បាតុករមួយក្រុមប្រមូលផ្តុំគ្នាមុខតុលាការ សុំដាក់ញត្តិឲ្យដោះលែងគ្រូបង្រៀន៥នាក់ រួមទាំង សេង ធារី (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បាតុករមួយក្រុមបានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងដាក់ញត្តិ ដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះលែងគ្រូបង្រៀនចំនួន៥នាក់ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃ.ស។

ហេតុការណ៍ខាងលើនេះ គេបានសង្កេតឃើញថា មានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ, ស្ត្រីថ្ងៃសុក្រ, យុវជនខ្មៃរថាវរៈ, ក្រុមបាតុករណាហ្គាវើលដ៍ និងសហជីព ព្រមទាំងមានអ្នកចូលរួមចំនួនប្រមាណ៥០ទៅ៦០នាក់ ដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហជីពសហព័ន្ធកម្ពុជា, អ្នកស្រី អ៊ុក ឆៃយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា, អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីពសហព័ន្ធកម្ពុជា, អ្នកស្រី ព្រុំ ចន្ថា ប្រធានក្រុមស្ត្រីថ្ងៃសុក្រ, លោក សៅ ចិត្ត្រា, លោក ឈួ ផេង ក្រុមការងារខណ្ឌដង្កោ មកពីគណបក្សភ្លើងទៀន, លោក គង់ រៃយ៉ា អនុប្រធានចលនាយុវជន, លោក សួង សោភ័ណ្ណ, លោក ហ៊ុន វណ្ណៈ ប្រធានក្រុមខ្មែរថាវរៈ, កញ្ញា ឈឿន ដារ៉ាវី អនុប្រធានក្រុមខ្មែរថាវរៈ, លោក កើត សារាយ ប្រធានសមាគមនិស្សិតបញ្ញវ័ន្តខ្មែរ, លីចាន់ ដារ៉ាវុធ តំណាងក្រុម ចលនាមាតាធម្មជាតិ, ឈឹម សុខន អនុប្រធានសហជីព LRSU ( ណាហ្គាវើលដ៍ ), រី សុវណ្ណឌី អនុប្រធានសហជីព LRSU (ណាហ្គាវើលដ៍), អ្នកស្រី ម៉ម សុវឌ្ឍិន បាតុករណាហ្គាវើលដ៍សកម្ម, ខេង ចិន្តា សមាជិក ក្រុមបាតុករ ណាហ្គាវើលដ៍, កញ្ញា អ៊ុក សុភក្រម៉ូលីកា សមាជិកក្រុមបាតុករ ណាហ្គាវើលដ៍ និងលោក នីណាក់ ។

ក្រុមបាតុករខាងលើនេះ គឺមានកាន់បដាក្រដាស់កាតុងចំនួន១៤ផ្ទាំង ទង់ជាតិចំនួន០៣ មីក្រូ១គ្រឿង និងរូបថតក្រណាត់១២ផ្ទាំង ចំណែកមធ្យោបាយគឺជិះរថយន្ត និងម៉ូតូ ព្រមទាំងម៉ូតូកង់បី៤គ្រឿងផងដែរ។ ក្នុងនោះក៏មានអ្នកឃ្លាំមើលមកពីអង្គការ លីការដូចំនួន២នាក់, លោក យី សុខសាន្ត សមាគមអាធហុក, កាសែត VOD ចំនួន៣នាក់, អង្គការ សិទ្ធិមនុស្សចំនួន២នាក់ ។
គួរបញ្ជាក់ថា ក្រុមបាតុករខាងលើនេះ (ឃ្មុំមួយសំបុកអត់បង្គង) ទំនងអត់បានសុំច្បាប់អនុញ្ញាតិប្រមូលផ្យំគ្នាពីអាជ្ញាធរទេ ដោយបានមកជួបជុំគ្នានៅមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងមកដាក់ញត្តិសុំឲ្យមានការដោះលែងគ្រូបង្រៀនចំនួន៥នាក់ និងកញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកទោសមនសិការមួយចំនួនទៀតផងដែរ។

លុះដល់ម៉ោងប្រមាណ១២និង៣០នាទីព្រឹកថ្ងៃដដែល ក៏មានតំណាងខុទ្ទកាល័យសម្តេច ហ៊ុនសែន និងតំណាងសាលាដំបូងរាជធានីភ្នំពេញ បានចេញមកទទួលយកញត្តិពីក្រុមបាតុករនោះ ទើបក្រុមបាតុករទាំងមេទាំងកូនចែកផ្លូវគ្នារៀងៗខ្លួន (រំសាយទៅវិញបាត់អស់ទៅ)។

តែទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានចុះបញ្ជាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការការពារក្រុមបាតុករនោះ បញ្ចៀសរាល់បាតុភាពទាំងឡាយដែលអាចកើតមានឡើងជាយថាហេតុ៕
ចែករំលែកព័តមាននេះ