ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​មាស​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​អះអាង​ថា នឹង​ហក់​ឡើង​ខ្លាំង ដោយសារ​តែ​ស្ថានភាព​នៃ​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សាកល​បូក​រួម​នឹង​ការ​សម្រុក​ទិញ​ចូល​ស្តុក​របស់​ធនាគារកណ្តាល​នៅ​ប្រទេស​មួយ​ចំនួន​។ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ស៊ី​អេ​ន​ប៊ី​ស៊ី (CNBC)​បាន​ឲ្យ​ដឹង​ថា ហាងឆេង​មាស​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០២៣ មក​ដល់​រួច​ទៅ​ហើយដោយ​ឡែក​នៅ​ពេល​ខាង​មុខ​ពេញ​មួយ​ឆ្នាំ​នេះ​ក្រុម​អ្នកវិភាគ​ជឿ​ថា វា​នឹង​បន្ត​ឡើង​បន្ថែម​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ដំណាច់ឆ្នាំ​២០២៣…

ហាងឆេង​មាស​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​អះអាង​ថា នឹង​ហក់​ឡើង​ខ្លាំង ដោយសារ​តែ​ស្ថានភាព​នៃ​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សាកល​បូក​រួម​នឹង​ការ​សម្រុក​ទិញ​ចូល​ស្តុក​របស់​ធនាគារកណ្តាល​នៅ​ប្រទេស​មួយ​ចំនួន​។

តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ស៊ី​អេ​ន​ប៊ី​ស៊ី (CNBC)​បាន​ឲ្យ​ដឹង​ថា ហាងឆេង​មាស​បាន​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០២៣ មក​ដល់​រួច​ទៅ​ហើយដោយ​ឡែក​នៅ​ពេល​ខាង​មុខ​ពេញ​មួយ​ឆ្នាំ​នេះ​ក្រុម​អ្នកវិភាគ​ជឿ​ថា វា​នឹង​បន្ត​ឡើង​បន្ថែម​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ដំណាច់ឆ្នាំ​២០២៣ ប្រមាណ​ជា​១​ត្រីមាស​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​មាន​តម្លៃ​ប្រមាណ​ជា​២.៤៥០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ប៉ុន្តែ​នៅ​ពេល ដំណាច់ឆ្នាំ គឺ​ឡើង​២.៤៦៦​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង​។​ទោះបីជា​តម្លៃ​មាស​បាន​ធ្លាក់​ចុះ ជា​ទូទៅ​ចាប់​តាំងនៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​ភាព​ចលាចល​ទីផ្សារ​ការ​កើនឡើង​ការ​រំពឹង​ទុក​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​ការ​ទិញ​មាស​កាន់តែ​ច្រើន​ពី​ធនាគារកណ្តាល​នាំ​ឲ្យ​តម្លៃ​វា​មាន​ហាងឆេង​ខ្ពស់​ឡើង​វិញ​។

លោក អោ​ល ហាន​សេន ( Ole Hansen) ប្រធាន​យុទ្ធសាស្ត្រ​ទំនិញ​នៅ​ធនាគារ Saxo Bank ដែល​ជា​ធនាគារ​មួយ​នៅ​ហូ​ឡង់​បាន​និយាយ សេចក្តី​ព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក និង​ចិន​បូក​រួម​នឹង​ហានិភ័យ​នៃ​ភាព​មិន​ច្បាស់លាស់​នៃ​តម្លៃ​ទីផ្សារ​ភាគហ៊ុន ការ​រំពឹង​ទុក​នៃ​អ​ស្ថេ​រ​ភាព​នៃ​ប្រាក់​ដុល្លារ ហើយ​កម្រិត​អតិផរណា​មិន​អាច​ទាញ​មក​នៅ​ត្រឹម​៣% ដូចដែល​គេ​រំពឹង​ទុក គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​រុញច្រាន​ឲ្យ​ហាងឆេង​មាស​ឡើងថ្លៃ ។លោក​បាន​អះអាង​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ហាងឆេង​មាស​នឹង​ចាប់ផ្តើម​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​២.៤៥០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង កាលពី​ឆ្នាំ​២០២២ ទៅ​២.៤៦០ ដុល្លារ​ទៅ​២.៥០០ ដុល្លារ​នឹង​អាច​ឡើងជា​បន្តបន្ទាប់​ទៀត​។

ដោយឡែក​សម្រាប់​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ផ្សេង​ទៀត​ក៏​បាន​វា​.​យ​តម្លៃ​ថា ហាងឆេង​មាស​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​នឹង​ឡើង​ខ្លាំង​ផង​ដែរ ដោយសារ​តែ​គន្លង​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​ពិភពលោក​នៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​មិនសូវ​អំណោយផល ខណៈ​ដែល​ធនាគារកណ្តាល​នៅ​ប្រទេស​ជា​ច្រើន​បាន​កំពុង​តែ​បន្ធូរបន្ថយ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ដ៏​ខ្លាំងក្លា ចំ​ពេល​មាន​កំណើនសេដ្ឋកិច្ច​យឺត និង​ការ​ធ្លាក់​ចុះ​ដែល​អាច​កើត​មាន​។

លោក អេ​រិ​ន ស្ត្រេ​ន ( Eric Strand )​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​រ៉ែ​មាស AuAg ESG Gold Mining ETF បាន​និយាយ​ថា ការ​ជំរុញ​យ៉ាង​ពេញទំហឹង​ដោយ​ធនាគារកណ្តាល​នានា​នៅ​ឆ្នាំ​នេះ ទំនងជា​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​សម្រាប់ តម្លៃ​ហាងឆេង មាស​សាកល​។លោក​បាន​អះអាង​កាលពី​ខែ​មុន​ថា ហាងឆេង​មាស​នៅ​ឆ្នាំ​២០២៣​នឹង​ឡើង​ខ្ពស់​លើស​ពី​២.៧៩០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ដោយសារ​ធនាគារកណ្តាល​នៅ​ប្រទេស​ជា​ច្រើន​បាន​បន្ត​ប្រមូល​មាស​ដើម្បី​បន្ថែម​ទុនបម្រុង​របស់​ពួក​គេ​ជាមួយនឹង​កំណត់​ត្រា​ថ្មី​មួយ​ដែល​បាន​កំណត់​សម្រាប់​តួរ​លេខ​ប្រចាំឆ្នាំ​។លោក​បាន​បន្ត​ថា ដោយសារ​តែ​ស្ថានភាព​នេះ​ហាងឆេង​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​អាច​នឹង​ប្រែប្រួល​ពោល គឺ​ឡើង​ខ្លាំង​បំផុត​ពោល គឺ​រហូត​ដល់​ទៅ​លើស​ពី​២០​ភាគរយ​។

លោក ជូ​អឺ គី​យឺ​ណឺ ( Juerg Kiener) នាយក​គ្រប់គ្រង និង​ជា​ប្រធាន​ផ្នែក​វិនិយោគ​នៅ ក្រុមហ៊ុន Swiss Asia Capital បាន​អះអាង​ថា ហាងឆេង​មាស​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​ប្រែប្រួល​ខ្លាំង​លើស​ពី​អ្វី​ដែល​កើតឡើង​នៅ​ឆ្នាំ​២០០១ និង​២០០៨ ពោល គឺ​ហាងឆេង​មាស​នឹង​ប្រែ​ប្រូ​ល​ចន្លោះ​ពី​៦០០​ទៅ ១.៨០០​ដុល្លារ ដូច្នេះ​កម្រិត​នៃ​ការ​ប្រែ​ប្រូ​ល​គិត​ជា​ភាគរយ​គឺ​មិនមែន​ត្រឹម​១០​ទៅ​២០​ភាគរយ​នោះ​ទេ គឺ​លើស​ពី​នេះ​។

ផ្អែក​តាម​ទឡ្ហីករណ៍​បី គឺ​ភាព​មិន​ច្បាស់លាស់​នៃ​សង្គ្រាម​, ការ​បន្ត​ការ​ជំរុញ​ការ​ចំណាយ​លើ​ឱនភាព​លើ​គម្រោង​ផ្លាស់​ប្តូរ​ប្រភព​ផ្គត់ផ្គង់​ថាមពល និង​សេចក្តី​ព្រួយបារម្ភ​នៃ​វិបត្តិ​ក​សេដ្ឋកិច្ច​សាកល​នាំ​ឲ្យ​អ្នកវិភាគ​ខ្លះ​ទៀត​បាន​អះអាង​ថា ហាងឆេង​មាស​អាច​ឡើង​ដល់​ជិត​៤.០០០ ដុល្លារ​ឯណោះ​នៅ​ក្នុង​មួយ​តម្លឹង ឬ​លើស​ពី​នេះ​នៅ​ក្នុង​ឆ្នាំ​២០២៣​។

តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២២ កន្លង​ទៅ ធនាគារកណ្តាល​នៃ​ប្រទេស​ជា​ច្រើន​បាន​បង្កើន​ការ​ប្រមូល​ទិញ​មាស​សុទ្ធ​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​៤០០​តោន នៅ​ក្នុង​តម្លៃ​ប្រហែលជា​២០​ពាន់​លាន​ដុល្លារ​ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​។

ធនាគារកណ្តាល​ប្រទេស​ទួ​រ​គី គឺជា​អ្នកទិញ​មាស​ដ៏​ធំ​បំផុត​នៅ​ក្នុង​ត្រីមាស​ទី​៣​កន្លង​ទៅ​តាម​ពីក្រោយ​ដោយ​ប្រទេស​អូ​បេ​គី​ស្ថាន និង​ប្រទេស​ឥណ្ឌា​ដោយឡែក​ក្នុង​ស​ប្តា​ហ៍​នេះ​ធនាគារកណ្តាល​របស់​ប្រទេស​ចិន​បាន​អះអាង​ផង​ដែរ​ថា ខ្លួន​បាន​ទិញ​មាស​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៩​មក​។​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នេះ​បាន​និយាយ​ថា ថ្មី​ៗ​នេះ​ខ្លួន​បាន​បន្ថែម​ទុនបម្រុង​ជា​មាស​ដល់​ទៅ​ចំនួន​៣២​តោន ឬ​១,៨​ពាន់​លាន​ដុល្លារ​ដែល​នាំ​ឱ្យ​ចំនួន​មាស​សរុប​របស់​ចិន​កើនឡើង​ដល់​១.៩៨០​តោន​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ