ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ខណៈស្រវឹងហើយចង់ច្រៀងបទជាចង្វាក់ស្លូ នៅក្នុងកម្មវិធីកាត់ចំណង
ដៃកូនកំលោះកូនក្រមុំ តែដោយសាររង់ចាំយូរពេក ទប់ចិត្តមិនបានក៏ទៅយកកាំបិ.តប៉័ងតោនៅកន្លែងចុងភៅ រួចមកកា.ប់បុរសដែលជាអ្នកចម្រៀងមួយកាំបិ.ត បណ្ដាលឱ្យរងរបួសធ្ងន់ ហើយរត់ទៅសម្ងំដេកនៅផ្ទះខ្លួនឯងធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោងប្រមាណ៧និង៥០នាទីយប់ នៅផ្ទះឈ្មោះ ស៊ន អែម ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ តែក្រោមបញ្ជារបស់លោកស្នងការនគរបាលខេត្ត បានឲ្យកងកម្លាំងចុះទៅចាប់ខ្លួនទាំងយប់ ។
![Picture]()
លោក ឆុំ សាវុធ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បុរសខាងលើនេះឈ្មោះ ផាន សុជាតិ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ខាងលើជាមួយគ្នា បានយកកាំបិ.តបុ័ងតោកា.ប់ទៅលើឈ្មោះ កែវ ឌីវ៉ា ភេទប្រុស ដែលជាអ្នកចម្រៀងច្រៀងឱ្យក្រុមតន្ត្រីដង្ខៅស្រុកស្រែ ត្រូវចំស្មាខាងឆ្វេងរងរបួសធ្ងន់ ។ ជនរងគ្រោះមានទីលំនៅក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនក្បែរនោះផងដែរ ក្រោយពេលកើតហេតុ។
លោកអធិការរងបន្តថា មុនពលេកើតហេតុ ក្នុងពេលដែលភ្ញៀវកំពុងនាំគ្នារាំចង្វា់រាំវង់ ជនឈ្មោះ ផាន សុជាតិ បានឡើងទៅលើឆាកសុំច្រៀងមួយបទជាចង្វាក់ស្លូ ។ គ្រានោះ អ្នកចម្រៀងបាននិយាយឱ្យដឹងថា «ចាស់ៗគេកំពុងតែរាំវង់ បើបងច្រៀងបទស្លូ មិនមានគេរាំទេ»។ បន្ទាប់មក ជននេះបានមកតុអង្គុយផឹកស្រាបន្តទៀត ហើយចេះតែចាំយូរទៅៗក៏កើតការខឹងសម្បា ហើយដើរតម្រង់ទៅកន្លែងចុងភៅធ្វើម្ហូបការ រួចយកកាំបិ.តប៉័ងតោមកសៀតនឹងចង្កេះ ហើយដើរតម្រង់ទៅលើឆាកក្រុមតន្ត្រី ។ ពេលឡើងដល់លើឆាកភ្លាម ក៏លើកដៃជម្រាបសួរអ្នកចម្រៀងរូបនោះម្ដងជាពីរដង រួចទាញយកកាំបិ.តមកកា.ប់ជនរងគ្រោះតែម្តង ។
![Picture]()
លោកអធិការរងបន្តទៀតថា ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើលពេញរោងការតែម្ដង ហើយភ្ញៀវដែលមកចូលរួមនាំគ្នារត់ទៅផ្ទះរៀងៗខ្លួន ចំណែកក្រុមតន្ត្រីក៏បានបិទមិនច្រៀងបន្តទៀតដែរ ។ ក្រោយពីបង្កហិ.ង្សាហើយ ជនបង្កបានរត់ទៅផ្ទះរបស់ខ្លួនដែលមានចម្ងាយពីផ្ទះមង្គលការប្រមាណ៣០០ទៅ៤០០ម៉ែត្រ ហើយសម្ងំដេកធ្វើដូចជាមិនដឹងរឿងអ្វីសោះ។
បន្ទាប់ពីទទួលបណ្តឹងរាយការណ៍ភ្លាម កម្លាំងនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងស្វែងរកចាប់ខ្លួនជនឈ្មោះ ផាន សុជាតិ បានភ្លាមៗដល់លំនៅឋានតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ ជនរងគ្រោះជាអ្នកចម្រៀងមិនបានប្ដឹងទារសំណងអ្វីនោះទេ ដោយគ្រាន់តែឲ្យនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ