ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម ខិតខំ​បង្កើន​គុណភាព​សេវាកម្ម​ទេស​ចេរ​ណ៍

6 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា (Cambodia Travel Mart -CTM) លើក​ទី​១ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល នា​ថ្ងៃ​ទី​២៦

រាជ​ធា​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា (Cambodia Travel Mart -CTM) លើក​ទី​១ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល នា​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ តំណាង​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជា​ច្រើន​រូប ក្នុង​គោលបំណង​ពង្រឹងគុណភាព​ឧស្សាហកម្ម​ទេសចរណ៍ អបអរសាទរ​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​ដ៏​ធំ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​។
ឱកាស​នោះ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ម្ចាស់​រមណីយដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​បម្រើ​សេវាកម្ម​ប្រកបដោយ​គុណភាព ឲ្យ​បាន​ពេញចិត្ត​ជូន​ភ្ញៀវ​ទេសចរណ៍ ព្រោះ​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ពួក​គាត់​មាន​លុយ​ទិញ​សេវា​ពី​ម្ចាស់​អាជីវកម្ម ដូចនេះ​ម្ចាស់​អាជីវកម្ម​ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​នូវ​សេវាកម្ម ប្រកបដោយ​គុណភាព និង​ការ​ពេញចិត្ត​ជូន​ភ្ញៀវ​ទេសចរណ៍ ពោល​គឺ​កុំ​គិតតែ​យក​លុយ ហើយ​មិន​អភិវឌ្ឍន៍ មិន​យកចិត្តទុកដាក់​ពី​គុណភាព សេវា​អនាម័យ បន្ទប់ទឹក សណ្តាប់ធ្នាប់ ចំណត​យានយន្ត​ជាដើម​។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរណ៍​មាន​លុយ​ដើរ​កម្សាន្ត និង​ទិញ​សេវា​ពី​ប្រតិបត្តិ​ករ​ទេសចរណ៍ សុំ​ឲ្យ​តែ​ប្រតិបត្តិ​ករ​ទេ​ចរណ៍​ផ្តល់​នូវ​សេវាកម្ម ប្រកបដោយ​គុណភាព​ជាទី​ពេញចិត្ត និង​កក់ក្តៅ​ប៉ុណ្ណោះ​។ តើ​យើង​អាច​ធ្វើ​បាន​ទេ? វា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន​មួយ ប្រ​សិន​ប្រតិបត្តិ​ករ​យើង​មិន​អាច​ឆ្លើយ​តប​បាន​។ លោក​បាន​លើក​ឡើង អំពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​កោតសរសើរ​ថា ប្រទេស​កម្ពុជា​មាន​សុខ​សន្តិ​ភាពល្អ មាន​ទេសភាព​ស្រស់បំព្រង ធម្មជាតិ​ខៀវស្រងាត់ អាកាសធាតុ​អំណោយផល ខ្យល់អាកាស​បរិសុទ្ធ តំបន់​ទេសចរណ៍​សម្បូរ​បែប និង​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត គួរ​ឲ្យ​ចង់​ទស្សនា​កម្សាន្ត​។ លោក​រដ្ឋមន្ត្រី​បាន​រម្លឹក​ផង​ដែរ​ថា ភាព​ស្អាត និង​បៃតង គឺជា​ភាព​ទាក់ទាញ​សំខាន់​ណាស់ សម្រាប់​គោលដៅ​ទេសចរណ៍ ដែល​បច្ចុប្បន្ន គ្រប់​ប្រទេស​កំពុង​មានការ​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ពិសេស​ប្រទេស​ដែល​ជា​គោលដៅ​ទេសចរណ៍​។

ចំណែក​ផ្នែក​ពាក់ព័ន្ធ​សាធារណៈ ឯកជន ប្រជាពលរដ្ឋ ត្រូវ​ពង្រឹង និង​បង្កើន​ផ្នែក​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ ចំពោះ​ភ្ញៀវ​ទេសចរណ៍ ដោយ​ចាត់​ទុក​ការងារ​បដិសណ្ឋារកិច្ច ជា​របៀបវារៈ​របស់​ជាតិ​មួយ​។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ នឹង​មានការ​ប្រកាស​លទ្ធផល​ប្រលងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍ ដែល​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវ​តែ​មាន​ស្ដង់ដារ​ប្រកបដោយ​ភាព​ទាក់ទាញ ពិសេស​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ដល់​បញ្ហា​អនាម័យ សណ្តាប់ធ្នាប់ និង​គុណភាព​សេវា ហើយ​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ផលិតផល​ថ្មី​ៗ ប្រកបដោយ​ភាព​ទាក់ទាញ​៕