ក្រៅពីហេតុផលតំណពូជ និងកង្វះសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់របស់សក់ អ្នកគួរតែយកចិត្តទុកដាក់ចំពោះទម្លាប់នៃការថែរក្សាសក់ប្រចាំថ្ងៃរបស់អ្នកដែលវាអាចធ្វើឱ្យសក់របស់អ្នកជ្រុះ ។
ខាងក្រោមនេះគឺជាកំហុសឆ្គងមួយចំនួនដែលអាចបណ្តាលឱ្យសក់របស់អ្នកកាន់តែស្តើង និងខូច ។
១-លាងសក់ជាមួយទឹកក្តៅ
ទឹកក្តៅអាចដកជាតិទឹកពីសក់របស់អ្នក និងធ្វើឲ្យសក់របស់អ្នកខូច ។ អ្នកគួរតែប្រើទឹកក្តៅ ឧណ្ឌៗ និងប្តូរទឹកក្តៅទៅជាទឹកត្រជាក់វិញនៅពេលដែលអ្នកចង់លាងសម្អាតសក់ ។ ម្យ៉ាងទៀតទឹកក្តៅមិនល្អនោះទេចំពោះស្បែកក្បាលដោយសារវាអាចកម្ចាត់ប្រេងធម្មជាតិដែលមាននៅលើស្បែកក្បាលរបស់អ្នក ។
២-សិតសក់ ឬសម្ងួតសក់ខ្លាំងពេក
អ្នកគួរតែដឹងថាសក់របស់អ្នកងាយនឹងបែកចុង ឬខូចនៅពេលសើម ។ ការចងសក់តឹងខ្លាំង សិតសក់ខ្លាំងពេកឬញីសក់ខ្លាំងនៅពេលសក់សើមនឹងធ្វើឲ្យឫសសក់កាន់តែខ្សោយ និងនាំឱ្យបញ្ហាសក់ជ្រុះកើតឡើង ។ ការញីសក់ និងសម្ងួតសក់ខ្លាំងពេកក៏ធ្វើឲ្យសក់ឆាប់ខូចផងដែរ ។ ដើម្បីធ្វើឲ្យសក់មានសុខភាពល្អ អ្នកគួរតែបណ្តោយឲ្យសក់ស្ងួតដោយធម្មជាតិ ។
៣-ស្ទីលម៉ូដសក់តឹង
និន្នាការនៃការធ្វើម៉ូដសក់នាពេលបច្ចុប្បន្នរួមមានទាំងការក្រងសក់ និងម៉ូដផ្សេង ៗទៀត។ ការក្រងសក់តឹងខ្លាំងនឹងដាក់សម្ពាធដល់ឫសសក់ និងស្បែកក្បាល ។ ការទាញសក់តឹងពេកក៏ធ្វើឱ្យសក់ងាយខូច ហេតុដូចនេះហើយអ្នកគួរតែចៀសវាងនៅម៉ូជសក់ណាដែលតឹងខ្លាំងពេក ។
៤-មិនប្រើប្រេងជំនួយសក់
ប្រសិនបើអ្នកមិនប្រើប្រេងធម្មជាតិដើម្បីជំនួយសក់ ដោយសារតែក្លិន ឬគិតថាវាស្អិតពេកនោះ អ្នកគួរតែចាប់ផ្តើមថែរក្សាសុខភាពសក់ដោយប្រេងធម្មជាតិទាំងនេះព្រោះវាមានសារធាតុចិញ្ចឹមជាច្រើនដែលសក់របស់អ្នកត្រូវការ ។ ប្រេងលាបសក់ដូចជាប្រេងដូង ប្រេងអូលីវ ប្រេងអាម៉ាមានប្រយោជន៍ក្នុងការផ្តល់សារធាតុចិញ្ចឹមដល់ឫសសក់ ។ ពួកវាជួយគ្រប់គ្រងការខូចខាត ហើយការម៉ាស្សាស្បែកក្បាលយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍អាចជួយពង្រឹងចរន្តឈាមបាន ៕
ចែករំលែកព័តមាននេះ