រាជធានីភ្នំពេញ ៖ លោកខេង ស៊ុម អតីតស្នងការរងខេត្តសៀមរាប ត្រូវបានចូលកាន់តំណែងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ត្រីហ៊ុន ហ៊ាន ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាបពាក់ព័ន្ធនឹងបទល្មើសមួយចំនួន បន្ទាប់ពីពិធីតែងតាំងមួយត្រូវបានរៀបចំឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ មករា ២០១១ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ប្រធាន-អនុប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត កងកំលាំងប្រដាប់អាវុធ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។
លោកឧត្តមសេនីយ៍ត្រីហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិកបានឡើងអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃសំរេចតែងតាំងលោកខេង ស៊ុម អតីតស្នងការរងខេត្តសៀមរាប ឡើងកាន់តំណែងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមបរិយាកាសរីករាយ និងស្នូរទាំងដៃអបអរសាទរយ៉ាងកងរំពង ។ លោកខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលទើបតែតាំងថ្មីបានឡើងប្តេជ្ញាចិត្តថា លោកនឹងអនុវត្តការងារឱ្យម៉ឺងម៉ាត់ត្រឹមត្រូវតាមការដាក់ចុះរបស់ថ្នាក់លើ…លោកមិនធ្វេសប្រហែសទេ គឺត្រូវរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសង្គម សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសបង្ក្រាបបទល្មើសផ្សេងៗ ចោរកម្ម ជួញដូរចែកចាយគ្រឿង ក្មេងទំនើង…។
លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា ស្នងការថ្មីត្រូវតែអនុវត្តការងារឱ្យបានល្អទាំងការឯកភាពផ្ទៃក្នុងស្មារតី បង្ក្រាបបទល្មើសគ្រប់រូបភាព…កុំយកគំរូតាមស្នងការ-ស្នងការរងចាស់ និងប្រធានផ្នែកឱ្យសោះ ព្រោះនោះជាកំហុសប្រវត្តិសាស្ត្រហើយ…ពួកគេមិនគួរណាយកតួនាទី អំណាចទៅឃុបឃិតជាមួយឈ្មួញទុច្ចរិត ឬអនុវត្តផ្ទុយពីច្បាប់នោះឡើយ ។
គួររំលឹកថា លោកហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានដកហូតមុខតំណែងចំថ្ងៃប្រារព្ធទិវាជ័យជំនះ៧ មករា ដែលថ្ងៃជោគជ័យនេះមន្ត្រីជាច្រើនបានជប់លៀងសប្បាយរីករាយ ប៉ុន្តែលោកហ៊ុន ហ៊ាន បែរជាទទួលរងនូវភាពក្រៀមក្រំសោះកក្រោះគួរឱ្យសង្វែគទៅវិញ…អ្នកដែលឡើងកាន់តំណែងស្នងការស្តីទីគឺលោកចាន់ កុសល អតីតស្នងការរងនៃអង្គភាពនេះ ។
ពិធីផ្លាស់ប្តូរមុខតំណែងបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ មករា ២០១១ នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តអ៊ុង អឿន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ មន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងប្រដាប់អាវុធ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ។ ការដកហូតមុខតំណែងនេះ ត្រូវបានប្រភពស្និទ្ធនឹងក្រសួងមហាផ្ទៃនិយាយថា ភាគច្រើនលោកហ៊ុន ហ៊ាន ខ្វះចន្លោះក្នុងកិច្ចការរដ្ឋបាលដឹកនាំ និងចំណាត់ការខ្សោយក្នុងការពារសន្តិសុខសង្គម ព្រមទាំងពាក់ព័ន្ធនឹងអំពើពុករលួយខ្លះផង ៕
ចែករំលែកព័តមាននេះ