ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបង្ក្រាបករណីចោរប្លន់ប្រដាប់អាវុធជាក់ស្តែងមួយករណី ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងក្រោយរោងអ្នកតាក្រហម ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

សេចក្តីរាយការណ៍បន្តថា អំពើប្លន់នោះ មានជនរងគ្រោះឈ្មោះ ប៉ែន ចំរើន អាយុ៦២ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវចោរបាញ់ឲ្យរបួសដៃ និងជង្គង់សងខាង និងបាត់បង់ទ្រព្យសម្បត្តិដូចជា ៖ ខ្សែ.កមាសចំនួន១ខ្សែ ទម្ងន់៤តម្លឹង។ ចំណែកជនសង្ស័យវិញឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សព្វថ្ងៃមករស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មុខរបរជាជាងសំណង់នៅក្បែរផ្ទះរបស់ជនរងគ្រោះនោះផងដែរ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃកើតហេតុ ជនសង្ស័យបានដើរចូលផ្ទះជនរងគ្រោះតែម្នាក់ឯង ហើយបានធ្វើសកម្មភាពសម្លុតគំរា.មកំហែងភ្ជង់ប្លន់យកខ្សែ.កពីជនរងគ្រោះ។ ពេលនោះជនរងគ្រោះក៏មានភាពក្លាហាន ដោយមិនតក់ស្លុតនោះ ហើយបានព្យាយាមប្រវា.យប្រតប់ដណ្ដើមយកកាំភ្លើ.ងពីចោរនោះ តាំងពីលើជណ្តើរចូលផ្ទះរហូតដល់កៀនរបង ហើយចោរនោះក៏ចិត្តស្លុយដែរ គឺដាច់ខាតមិនឲ្យកាំភ្លើ.ងខ្លីរបូតធ្លាក់ដល់ដៃជនរងគ្រោះនោះទេ ដែលសកម្មភាពនោះមានរយៈពេលច្រើនម៉ោងផងដែរ។

ប្រភពដដែលបន្តថា នៅទីបំផុត បុរសជាចោរនោះក៏បានផ្ទុះអាវុធ១គ្រា.ប់ បណ្តាលឲ្យជនរងគ្រោះត្រូវរបួសដៃ និងជង្គង់ទាំងសងខាង តែសំណាងល្អពេលនោះចោរបានជ្រុះបង់កាំភ្លើ.ង១ និងគ្រា.ប់ចំនួន៧គ្រា.ប់ធ្វើឲ្យកាំភ្លើ.ងបាញ់លែងចេញ ហើយចោរក៏បានផ្លោះរបងផ្ទះតាមក្រោយ រួចរត់គេចខ្លួនបាត់តែម្តងទៅ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ថ្វីត្បិតតែចោរចេញទៅផុតបន្តិចមែន តែកម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ និងទទួលយកពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ស្តីពីបទល្មើសប្លន់ជាក់ស្តែង។ ពេលនោះសមត្ថកិច្ចក៏បានបោះដៃរាយអន្ទាក់តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដែលចោរនោះមិនទាន់រត់ទៅឆ្ងាយឡើយ។

ក្រោយចាប់ខ្លួន ជនសង្ស័យក៏បានសារភាពថា «ខ្លួនពិតជាប្លន់មែន» ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ