ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការចាប់វា.យខ្នោះដល់ខណ្ឌសែនសុខ បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោផ្ទះចូលលួចម៉ូតូ និងសម្ភារមួយចំនួនទៀតយកទៅទុកនៅបន្ទប់ជួលក្នុងខណ្ឌសែនសុខ តែអកុសលអាក្រក់លួចចំម៉ូតូប៉ូលិសភ្ជាប់ប្រពន្ធ័GPS ។ ហេតុការណ៌នេះ បានកើតឡើងនៅថ្ងៃទី១១ មករា វេលាម៉ោង០២យប់ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស៊ឹម សុខតារា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនគរបាល ។ ដោយឡែក ជនសង្ស័យមានចំនួន០៣នាក់ ទី១-ឈ្មោះ ប៉ែន ជីតា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរជាងភ្លើង (ឃាត់ខ្លួន) ទី២-ឈ្មោះ សុខ ជា ហៅម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន) និងទី៣-ឈ្មោះ នី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
បើតាមរបាយការណ៌របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោទុកម៉ូតូ០២គ្រឿង និងធុងបាស់០១គ្រឿងនៅក្នុងផ្ទះ បន្ទាប់មក ក៏មានជនសង្ស័យបាននាំគ្នាឆ្កឹះសោយកម៉ូតូនិងធុងបាស់បាត់ទៅ ។ តែដោយសារម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រពន្ធ័GPS ក៏បានតាមរកឃើញលោតនៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយមក ជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះឆែកឆេរផ្ទះជួលនោះហើយដកហូតបានវត្ថុតាងមួយចំនួនរបស់ជនរងគ្រោះនិងឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការនគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ