ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផ្គត់ផ្គង់​អេ​ក្រង់​ដល់ Apple និង Samsung គ្រោង​បង្កើត​រោងចក្រ​២ នៅ​វៀតណាម

1 ឆ្នាំ មុន

ចិន​-​វៀតណាម ៖ ក្រុមហ៊ុន​ចិន BOE Technology Group Co Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​អេ​ក្រង់

ចិន​-​វៀតណាម ៖ ក្រុមហ៊ុន​ចិន BOE Technology Group Co Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​អេ​ក្រង់ សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Apple Inc និង Samsung Electronics Co Ltd គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បង្កើត​រោងចក្រ​ចំនួន​២ នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ការ​វិនិយោគ​នេះ អាច​មាន​ចំនួន​សរុប​ដល់ ៤០០​លាន​ដុល្លារ​។

ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា BOE កំពុង​តែ​ពិភាក្សា ដើម្បី​ជួល​ដី​រាប់​សិប​ហិ​កតា​នៅ​តំបន់​ភាគ​ខាងជើង ប្រទេស​វៀតណាម ដើម្បី​បន្ថែម​លើ​រោងចក្រ​តូច​មួយ​របស់​ខ្លួន នៅ​ភាគ​ខាងត្បូង ដែល​ផ្គត់ផ្គង់​អេ​ក្រង់​ទូរទស្សន៍​ភាគច្រើន​ដល់​ក្រុមហ៊ុន Samsung និង LG Electronics Inc របស់​កូរ៉េ​ខាងត្បូង​។

ក្រុមហ៊ុន BOE គ្រោង​នឹង​ប្រើប្រាស់​ផ្ទៃដី​រហូត​ដល់ ១០០​ហិ​កតា ជាមួយ ២០% សម្រាប់​រោងចក្រ​ផលិត​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ (Remote Control Systems) ដោយ​ចំណាយ​ថវិកា​អស់ ១៥០​លាន​ដុល្លារ ហើយ​សេសសល់​ពី​នោះ នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ផលិត​អេ​ក្រង់ ដោយ​ត្រូវ​ចំណាយ​អស់ ២៥០​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​លើ​ផ្ទៃដី ៥០​ហិ​កតា ខណៈ​ដែល​អ្នក​ផ្គត់ផ្គង់​នឹង​ប្រើប្រាស់​ផ្ទៃដី​ចំនួន ៣០​ហិ​កតា​ដែល​នៅ​សល់​ទាំងអស់​នៅ​ឆ្នាំ ២០២៥​។

ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បាន​ទាក់ទាញ​ការ​វិនិយោគ​យ៉ាង​សំខាន់​ពី​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​បរទេស ដោយ​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការ​ផលិត​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ និង​កាមេរ៉ា រួម​ទាំង​ទំនិញ​ល្បី​ៗ​ពី​ក្រុមហ៊ុន Apple និង Samsung ផង​ដែរ​។

លោក Kuo Ming-chi អ្នកវិភាគ​នៅ​ឯ​ក្រុមហ៊ុន TF International Securities បាន​ព្យាករណ៍​កាលពី​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​ផលិត​អេ​ក្រង់​ដ៏​ធំ​បំផុត​របស់​ចិន​នឹង​ក្លាយទៅជា​អ្នក​ផ្គត់ផ្គង់​អេ​ក្រង់​ដ៏​ធំ​បំផុត​សម្រាប់​ទូរស័ព្ទ iPhone ស៊េរី​ថ្មី នៅ​ឆ្នាំ ២០២៤ ខាង​មុខ​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហរដ្ឋអាមេរិក គ្រោង​នឹង​ចាប់ផ្តើម​ការ​ផលិត​អេ​ក្រង់​ទូរស័ព្ទ​ចល័ត​ដោយ​ខ្លួនឯង នៅ​ឆ្នាំ​ក្រោយ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ Bloomberg​។

យ៉ាងណាមិញ ប្រភព​ស្និត​នឹង​ផែនការ​ក្រុមហ៊ុន BOE នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​បង្ហើប​ថា ក្រុមហ៊ុន​របស់​ចិន​មួយ​នេះ មិន​មាន​គោលបំណង​ពិសេស​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Apple នោះ​ទេ​៕ (​ដកស្រង់​ចេញពី vietnamnews)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ