ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់ផ្ទះ​ល្វែង​ក្នុង​ខេត្តបាត់ដំបង កំពុង​លូតលាស់​ខ្លាំង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សំណង់ផ្ទះ​ល្វែង ហាក់​កំពុង​លូតលាស់​យ៉ាង​ខ្លាំង ថែម​ទាំង​មាន​ទីផ្សារ​ល្អ​ទៀត​ផង ។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​មន្ត្រី​ជំនាញ និង​ម្ចាស់​

ខេត្តបាត់ដំបង ៖ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សំណង់ផ្ទះ​ល្វែង ហាក់​កំពុង​លូតលាស់​យ៉ាង​ខ្លាំង ថែម​ទាំង​មាន​ទីផ្សារ​ល្អ​ទៀត​ផង ។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​មន្ត្រី​ជំនាញ និង​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​នានា​ដែល​កំពុង​វិនិយោគ​លើ​វិស័យ​នេះ​យ៉ាង​កាក់កប​នៅ​ក្នុង​ខេត្តបាត់ដំបង ។

លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​ឲ្យ​ដឹង​ថា សំណង់ផ្ទះ​ល្វែង និង​ការ​ពុះ​ដី​ឡូត៍​លក់ បាន​វិវឌ្ឍន៍​ខ្លាំង​ក្នុង​រយៈពេល​ពី​៣​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ជិត​១០ បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​នេះ នៅ​ក្នុង​ខេត្តបាត់ដំបង​នា​បច្ចុប្បន្ន ។

លោក អ៊ូ ដា​រី បាន​ថ្លែង​ថា ៖« ការ​រីក​លូតលាស់​នៃ​វិស័យ​សំណង់ផ្ទះ​ល្វែង​នេះ បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច រីឯ​ប្រជាពលរដ្ឋ​ក៏​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ដែរ រហូត​ពួក​គេ​មាន​លទ្ធភាព​ទិញ​ផ្ទះល្វែង​ស្នាក់​នៅ និង​ទិញ​ដីធ្លី​សម្រាប់​សង់​លំនៅ​ឋាន​សម្រាប់​ចែក​កូនចៅ​ទៀត​ផង » ។

ជុំវិញ​ការ​រីក​ចម្រើន​លើ​វិស័យ​សំណង់​នេះ​លោក​ឧកញ៉ា វែង ម៉ុង ប្រធាន​ក្រុមហ៊ុន​«​បុរី​រំចេក​» បាន​ថ្លែង​ថា បាត់ដំបង​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​បំផុត​ផ្នែក​សិ​កម្ម និង​ឧស្សាហកម្ម ហើយ​ពលរដ្ឋ​នៅ​ខេត្ត​នេះ អាច​រក​ចំណូល​បានជា​មធ្យម​ប្រចាំ​ថ្ងៃ ។ លោក​ថា មុន​ពេល​លោក​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ក្នុង​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ គឺ​លោក​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​ទៅ​លើ​សេដ្ឋកិច្ច និង​ពិនិត្យ​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ទាំង​នៅ​តាម​ទីប្រជុំជន និង​នៅ​តាម​ទី​ជនបទ ។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ៖« នៅ​ខេត្តបាត់ដំបង​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាង​បណ្ដា​ខេត្ត​ដទៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា សូ​ម្បី​នៅ​តាម​បណ្ដា​ឃុំ​ឆ្ងាយ​ៗ ក៏​មាន​ផ្សារ​លក់ទំនិញ សម្រាប់​ជួយ​ដោះស្រាយ​កសិផល​របស់​កសិករ​ដែរ ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​បោះទុន​រាប់​លាន​ដុល្លារ​ដើម្បី​វិនិយោគ​លើ​វិស័យ​សំណង់ផ្ទះ​ល្វែង​នៅ​ក្នុង​ខេត្ត​នេះ » ។

ដោយឡែក​លោក ហេង យាន ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​«​សុខសាន្ត​» ដែល​វិនិយោគ​លើ​វិស័យ​សំណង់ផ្ទះ​ល្វែង និង​ពុះ​ដី​ឡូត៍​លក់​ដែរ​នោះ បាន​ថ្លែង​ថា ការ​លក់​ដី​ពុះ​ជា​ឡូត៍ ឬ​លក់​ផ្ទះល្វែង​នៅ​ក្នុង​ខេត្តបាត់ដំបង​គឺ​មាន​ទីផ្សារ​ល្អ ។ លោក​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​និង​កំពុង​កែប្រែ​ដីស្រែ​ចម្ការ​មួយ​ចំនួន​ឲ្យ​ក្លាយជា «​បុរី​»​ដែល​មាន​សំណង់ផ្ទះ​ល្វែង​ព្រោងព្រាត ។ ជា​ពិសេស​នៅ​តាម​ភូមិសាស្ត្រ​នានា​នៅ​ជាយក្រុង ។

លោក ហេង យាន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក បាន​វិនិយោគ​លើ​វិស័យ​សំណង់ផ្ទះ​ល្វែង​នៅ​ក្នុង​ក្រុង​បាត់ដំបង​ជា​ច្រើន​កន្លែង​ដែល​ទីតាំង​ខ្លះ​ពុះ​ជា​ដី​ឡូត៍​លក់ រីឯ​ទីតាំង​ខ្លះ​សង់​ជា​ផ្ទះល្វែង ឬ​ជា​ភូមិ​គ្រឹះ​សម្រាប់​លក់​តែ​ម្ដង​។ លោក​បាន​បញ្ជាក់​ដែរ​ថា ទាំង​ដី​ឡូត៍ និង​សំណង់​លំនៅ​ឋាន គឺ​លក់ដាច់​គួរសម ។ អតិថិជន​ដែល​ទិញ​ដី ឬ​ទិញ​ផ្ទះល្វែង​ពី​ក្រុមហ៊ុន​របស់​លោក ភាគច្រើន​មាន​ជីវភាព​មធ្យម ហើយ​មួយ​ចំនួន​មក​ពី​តាម​បណ្ដា​ស្រុក​នានា​នៅ​ក្នុង​ខេត្ត និង​មួយ​ផ្នែក​ទៀត គឺជា​អតិថិជន​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ។

លោក​ឧកញ៉ា វែង ម៉ុង ម្ចាស់​ក្រុមហ៊ុន «​បុរី​រំចេក​» ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​បុរី​របស់​លោក​មាន​គម្រោង​សង់ផ្ទះ​ជិត​២​ពាន់​ល្វែង ប៉ុន្តែ​ពេល​នេះ​សង់​បាន​ជាង​៦០០​ល្វែង និង​លក់ដាច់​អស់​ជិត​៥០០​ល្វែង​ហើយ ។ លោក​បាន​បន្ថែម​ថា អតិថិជន​បាន​កុម្ម​ង់​ទិញ​ច្រើន​គួរសម​ចាប់តាំងពី​ក្រុមហ៊ុន​ដំណើរការ​រហូត​មក​ដល់​ពេល​នេះ ។

លោក​ឧកញ៉ា វែង ម៉ុង បាន​លើក​សរសើរ​ថា ទីផ្សា​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង​ល្អ​ប្រសើរ​ជាង​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខេត្តបាត់ដំបង មួយ​ចំនួន​ធំ​មាន​ជីវភាព​ល្អ និង​រក​ចំណូល​បាន​ពី​មធ្យម ទៅ​បង្គួរ ។

ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត លោក អ៊ូ ដា​រី បាន​ថ្លែង​ថា បើ​យោង​លើ​គម្រោង​របស់​ក្រុមហ៊ុន​នានា ដែល​មន្ទីរ​ទទួល​បាន គឺ​គម្រោង​សំណង់ផ្ទះ​ល្វែង​មាន​សរុប​ប្រមាណ​៨​ពាន់​ល្វែង ។ សំណង់​ដែល​បាន​សង់​រួចរាល់​បាន​ប្រហែល​២​ពាន់​ល្វែង ហើយ​ក្រុមហ៊ុន​កំពុង​សាងសង់​បន្ត ។ លោក អ៊ូ ដា​រី ក៏​បាន​ទទួលស្គាល់​ដែរ​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្តបាត់ដំបង ពិតជា​ល្អ​ប្រសើរ​មែន​។ លោក​ថា ការ​រកស៊ី​របស់​ក្រុមហ៊ុន​នានា លើ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង​នេះ បើ​តាម​ការ​កត់សម្គាល់ គឺ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​លោក​រំពឹង​ថា វិស័យ​នេះ​នឹង​រីក​លូតលាស់​ជា​បន្តបន្ទាប់​ទៀត​ទៅ​ថ្ងៃ​អនាគត ៕