ខេត្តកែប ៖ ទូកនេសាទមួយគ្រឿង ត្រូវបានលិចនៅក្បែកោះទន្សាយ ខេត្តកែប ដែលហេតុការណ៍កើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ ឧប្បតិហេតុលិចទូករបស់នេសាទទាំងយប់អធ្រាត្រនេះ ត្រូវបានកងនគរបាលការពារព្រំដែនទឹក ខេត្តកែប ចេញជួយសង្គ្រោះបានអ្នកនេសាទចំនួន4នាក់ និងបាត់ខ្លួនម្នាក់ទៀត ។

ក្រុមអ្នកនេសាទទាំង5នាក់ដែលនៅលើទូកលិចនោះ មានទីលំនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ លោកសំរិទ្ធ ថាវរ៉ាត់ ប្រធាននគរបាលការពារព្រំដែនទឹកខេត្តកែប បាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ឱ្យដឹងថា អ្នកនេសាទម្នាក់ដែលកំពុងបាត់តាំងពីយប់ថ្ងៃ២៧ធ្នូ រហូតមកដល់ទី២៨ ធ្នូ នេះនៅមិនទាន់រកសា.ក.ស.ពឃើញទេ ។

ហើយខាងនគរបាលការពារព្រំដែនការពារដែនទឹកខេត្តកែប ក៏កំពុងស្វែងរកជនរងគ្រោះដែរ ប៉ុន្តែគេមិនសង្ឃឹមនៅរស់រានមានជីវិតដែរ។ អ្នកនេសាទម្នាក់ដែលបានរួមដំណើរនៅលើទូកនេសាទលិចនៅក្បែកោះទន្សាយនិយាយថាការលិចទូកនេះ បណ្ដាលមកពីទូកដឹកលើសចំណុះត្រឡប់ទៅសហគមន៍នេសាទត្រពាំងសង្កែវិញ តែជាការអកុសល ទូកនោះត្រូវបានលិច។

គេបានសម្គាល់ឃើញថា ទូកអ្នកនេសាទចំនួន២គ្រឿងហើយត្រូវបានលិចនៅក្បែកោះទន្សាយប៉ុន្តែលិចលើកមុននោះមិនមានអ្នកនេសាទណាបាត់បង់អាយុជីវិតឡើយ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ