វៀតណាម ៖ បុរសម្នាក់ រស់នៅតំបន់ខ្ពង់រាបភាគកណ្តាលប្រទេសវៀតណាម ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ យកឈើចាក់ធ្មេញប្រវែង ៦,៥សង់ទីម៉ែត្រ ចេញពីពោះវៀនតូចរបស់គាត់ បន្ទាប់ពីឈឺពោះអស់រយៈពេល ២ខែមកហើយ នេះបើយោងតាមសារព័ត៌មាន Vnexpress ចុះផ្សាយកាលពីថ្ងៃទី០៣ មករា ២០២៣នេះ ។
លោក Hoang Van Quang អាយុ៥៩ឆ្នាំ រស់នៅខេត្តដាកឡាក់ បាននិយាយថា គាត់ចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ក្នុងកម្រិតផ្សេងៗគ្នា ម្តងឈឺខ្លាំង ម្តងឈឺតិច នៅក្នុងពោះខាងស្តាំរបស់គាត់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hoang បានសន្មត់ថា ការឈឺចាប់នេះ អាចបណ្តាលមកពីគ្រួសក្នុងបង្ហួរនោម ដែលគាត់បាននិងកំពុងព្យាបាល ហើយគ្រូពេទ្យក៏បានកំណត់ពេល ដើម្បីធ្វើការវះកាត់យកគ្រួសចេញរួចហើយ ។ ប៉ុន្តែពីមួយថ្ងៃ ទៅមួយថ្ងៃ លោក Hoang មិនបានទៅជួបគ្រូពេទ្យ ដើម្បីមើលពីអ្វី ដែលធ្វើឲ្យមានការឈឺចាប់ក្នុងពោះរបស់គាត់ទេ ។
បន្ទាប់ពីការឈឺចាប់កាន់តែខ្លាំង រហូតមិនអាចទ្រាំបានទៀតនោះ លោក Hoang បានទៅមន្ទីរពេទ្យធំមួយ ក្នុងទីក្រុងហូជីមិញ កាលពីសប្តាហ៍មុន ។
ការស្កែន ពោះរបស់គាត់ បានបង្ហាញថា មានឈើចាក់ធ្មេញ(ឈើឬស្សី) ០១ដើមប្រវែង ៦,៥សង់ទីម៉ែត្រ ដែលមានចុងស្រួចទាំងសងខាង បានចាក់ទម្លុះពោះវៀនតូចរបស់គាត់ ។ ក្រុមគ្រូពេទ្យបានប្រើឧបករណ៍អង់ដូស្កុប ដើម្បីចាប់យកឈើចាក់ធ្មេញចេញពីពោះវៀន ។
លោកវេជ្ជបណ្ឌិតមួយរូប ជាអនុប្រធានមជ្ឈមណ្ឌល ពិនិត្យ និងវះកាត់ក្រពះពោះវៀន បានប្រាប់ថា លោក Hoang មានសំណាងណាស់ ដែលឈើចាក់ធ្មេញទម្លុះពោះវៀននេះ វាមិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិតគាត់នៅឡើយ ។
ក្រោយពីព្យាបាលថ្នាំផ្សះ បាន៥ថ្ងៃ អ្នកជំងឺមិនមានការឈឺពោះទេ ហើយគ្រូពេទ្យ ក៏អនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញ ៕


ចែករំលែកព័តមាននេះ