ខេត្តត្បូងឃ្មុំ ៖ ក្រុមជនល្មើសនេសាទចំនួន២ក្រុមត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងនោះមាននៅក្រុងសួង និងស្រុកក្រូចឆ្មារ ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួមនឹងឧបករណ៍ឆក់ត្រីចំនួន២គ្រឿងផងដែរ ហើយត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលដើម្បីសួរនាំ។
![Picture]()
លោកវរសេនីយ៍ឯក ឈន សុធន់ អធិការនគរបាលក្រុងសួង បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ឱ្យកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណារក្សាឲ្យបានភូមិ-ឃុំមានសុវត្ថិភាព។
អធិការនគរបាលក្រុងសួងបានបន្តថា ហើយកាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី១២ ខែមករា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ដឹកនាំដោយលោកអនុសេនីយ៍ទោ កៃ សុផល នាយប៉ុស្ដិ៍ (ស្ដីទី) បានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ (ដែកឆក់) នៅចំណុវាលស្រែ ស្ថិតក្នុងភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
![Picture]()
លោកអធិការនគរបាលក្រុងសួង បន្តថា ការបង្ក្រាបខាងលើ ដកហូតបានវត្ថុតាងរួមមាន ៖ ១-ដុំឆក់ ចំនួន១គ្រឿង និង២- អាគុយ ចំនួន១។ សមត្ថកិច្ចយើងក៏បានឃាត់ជនល្មើសបានចំនួន០៣នាក់ ដោយមាន ៖ ១- ឈ្មោះ សត់ ឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ (អ្នកឆក់)។ ២- ឈ្មោះ ស្រេន ស្រ៊ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ (អ្នកចាប់ត្រី)។ និង៣- ឈ្មោះ ហាន ហៀប ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ (អ្នកចាប់ត្រី)។
លោកអធិការនគរបាលក្រុងសួងបន្តទៀតថា មុននឹងឈានដល់ការចាប់ខ្លួនក្រុមបទល្មើសឆក់ត្រីទាំងនេះ គឺត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាយការណ៍មកសមត្ថកិច្ច ទើបសមត្ថកិច្ចរៀបចំកម្លាំង ដើម្បីតាមឃ្លាំមើល ហើយក៏ឃើញជនសង្ស័យទាំង៣នាក់នេះដើរឆក់ត្រីតាមអូរត្រពាំងមែន ហើយក៏ត្រូវបានសម្រេចឃាត់ខ្លួន និងបានហៅអាណាព្យាបាលមកធានានៅចំពោះមុខច្បាប់មិនឲ្យមានជាលើកទី២បន្តទៀតនោះទេ បើពុំនោះទេ នឹងចាត់ការតាមច្បាប់។
![Picture]()
ចំណែកលោកវីរៈសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងដែរថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣៥នាទី នៅចំណុចបឹងក្រោយភូមិទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះល្បាតក្នុងមូលដ្ឋាន ហើយក៏បានជួបប្រទះក្រុមអ្នកនេសាទខុសច្បាប់ (ឆក់ត្រី) ប៉ុន្តែពេលឃើញសមត្ថកិច្ចយើងភ្លាម ក្រុមអ្នកឆក់ខាងលើនេះ ក៏បាននាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុកតែឧបករណ៍ឆក់មួយចំនួន រួមមាន៖ អាគុយចំនួន១, ដងឈើជាប់ដែកសម្រាប់ឆក់ចំនួន២ និងដុំឆក់ចំនួន១ផងដែរ។
![Picture]()
បច្ចុប្បន្នឧបករណ៍ឆក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ។ ហើយបើតាមរយៈភ្លើងពិលបញ្ចាំងពីចម្ងាយ គឺឃើញក្រុមសង្ស័យឆក់ត្រីពេលយប់មានគ្នាចំនួន៥នាក់បានរត់គេចខ្លួនបាត់អស់។
ជាមួយគ្នានោះ សមត្ថកិច្ចអំពាវនាវដល់ពលរដ្ឋ សូមមេត្តាបញ្ឈប់សកម្មភាពឆក់ត្រីដោយខុសច្បាប់ ប្រសិនបើស្រាវជ្រាវឃើញ ឬតាមចាប់បាននោះ នឹងមិនអត់ឱនឲ្យនោះទេ ត្រូវតែចាត់ការតាមនីតិវិធីច្បាប់។
ចែករំលែកព័តមាននេះ