តាមធម្មតាសត្វលោកធ្វើទានប្រាថ្នាសេចក្តីសុខក្នុងទ្រព្យសម្បត្តិ សុខក្នុងមនុស្សលោក និងទេវលោក ដែលសុខទាំងអស់នេះនៅលាយឡំនឹងសេចក្តីទុក្ខ ជាសុខមិនអស់មិនហើយ។ ចំពោះទានរបស់ព្រះពោធិសត្វខុសអំពីមនុស្សទូទៅត្រង់ចេតនារបស់លោកជឿជាក់ច្បាស់ទៅលើផលនៃទាន ហើយលះអ្វីមួយជាទានប្រាថ្នាតែមួយគត់គឺយកព្រះនិព្វានជាអារម្មណ៍ ដែលជាទីរំលត់ទុក្ខទាំងពួង ជាឯកន្តបរមសុខ ។
![Picture]()
បើតាមប្រវត្តិរបស់ព្រះពោធិសត្វដែលជាតួអង្គព្រះពុទ្ធ ការសាងបារមីរបស់លោកដោយទានបារមីគឺមហាអស្ចារ្យណាស់ ដែលមនុស្សធម្មតាមិនអាចធ្វើដូចលោកបានឡើយដូចជា ការឱ្យជីវិតជាទាន ឱ្យប្រពន្ធកូនជាទាន លះទ្រព្យសម្បត្តិធ្វើទានជាដើម ។
ទានទាំងអស់នេះ គឺលោកផ្គងចិត្តតែម្យ៉ាង យកព្រះនិព្វានជាអារម្មណ៍ លោកមិនប្រាថ្នាសុខក្នុងឋានទេវលោក ឬមនុស្សលោកនោះទេ ព្រោះសុខទាំងអស់នេះជាសុខក្លែងក្លាយ សុខលាយទៅដោយសេចក្តីទុក្ខ ទីបំផុតក៏វិលរកសេចក្តីទុក្ខវិញដដែល ។
![Picture]()
ចំណែកសាមញ្ញជនធ្វើទានប្រាថ្នាតែសេចក្តីសុខទាំងពីរគឺ សុខក្នុងជាតិនេះ និងសុខក្នុងបរលោក។ ទានរបស់បុថុជ្ជនជាប់ទៅដោយសេចក្តីប្រាថ្នាដូច ប្រាថ្នាឱ្យមានរូបស្អាត ប្រាថ្នាឱ្យខ្លួនមានទ្រព្យច្រើន កើតក្នុងត្រកូលខ្ពង់ខ្ពស់ ប្រាថ្នាឱ្យបានទៅកើតក្នុងឋានទេវលោកជាដើម។
សុខក្នុងសេចក្តីប្រាថ្នាទាំងអស់នេះជាសុខមិនអស់មិនហើយ សុខជាប់ទៅដោយសេចក្តីទុក្ខច្រើនជាងសុខ ដែលលោកហៅថា សាមីសសុខ សុខជាប់ទៅដោយគ្រឿងសៅហ្មង ។
![Picture]()
ជារួមមកមានតែសុខក្នុងព្រះនិព្វានតែមួយគត់ទើបជាសុខពិតប្រាកដ ជាសុខមិនលាយឡំទៅដោយសេចក្តីទុក្ខ ដូច្នេះការធ្វើទានតិចក្តី ច្រើនក្តីគប្បីផ្គង់ចិត្តតាំងចេតនាឱ្យមុតមាំយកព្រះនិព្វានជាអារម្មណ៍ កុំប្រាថ្នាយកសុខក្នុងលោកនេះ ជាសុខមិនអស់មិនហើយទេ ៕
ចែករំលែកព័តមាននេះ