ខេត្តស្វាយរៀង ៖ មានឈ្មួញ០២ក្រុមហ៊ុននាំគោក្របីចេញទៅប្រទេសវៀតណាមតាមច្រករបៀងក្រសាំងជ្រំទាំងយប់ទាំងថ្ងៃបង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភៈជាខ្លាំងខ្លាចមានចោរកម្មបន្លំលួចដឹកគោក្របីរបស់ពួកគាត់ឆ្លងដែនទៅប្រទេសវៀតណាមដែរ។ករណីប្រជាពលរដ្ឋរស់នៅជិតបន្ទាត់ព្រំដែនបានលើកឡើង កាលពីល្ងាចថ្ងៃទី៤ មករា ២០២៣ នៅភូមិក្រសាំងជ្រំឃុំក្រួស ស្រុកស្វាយជ្រំ។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតព្រំដែន ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ បានប្រាប់កោះសន្តិភាពថា ប៉ុន្មានខែចុងក្រោយនេះ មានឈ្មួញនាំសត្វគោក្របីចេញទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ហើយឈ្មួញមកសាងសង់ក្រោលគោ ក្រោលក្របី នៅក្នុងភូមិជិតច្រករបៀងក្រសាំងជ្រំនៃប៉ុស្តិ៍វរៈការពារព្រំដែនគ្រួស ឃុំគ្រួស និងបាននាំគោក្របីចេញទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃធ្វើឲ្យពួកគាត់មានការព្រួយបារម្ភៈជាខ្លាំង ខ្លាចមានចោរកម្ម ចោរមកបន្លំលួចគៀងក្របី គោ របស់ប្រជាពលរដ្ឋដែលយកទៅឃ្វាលឲ្យស៊ីស្មៅនៅតាមវាលស្រែជិតព្រំដែន ហើយក្រុមឈ្មួញក៏យកគោក្របីមួយចំនួន មកឃ្វាលជាមួយគោក្របីប្រជាពលរដ្ឋដែរ ហើយពេលយប់គេកៀងដេញឆ្លងដែនទៅប្រទេសវៀតណាម ទើបប្រជាពលរដ្ឋមានការព្រួយបារម្ភៈ ពីដើមពេលបាត់គោក្របី គឺចាស់ទុំចេញរក គឺតាមដានស្នាមជើងក៏ប៉ុន្តែបច្ចុប្បន្នគេដឹកតាមរថយន្ត មិនអាចតាមដានស្នាមជើងបានទៀតទេ។
ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យឈ្មួញដឹកជញ្ជូនគោក្របី នៅពេលថ្ងៃ សូមកុំដឹកជញ្ជូននៅពេលយប់ សមត្ថកិច្ចពិបាកត្រួតពិនិត្យ ភ័យខ្លាចកើតមានចោរកម្ម ចោរបន្លំលួចដឹកគោក្របីរបស់ប្រជាពលរដ្ឋ ខណៈភូមិអ្នកស្រុកនៅជិតព្រំដែនដឹកតែ២បីភូមិ គឺចូលដល់ដីប្រទេសវៀតណាមហើយ។
ចំណែកអាជ្ញាធរបានលើកឡើងថា បច្ចុប្បន្ន សត្វគោក្របី មានទីផ្សារ ទូលំទូលាយ ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ព្រំដែនមានការចិញ្ចឹមគោ ក្របី ច្រើនឡើងវិញ គឺក្នុង១គ្រួសារចាប់ពី១០ក្បាល២០ក្បាល រហូតដល់១០០ក្បាល ទៅ២០០ក្បាល ហើយអ្នកស្រុកស្វាយជ្រំ គឺចូលចិត្តចិញ្ចឹមគោក្តាមតូចៗ និងក្របី។
ប្រជាពលរដ្ឋលើកឡើងថា តម្លៃគោក្តាម គឺលក់បានតម្លៃទាប រីឯគោកូនកាត់មានតម្លៃខ្ពស់។គោក្តាមក្នុង១ក្បាលតម្លៃជាង១លានរៀលទៅ២លានរៀលប៉ុណ្ណោះ រីឯគោកូនកាត់០១ក្បាលតម្លៃរហូត២,០០០ដុល្លារក៏មាន។ចំណែកក្របីក្នុង១ក្បាលតម្លៃ១,០០០ដុល្លារទៅ១,៥០០ដុល្លារ។
ប្រភពបន្តថា សត្វគោក្តាមលក់បានតម្លៃទាប ដោយសារសមត្ថកិច្ចដែលយាមតាមបន្ទាត់ព្រំដែននៃច្រករបៀងក្រសាំងជ្រំ គឺគេរាប់ក្បាលយកលុយក្នុង១ក្បាល៥ម៉ឺនរៀលទៅ១០ម៉ឺនរៀល និង១៥ម៉ឺនរៀលតាមគោតូចគោធំ មូលហេតុនេះហើយទើបឈ្មួញទិញគោក្តាមមានតម្លៃទាប។ប្រជាពលរដ្ឋបានលើកឡើងថា បើសមត្ថកិច្ចយកប្រាក់ក៏យកទៅចុះ តែសំណូមពរឲ្យយក១ក្បាល១ម៉ឺនរៀលទៅ២ម៉ឺនរៀលបានហើយ។
ទាក់ទិនករណីនេះដែរ លោកប៉ែនចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀងបានមានប្រសាសន៍ថា មានក្រុមហ៊ុនចំនួន០២ មានច្បាប់អនុញ្ញាតនាំគោ ក្របីឆ្លងដែនទៅប្រទេសវៀតណាម គឺ ៖ ក្រុមហ៊ុនសុខរិទ្ធ មានជ័យ និងក្រុមហ៊ុនយុវពាណិជ្ជ។ហើយបញ្ហាបង់ប្រាក់លោកមិនបានដឹងទេ មន្ត្រីជំនាញពេទ្យសត្វ គឺពិនិត្យ តែសុខភាពសត្វប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានសំណូមពរទៀតថា ដោយបច្ចុប្បន្ន គោក្របីមានទីផ្សារនាំចេញទៅក្រៅប្រទេស សូមឲ្យមន្ត្រីពេទ្យសត្វពិនិត្យសុខភាពសត្វឲ្យបានល្អ ជៀសវាងមន្ត្រីពេទ្យសត្វខាងវៀតណាមពិនិត្យហើយថាសុខភាពសត្វគោក្របីខ្មែរយើងមិនល្អនាំឲ្យប៉ះពាល់ទីផ្សារគោក្របី ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ