំបានដាក់ថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ហើយឥឡូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។ អ៊ីចឹងយើងមានពាក្យស្លោក២ ។ ត្រូវចាំ ព្រោះជួនកាលអាងតែខ្លួនមានហ្វេសប៊ុក ទូរស័ព្ទតែមួយគ្រឿង ផ្សាយទៅជេរ គេជេរឯង ប្រមាថគេ ប្រមាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីប៉ាដោយ ឯលើកនេះ គឺខ្ញុំចង់ចេញសារមួយទៀតដាក់ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។
ទន្ទឹមនឹងការដាក់ចេញនូវពាក្យស្លោកថ្មីនេះ សម្តេចតេជោ បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នសារព័ត៌មានបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ននេះ តំណាងសារព័ត៌មានរបស់កម្ពុជា ក៏មាននៅក្នុងក្រ បខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់កម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្ត្រ ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិយភាពជាមួយបរទេស។

សម្តេចមានប្រសាសន៍បន្តថា បញ្ហាព័ត៌មានមិនពិតនេះ មិនមែនកើតមានតែនៅកម្ពុជាទេ គឺមាននៅទូទាំងពិភពលោក រាប់ទាំងនៅក្នុងអង្គការសហប្រជាជាតិផងដែរ គឺសុទ្ធតែលើកឡើងពីបញ្ហាព័ត៌មានក្លែងក្លាយនេះ។ តែយ៉ាងនេះក្តី ព័ត៌មានមិនពិតនេះ ដែលត្រូវបានផ្សព្វផ្សាយនេះ នឹងឆាប់សាបរលាប លែងមានអ្នកគាំទ្របន្តទៀត និងលែងមានប្រភពផ្តល់ព័ត៌មាន ឬផ្តល់បទសម្ភាសន៍ឱ្យទៀតផង។
ជាមួយគ្នានោះដែរសម្តេចតេជោ បានបញ្ជាក់ថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ គឺមានតែការផ្សាយព័ត៌មានពិតប៉ុណ្ណោះ។ ដូច្នេះហើយ ថ្នាក់នាំដឹកនៅតាមស្ថាប័ននានា ត្រូវតែតាមដាននូវឱ្យព័ត៌មានឱ្យបានគ្រប់វេលា ដើម្បីសួរបញ្ជាក់នៅពេលមានការផ្សាយព័ត៌មានមិនពិត ហើយផ្តល់នូវព័ត៌មានពិត ដើម្បីឱ្យស្ថាប័នសារព័ត៌មានបំភ្លឺរឿងហ្នឹងត្រឡប់មកវិញ៕
ចែករំលែកព័តមាននេះ