ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ចុះបញ្ជី​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​16​កន្លែង​ទៀត​

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្ពុជា​កំពុង​ជ្រោមជ្រែង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន​១៦​កន្លែង​ទៀត ដើម្បី​អាច​ចុះបញ្ជី​ក្នុង​លេខា​ដ្ឋា​ន​អនុសញ្ញា​នៃ​អង្គការ​សាយ​តេស (Sites) អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស ដោយ​ទម្លុះ

ខេត្តសៀមរាប ៖ កម្ពុជា​កំពុង​ជ្រោមជ្រែង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន​១៦​កន្លែង​ទៀត ដើម្បី​អាច​ចុះបញ្ជី​ក្នុង​លេខា​ដ្ឋា​ន​អនុសញ្ញា​នៃ​អង្គការ​សាយ​តេស (Sites) អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស ដោយ​ទម្លុះទម្លាយ​របាំង​នាំ​ចេញ​ផលិតផល​ក្រពើ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មានច្បាប់​ទម្លាប់​ជា​លក្ខណៈ​អន្តរជាតិ​នេះ ធ្វើ​ឡើង ខណៈ​ទីផ្សារ​កូន​ក្រពើ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ថៃ បាន​និង​កំពុង​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ជលផល​កម្ពុជា ។

លោក អិុន ហ៊ុ​ល អនុប្រធាន​អភិរក្ស​នៃ​រដ្ឋបាល​ជលផល​កម្ពុជា ថ្លែង​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា គ្រា​ដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​រៀបចំ​ឡើង​ដោយ​សមាគម​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើ​នៃ​កម្ពុជា ក្នុង​គោលបំណង​ស្វះស្វែង​ទប់ស្កាត់​ការ​ដាំ​ក្បាល​ចុះ​នៃ​តម្លៃ​កូន​ក្រពើ​នៅ​លើ​ទីផ្សារ ។

លោក​ថ្លែង​ថា ៖ « យើង​បញ្ជូន​សំណុំ​បែបបទ​ទៅ​កាន់​លេខា​ដ្ឋា​ន​អនុសញ្ញា Sites អន្តរជាតិ នៅ​ប្រទេស​ស្វ៊ី​ស តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ក្នុង​ការ​ស្នើ​សុំ​ដាក់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​កម្ពុជា​ចំនួន​១៦​ចូល​ទៅ​ក្នុង​បញ្ជី ហើយ​ថ្មី​ៗ​នេះ យើង​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ជំនាញ​របស់​អង្គការ​នោះ​ហើយ » ។

លោក​រំពឹង​យ៉ាង​មុតមាំ​ថា កសិដ្ឋាន​ទាំង​១៦​កន្លែង​នឹង​អាច​ចុះបញ្ជី​ក្នុង​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ក្រោយ​ពី​អ្នកជំនាញ​ចុះ​មក​អង្កេត និង​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ពិនិត្យ DNA ចម្រាញ់​ពូជ​សុទ្ធ​ក្រពើ ការងារ​រៀបចំ​អាង និង​បរិស្ថាន​ជាដើម ។ លោក​ថា ៖ « ការ​ចុះបញ្ជី​ហ្នឹង វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​អាជីវករ​ខ្មែរ​ឲ្យ​អាច​ចាប់​ដៃគូ​វិនិយោគ​ធំ​ៗ​ពី​ក្រៅប្រទេស និង​នាំ​ផលិតផល​ក្រពើ​របស់​ខ្មែរ​យើង ទាំង​សាច់ -​ស្បែក​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន ដោយ​គ្មាន​ការ​រាំងស្ទះ​ទៀត​ទេ » ។

លោក​បញ្ជាក់​ថា កម្ពុជា​មាន​ក្រពើ​ចំនួន​២​ប្រភេទ គឺ​ក្រពើ​ភ្នំ ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ និង​មួយ​ប្រភេទ​ទៀត គឺ​ក្រពើ​ត្រី ដែល​កសិករ​កំពុង​ចិញ្ចឹម ជា​ពូជ​ក្រពើ​ជិត​រង​គ្រោះ​។​ដូច្នេះ ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ត្រូវ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​អង្គការ​អន្តរជាតិ​នេះ ។

លោក ងួ​ន ណាំ ប្រធាន​សមាគម​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើ​នៃ​កម្ពុជា និង​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប ដែល​បាន​ចុះបញ្ជី​នៅ​អង្គការ​អន្តរជាតិ​កាលពី​ពេល​កន្លង​ទៅ និង​ជា​អ្នក​មានបទពិសោធន៍​លើ​ការ​ថែទាំ និង​ចិញ្ចឹម​ក្រពើ​ជាង​២០​ឆ្នាំ បាន​ថ្លែង​ថា ទម្លាប់​ចិញ្ចឹម​ក្រពើ​ភ្ញាស់​កូន​លក់ វា​ជិត​ដល់​ដំណាក់កាល​រលំរលាយ​ហើយ ខណៈ​កសិករ​ខ្មែរ​បាត់បង់​សាមគ្គីភាព រក​វិធី​ទប់ស្កាត់​ល្បិច​កល​ទម្លាក់​ថ្លៃ​កូន​ក្រពើ​ពី​សំណាក់​ឈ្មួញ​វៀតណាម និង​ថៃ ។

លោក​ថា ៖ « ក្រពើ​១​ឆ្នាំ អាច​លក់​កូន​បាន​តែ​ម្តង​ទេ តែបើ​អ្នក​ចិញ្ចឹម​ក្រពើ​ទាំងអស់​ប្រជែង​គ្នា​លក់ វា​មិន​ខុស​អី​ពី​ការ​អារ​.​ក​ខ្លួនឯង​ទេ ព្រោះ​ឈ្មួញ​វៀតណាម​និង​ថៃ ដែល​គេ​ទទួល​ទិញ​កូន​យក​ទៅ​ចិញ្ចឹម​យក​ស្បែក គេ​ចាំតែ​ទម្លាក់​ថ្លៃ​ទេ » ។

លោក​ទទូច​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​ទាំងអស់ ជា​ពិសេស អ្នក​ចិញ្ចឹម​ជា​កសិដ្ឋាន​ធំ​ៗ គួរតែ​ចេះ​សហការ​គ្នា កុំ​ប្រជែង​គ្នា​លក់ ត្រូវ​ត្រៀម​អាង ឬ​កន្លែង​ស្តុក​កូន​ក្រពើ​មួយ​រយៈពេល​ខ្លី នៅ​គ្រា​ដែល​ទីផ្សារ​កូន​ក្រពើ​ជន់ បើ​ពុំ​ដូច្នោះ​ទេ ស្លាប់​ទាំងអស់​គ្នា​មិន​ខាន ។

លោក ឆាយ ពៅ កសិករ​ចិញ្ចឹម​ក្រពើ​នៅ​ម្តុំ​មុខ​វត្ត​ស្វាយ សង្កាត់​សៀមរាប ដែល​បាន​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​អស់​រយៈពេល​ជាង​២០ ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហាង​ឆេង​​កូន​ក្រពើ​បាន​ដាំ​ក្បាល​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លោក​ថា ៖ «​បើ​ឆ្នាំ​ក្រោយ​ៗ​ចុះថោក​ទៀត ប្រហែល​លែង​មាន​អ្នក​ចិញ្ចឹម​ហើយ ព្រោះ​មិន​អាច​ទប់ទល់​នឹង​ចំណី​វា​បាន » ។

លោក​បន្ដ​ថា ៖ « មេ​ក្រពើ​១​ក្បាល​អាច​ផលិត​កូន​ក្រពើ​មធ្យម​ពី​៣០​ទៅ​៤០​ក្បាល​ក្នុង​១​ឆ្នាំ​។ កាលពី​ឆ្នាំ​២០១៥ កូន​ក្រពើ​១​ក្បាល​លក់​បាន​តម្លៃ​ចាប់​២៧​ទៅ​២៨​ដុល្លារ ។ នៅ​ឆ្នាំ​២០១៦ កូន​១​ក្បាល តម្លៃ​ដើម​ទី​២១​ដុល្លារ ធ្លាក់​មក​ត្រឹម​១៤​ដុល្លារ​។ លុះដល់​ឆ្នាំ​២០១៧​នេះ កូន​ក្រពើ​ញាស់​ដំបូង​លក់​បាន​១៦​ដុល្លារ តែ​ពេល នេះ​ធ្លាក់​មក​ត្រឹម​១១​ដុល្លារ​គឺ​ធ្លាក់​រហូត » ។

ចំណែក​លោក សាំង ចំរើន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ស្រុក​ប្រាសាទបាគង មាន​មេ​ពូជ​រហូត​ដល់​៧០០​ក្បាល និង​ស្ថិត​ក្នុង​ចំណោម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ទាំង​១៦ ដែល​កំពុង​ដាក់​ពាក្យសុំ​ចុះបញ្ជី​ក្នុង​អង្គការ​នេះ​ដែរ​បាន​និយាយ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក ការ​ចិញ្ចឹម​ក្រពើ​របស់​លោក​បាន​ត្រឹមតែ​ភ្ញាស់​កូន​លក់​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ក្តី​ស្រមៃ​របស់​លោក គឺ​ចង់​ប្រែក្លាយ​កសិដ្ឋាន​ពី​ចិញ្ចឹម​ភ្ញាស់​កូន​លក់ ទៅ​ជា​ចិញ្ចឹម​យក​ស្បែក​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ប៉ុន្តែ​មិន​អាច​សម្រេច​ដោយ​ប្រថុយប្រថាន​បាន​ទេ ខណៈ​គ្មាន​ច្បាប់​នៅ​ក្នុង​ដៃ ។

លោក​បន្ថែម​ថា កន្លង​មក ដោយសារ​តែ​យើង​មិន​បាន​ចុះបញ្ជី Sites ទើប​ធ្វើ​ឲ្យ​វិនិយោគិន ឬ​អ្នកបញ្ជា​ទិញ​ផលិតផល​ស្បែក​ក្រពើ​ធំ​ៗ ដូច​ជា ជប៉ុន និង​សិង្ហ​បុរី ដែល​គេ​រកស៊ី​ស្របច្បាប់ មិន​ហ៊ាន​ទិញ​ផលិតផល​របស់​លោក ។

ចំណែក​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មាន​ទ្រុងទ្រាយ​ធំ​ម្នាក់​ទៀត លោក សេង រិ​ទ្ធ  និយាយ​ថា លោក​ក៏​កំពុង​អន្ទះអន្ទែង​ចង់បាន​ច្បាប់​ខាងលើ​នេះ​ដែរ ។ កន្លង​មក លោក​ធ្លាប់​មាន​អាជីវករ​មក​ពី​ប្រទេស​ចិន​ទាក់ទង​ឲ្យ​ចុះ​កុងត្រា​នាំ​ចេញ​ស្បែក​ក្រពើ​រាប់​ម៉ឺន​ក្បាល​ទៅ​ចិន​ដែរ ប៉ុន្តែ​ដោយសារ​តែ​កសិដ្ឋាន​លោក​មិន​បាន​ចុះបញ្ជី Sites អន្តរជាតិ ទើប​លោក​របូត​ឱកាស​ដ៏​ល្អ​នោះ​ទៅ ។

នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រមាណ​៧០០​កសិដ្ឋាន នៅ​តាម​ខេត្ត​ចំនួន​៧ រួម​មាន សៀមរាប កំពង់ធំ បាត់ដំបង បន្ទាយ​មាន​ជ័យ កណ្តាល កំពង់ឆ្នាំង និង​ពោធិ៍សាត់ ដែល​មាន​លទ្ធភាព​ផលិត​កូន​ក្រពើ​បាន​លើស​ពី​៤០​ម៉ឺន​ក្បាល​ក្នុង​១​ឆ្នាំ ប៉ុន្តែ​មាន​តែ​កសិដ្ឋាន​ចំនួន​៥​ប៉ុណ្ណោះ​បាន​ចុះបញ្ជី​ក្នុង​អនុសញ្ញា Sites អន្តរជាតិ គឺ​នៅ​ខេត្តបាត់ដំបង​១​កន្លែង បន្ទាយ​មាន​ជ័យ​១​កន្លែង និង​ខេត្តសៀមរាប​១៤​កន្លែង ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អិុ​ន ហ៊ុ​ល អនុប្រធាន​អភិរក្ស​នៃ​រដ្ឋបាល​ជលផល​កម្ពុជា ។

គួរ​បញ្ជាក់​ថា អនុសញ្ញា​អន្តរជាតិ ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​កំពុង​រងគ្រោះថ្នាក់​ហៅ​កាត់​ថា​«Sites» មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស ត្រូវ​បាន​រៀបចំ​សេច​ក្តី​ព្រាង​នៅ​ឆ្នាំ​១៩៦៣ អនុម័ត​ក្នុង​ឆ្នាំ​១៩៧៣ ហើយ​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​១៩៧៥ ដោយ​មាន​សមាជិក​ចំនួន​១៨៣​ប្រទេស ក្នុង​នោះ​កម្ពុជា​ក៏​ជា​រដ្ឋ​សមាជិក​ដែរ ៕