អ្នកក្រុងភ្នំពេញរត់ប្រសេចប្រសាច ជ្រួលច្របល់ ភ័យស្លន់ស្លោ… ហើយមិនយូរប៉ុន្មានភាពស្ងាត់ជ្រងំបានគ្របដណ្តប់លើទីក្រុងដ៏តូចមួយនេះនៅវេលារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧ ។ នៅតាមដងផ្លូវគ្មានចរាចរ ទីផ្សារនានាត្រូវបានបិទទ្វារមួយរំពេច សូម្បីតែជាងប៉ះកង់ និងជាងដេរស្បែកជើងនៅតាមចិញ្ចើមថ្នល់ក៏បាត់ស្រមោលដែរ ។ វាជាការចាប់ផ្តើមសង្គ្រាមមួយ… ស្នូរគ្រាប់កាំភ្លើងចម្រុះឮចេញមកពីទិសខាងលិចជំនួសនូវភាពប្រក្រតីទាំងឡាយ ។ ខ្ញុំ(សំ សុភារិន្ទ)ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀតស្ថិតនៅក្នុងហេតុការណ៍ ហើយចាំថាការភ័យខ្លាចនៅពេលនោះមានទំហំធំធេងបំផុត ។
អ្នកជិតខាងខ្ញុំខ្លះ(ម្តុំខាងត្បូងផ្សារអូរឫស្សី)ដែលមានវ័យជាង៥០ឆ្នាំពេញទៅដោយបទពិសោធន៍សង្គ្រាមបានបិទទ្វារផ្ទះនាំក្រុមគ្រួសារឆ្ពោះទៅស្រុកកំណើតដោយម៉ូតូ ឬរថយន្តផ្ទាល់ខ្លួនជាបន្ទាន់។ ស្របគ្នានោះមនុស្សភាគច្រើនបំផុតសម្ងំនៅក្នុងផ្ទះទាំងមិនដឹងថាស្ថានការណ៍នឹងទៅជាយ៉ាងណា ? ចរន្តអគ្គិសនី ទឹក និងវិទ្យុ-ទូរទស្សន៍ជាតិមិនត្រូវបានកាត់ផ្តាច់ ហាក់ដូចជាជួយសម្រាលការភ័យខ្លាចខ្លះ ព្រោះគ្រប់គ្នាគិតថាសភាពការណ៍មិនទាន់ធ្ងន់ ។
ជាមួយស្នូរកាំភ្លើងដែលក្មេងជំនាន់ក្រោយពុំធ្លាប់ឮ ហើយមនុស្សវ័យចំណាស់ខានស្តាប់ជាច្រើនឆ្នាំមកហើយនោះ ក្តីរន្ធត់មានពេញមួយយប់ និងបន្តរហូតដល់ព្រឹកថ្ងៃទី៦ កក្កដា ។ ព្រឹកនោះទីក្រុងមានសភាពដូចជាត្រូវគេបោះបង់ចោលជាយូរមកហើយ ពីតាមផ្ទះនានាឃើញតែមនុស្សអើតក្បាលរហង់សម្លឹងទៅទិសខាងលិចឆៀងខាងត្បូងម្តុំពោធិ៍ចិនតុង មើលអណ្តាតភ្លើងឆេះក្រហមមេឃ ផ្សែងខ្មៅអណ្តែតឡើង និងមានកម្ទេចកម្ទីពណ៌ស តូចៗធ្លាក់ចុះមកផង ។ គ្មាននរណាដឹងថាភ្លើងកំពុងបំផ្លាញអ្វីនោះទេ ។
ពិតជាមានការភ្ញាក់ផ្អើលណាស់នៅពេលខ្ញុំចុះពីលើផ្ទះនៅជាន់ទី៣ មកក្រោម ដោយនៅតាមសំយាបផ្ទះនានាឃើញដេរដាសដោយជនភៀសសឹកដែលបានចាកចេញពីលំនៅដ្ឋានដោយមានរបស់របរកំបុិកកំប៉ុក សំពីងសំពោងតាំងពីយប់ម្ល៉េះ ។ អ្នកទាំងនោះមានមកពីម្តុំសំណង់១២ ពេទ្យលោកសង្ឃ និងទួលគោក ជាដើម ព្រោះកន្លែងទាំងនោះជាសមរភូមិក្តៅ ។
នៅម៉ោង៨ និង១៨នាទី គ្រាប់កាំភ្លើងធំមួយត្រូវបានបាញ់ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិកលាន់កក្រើកសំដៅទៅទិសខាងកើត ធ្វើឱ្យអ្នកនៅកណ្តាលក្រុងភ័យញ័រសាច់ គិតថាការប្រយុទ្ធរំកិលមកកាន់តែកៀក ។ សម្រាប់ខ្ញុំដោយធ្លាប់អានសៀវភៅប្រវត្តិសាស្ត្រ ខ្ញុំមានអារម្មណ៍ថាតើនេះជាព្រឹត្តិការណ៍ដូចថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥នោះឬ ? គ្រប់គ្នាសែនបារម្ភពីវាសនាអនាគតមាតុភូមិ ព្រោះអាចធ្លាក់ក្នុងជ្រោះមរណៈម្តងទៀត ។
ទោះជាយ៉ាងណាក៏នៅមានសកម្មភាពខ្លះដែរពីអ្នកស្វែងរកទិញស្បៀងអាហារសម្រាប់ទុកបម្រុងក្នុងអំឡុងពេលសង្គ្រាម ។ ហាងលក់អង្ករពីរ បីកន្លែងនៅខាងត្បូងផ្សារអូរឫស្សី ដែលឃើញដាក់អង្ករគរលក់ដូចភ្នំតាំងពីម្សិលត្រូវបានមនុស្សម្នាដណ្តើមគ្នាទិញអស់គ្មានសល់ ។ ដោយឡែកមីងរបស់ខ្ញុំទៅដណ្តើមទិញបានតែអង្ករ៤គីឡូក្រាមប៉ុណ្ណោះ ។ ក្រៅពីនេះគាត់ទិញបានទឹកស៊ីអ៊ីវ៥ដប ដែលក្នុង១ដបឡើងថ្លៃរហូតដល់៥ពាន់រៀល ។ ក្រុមគ្រួសារខ្ញុំមានការបារម្ភណាស់ ព្រោះស្បៀងអាហារមានបន្តិចបន្តួចនេះមិនអាចផ្គត់ផ្គង់ពួកយើងបានយូរនោះទេ បើសង្គ្រាមអូសបន្លាយច្រើនថ្ងៃ តើពួកយើងបានអ្វីហូប ? ពួកយើងពិតជាចង់ធ្វើដំណើរទៅតាកែវណាស់ តែមានដំណឹងថាគ្មានរថយន្តឈ្នួល ហើយតាមផ្លូវក្នុងទីក្រុងមានការគំរាមកំហែងពីពួកទាហាន និងមានជនខិលខូចឆ្លៀតឱកាសឆក់ប្លន់ ។ ការអន្ទះសារបស់ពួកយើងបានត្រឹមតែរង់ចាំឱ្យសភាពការណ៍ត្រឡប់ដូចដើមវិញប៉ុណ្ណោះ ។
ខ្ញុំពិតជាចង់កត់ត្រានូវទិដ្ឋភាពទាំងឡាយខ្លាំងណាស់ តែភាពស្ងាត់ជ្រងំបានកម្លាចខ្ញុំមិនឱ្យហ៊ានចាកចេញឆ្ងាយពីផ្ទះ ។ នៅវេលាថ្ងៃត្រង់ក្រុមគ្រួសារខ្ញុំទទួលទានអាហារយ៉ាងសន្សំសំចៃបំផុត។ ក្រោយមកនៅម៉ោង១ និង៤៥នាទីរសៀល គ្រាប់តូចធំចម្រុះគ្នាលាន់រំពងបន្ទាប់ពីមានភាពស្ងប់ស្ងាត់រយៈពេលប្រមាណតែមួយម៉ោងប៉ុណ្ណោះ ។ រហូតដល់ម៉ោង២រសៀលមានភ្លៀងធ្លាក់ ប៉ុន្តែទឹកភ្លៀងមិនអាចរំលត់ភ្លើងសង្គ្រាមបានឡើយ ។
នៅវេលារសៀលប្រហែលម៉ោង៤ជាងលើដងវិថីទេពផនឃើញមានសុីក្លូបីបួនគ្រឿងដឹកជនស្លៀកពាក់ទាហានជាមួយនឹងម៉ូតូមានស្នាមឆេះរោល ហើយក្នុងសុីក្លូ មួយគ្រឿងៗខ្លះផ្ទុកម៉ូតូមួយគ្រឿង ខ្លះពីរគ្រឿងចេញមកពីទិសខាងលិច ។ លុះវេលាល្ងាចមុនថ្ងៃលិចបន្តិចទាហានចងក្រណាត់ក្រហមនៅលើកាណុងកាំភ្លើង ឬចងនៅលើប៉ូលអាវ ខ្លះជិះម៉ូតូ ខ្លះជិះរថយន្ត យូរៗឃើញមួយនៅលើដងវិថីហាក់បញ្ជាក់ថាពួកគេទើបរួចដៃពីប្រយុទ្ធ ។
ពេលយប់មកដល់ស្នូរកាំភ្លើងស្ងប់ស្ងាត់អស់ ហើយនៅម៉ោងប្រហែល៧តាមទូរទស្សន៍ជាតិបានចាក់បង្ហាញរូបភាពមនុស្សមួយចំនួននៅដំណាក់សម្តេចក្រុមព្រះ(ពេលនោះជានាយករដ្ឋមន្ត្រីទី១)លើកដៃឡើងលើគ្រវីក្រណាត់សជាការបញ្ជាក់ថាភាគីទាំងពីរយល់ព្រមបញ្ចប់ការប្រយុទ្ធ ។
៦ កក្កដា ឆ្នាំ១៩៧៨ ខ្ញុំបានចាប់កំណើតក្នុងសង្គមឧក្រិដ្ឋខ្មែរក្រហមពោរពេញទៅដោយការបង្ខំឱ្យធ្វើការហួសកម្លាំង ជាមួយការផ្តល់អាហារតិចតួច ការធ្វើទារុណកម្មសាហាវព្រៃផ្សៃ និងការកាប់សម្លាប់ទាំងគ្មានកំហុស ។ ៦ កក្កដា ១៩៩៧ ជាថ្ងៃខួបកំណើតខ្ញុំដែលអធិកអធមដោយស្នូរកាំភ្លើងកណ្តាលទីក្រុងជំនួសនូវភាពរីករាយ ។
សង្គ្រាមបានរលត់ទាំងស្រុង តែគ្មាននរណាអាចដាក់ឈ្មោះព្រឹត្តិការណ៍នោះថាជាអ្វីឱ្យចំទេ ។ ខ្លះនិយាយថា«ជារដ្ឋប្រហារ» អ្នកខ្លះថា«ជាព្រឹត្តិការណ៍បង្ក្រាបក្រុមអនាធិបតេយ្យដែលនាំពួកខ្មែរក្រហមជាច្រើនរយនាក់ចូលក្រុងភ្នំពេញ» ។
បន្ទាប់ពីព្រឹត្តិការណ៍នោះ នាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន ខិតខំដុតដៃដុតជើងដើម្បីបន្តនិរន្តរភាពរដ្ឋាភិបាល ក្នុងខណៈដែលនយោបាយជាតិប្រេះឆាអស់ទៅហើយ រហូតដល់មានការបោះឆ្នោតជាថ្មីនៅឆ្នាំ១៩៩៨ ។ ទោះជាយ៉ាងណាព្រឹត្តិការណ៍៥-៦ កក្កដា ឆ្នាំ១៩៩៧ បានបំផ្លាញជីវិតមនុស្ស ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រួមទាំងធ្វើឱ្យទ្រុឌទ្រោមនយោបាយ-សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ដែលប្រជាជនខ្មែរមិនចង់ជួបជាលើកទី២ទៀតឡើយ ៕
ចែករំលែកព័តមាននេះ