ក្មេងស្រី៣នាក់ជួបគ្រោះ នៅពេលទៅមើលល្ខោនបាសាក់តាមវាលស្រែជាមួយឪពុកម្តាយ
- កំពត
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីចោរស្រីម្នាក់បានដើរលួចកាត់ខ្សែ.កពីក្មេងស្រីតូចៗចំនួន៣នាក់ ខណៈពេលដែលឪពុកម្តាយនាំកូនៗទៅមើលល្ខោនបាសាក់ដែលអ្នកស្រុកជួលមកលេងតាមវាលស្រែ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ជាក់ស្តែងករណីចោរស្រីលួចកាត់ខ្សែ.កពីក្មេងៗចំនួន៣នាក់ ដែលឪពុកម្តាយនាំកូនៗទៅមើលការសម្តែងផ្ទាំងទស្សនីយភាពល្ខោនបាសាក់ខាងលើនេះ រួមមាន ៖ ១-ឈ្មោះ ជ័រ ហេងផល្លីកា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានចោរកាត់យកខ្សែ.កប្លាទីន ទម្ងន់៣ជី។ ២- ឈ្មោះ កាន មិនា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវចោរកាត់យកខ្សែ.កប្លាទីន១ខ្សែ ទម្ងន់២ជី និង៣-ឈ្មោះ កាន ជល់សា ភេទស្រី អាយុ១ឆ្នាំ រស់នៅភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវចោរកាត់យកខ្សែ.កប្លាទីន១ខ្សែ ទម្ងន់៣ជី ។

ក្រោយពេលកើតមានករណីចោរលួចកាត់ខ្សែ.កនោះភ្លាម សមត្ថកិច្ចនគរបាលនគរបាលស្រុកបន្ទាយមាស បានសហការជាមួយនគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរកាត់ខ្សែ.កពីក្មេងៗចំនួន៣នាក់ខាងលើ។ ដោយជនសង្ស័យមានឈ្មោះ គីន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។
បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកបន្ទាយមាស នាំខ្លួនយកទៅសាកសួរយកចម្លើយ ដើម្បីស្វែងរកបក្សពួកដែលធ្វើសកម្មភាពជាមួយគ្នាបន្ថែមទៀត៕
ចែករំលែកព័តមាននេះ