ខេត្តព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រៃវែង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីប៉ុនប៉ងផ្តាច់ជីវិតគ្រូបង្រៀន ក្នុងគោលបំណងដោះស្រាយគំនុំចាស់ តែទីបំផុតមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ហ៊ន សុផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ (ចេញចូលទៅរកស៊ីនៅប្រទេសថៃ)។ ចំណែកជនរងគ្រោះវិញមានឈ្មោះ ទេស តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង មុខរបរជាគ្រូបង្រៀន។

តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង១២និង៥៣នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ មានករណីប៉ុនប៉ងបា.ញ់សម្លា.ប់មនុស្សតែមិនបានសម្រេច ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
អំពើបា.ញ់ប្រ.ហារខាងលើនេះត្រូវបានគេដឹងថា ជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ ដោយកន្លងមក ពួកគេទាំងពីរជាមនុស្សរស់នៅផ្ទះជាប់របងគ្នា និងធ្លាប់មានទំនាស់ឈ្លោះប្រកែកប្តឹងផ្តល់គ្នាទៅវិញទៅមក និងបានធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់អស់ហើយ។ ក្រោយមកជនសង្ស័យក៏បានលែងលះគ្នាជាមួយប្រពន្ធតាមសេចក្តីសម្រេចរបស់តុលាការចប់សព្វគ្រប់ទៀតផង ហើយរាល់ថ្ងៃនេះជនសង្ស័យបានទៅធ្វើការងាររកស៊ីនៅប្រទេសថៃ និងចេញចូលទៅវិញទៅមក ព្រមទាំងបានមកមើលកូនជាបន្តបន្ទាប់ដែរ។

លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានមកលេងផ្ទះអតីតប្រពន្ធ ពេលនោះក៏ជួបជនរងគ្រោះ ហើយជនសង្ស័យក៏បានបា.ញ់ប្រ.ហារប៉ុនប៉ងសម្លា.ប់គ្រូបង្រៀន (ជនរងគ្រោះ) តែម្តង តែមិនបានសម្រេច ដោយសារជនរងគ្រោះបានទាញទ្វារបិទទាន់។
បន្ទាប់ពីកើតមានអំពើបា.ញ់ប្រ.ហារខាងលើនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាទៅស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងចុះសហការជាមួយនគរបាលមូលដ្ឋានក្រុងព្រៃវែង ដើម្បីស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ខ្មាន់កាំភ្លើ.ងនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាក់ស្តែងសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ