ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានចាប់ឃាត់ខ្លួនយុវជនម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ បញ្ជូនទៅតុលាការ ខណៈក្មេងស្រីរងគ្រោះ ដែលម្តាយបាននាំទៅញាំការម្តាយមីង រួចទៅបត់ជើងនៅក្នុងព្រៃ ត្រូវយុវជននោះ ចាប់អូសដៃ ចូលព្រៃ រំលោភ រហូតបានសម្រេច។
ហេតុការណ៍ចាប់រំលោភក្មេងស្រីរងគ្រោះ អាយុទើប ១២ឆ្នាំនេះ បានកើតឡើង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ដែលនៅជិតរោងការម្តាយមីងរបស់ជនរងគ្រោះ ហើយជនសង្ស័យ ក៏បានទៅចូលរួមមង្គលការនោះដែរ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ នៅវេលាម៉ោង ៨ យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា តាមការបំភ្លឺរបស់ក្មេងរងគ្រោះ នៅម៉ោងប្រមាណជាង ២រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខ្លួនបានដើរចេញពីរោងការ ទៅបត់ជើងនៅគុម្ពោធព្រៃខាងក្រោយផ្ទះរោងការ ចម្ងាយប្រហែល ១០០ម៉ែត្រ ក្រោយមក ស្រាប់តែមានមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ ពាក់ក្រវិលពណ៌ស នៅត្រចៀកខាងស្តាំ ពាក់អាវយឺត ពណ៌ស ដៃខ្លីខាងក្នុង អាវដៃវែងពីក្រៅ ស្លៀកខោខាវប៊យជើងវែង ពាក់ស្បែកជើងប៉ាតា បានចាប់ដៃជនរងគ្រោះ ដែលកំពុងបត់ជើង អូសចូលក្នុងគុម្ពោធព្រៃ ហើយចាប់ស្រាតខោជនរងគ្រោះ រួចរំលោភសេពសន្ថវ: រហូតបានសម្រេច។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យដើរមកកន្លែងរោងការវិញ។ រីឯក្មេងរងគ្រោះ បានទៅប្រាប់ម្តាយរបស់ខ្លួនតាមរឿងហេតុដូចខាងលើ រួចហើយបានរាយការណ៍ដល់សមត្ថកិច្ច ពេលសមត្ថកិច្ច ទៅដល់ ក្មេងស្រីរងគ្រោះ បានឱ្យបង្ហាញមុខជនសង្ស័យ ហើយសមត្ថកិច្ច ក៏បាននាំជនសង្ស័យ ទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ។
តែជនសង្ស័យ ឈ្មោះ ឡាយ ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកឫស្សី ឃុំដានរុន ស្រុកសូទ្រនិគម បានឆ្លើយបដិសេធ។
ប៉ុន្តែដោយផ្អែកតាមការចង្អុលបង្ហាញពីជនរងគ្រោះ និងភស្តុតាងមួយចំនួន ស៊ីសង្វាក់ ទើប លោកព្រះរាជអាជ្ញា បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ។ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ នេះ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ