ធ្វើ​ដូច​ម្តេច​នៅ​ពេល​រថយន្ត​ខូច​កណ្តាលផ្លូវ និង​ត្រៀម​ឧបករណ៍​អ្វីខ្លះ ?


គង់​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​កើតហេតុ​ការណ៍​មិន​បាន​រំពឹង​ទុក​ពេល​ត្រូវ​បើកបរ​ផ្លូវ​ឆ្ងាយ​ឡើយ ព្រោះ​ក្រៅពី​ខូច​អារម្មណ៍​ដោយសារ​រថយន្ត ការ​ធ្វើ​ដំណើរ​យឺតយ៉ាវ ការ​ចំណាយ​ប្រាក់​ជួសជុល និង​ខាត​ពេលវេលា​រង់ចាំ​ការ​ជួសជុល​រួចរាល់ គឺ​មិនមែន​ជា​រឿង​គួរ​ឲ្យ​រីករាយ​ប៉ុន្មាន​ទេ ។

ហេតុការណ៍​បែប​នេះ​កើតឡើង​ព្រោះ​អ្នក​មិនសូវ​បាន​ពិនិត្យ​ឬ​ថែទាំ​រថយន្ត មុន​នឹង​ប្រើប្រាស់​ជា​ប្រចាំ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​កើតឡើង​មួយ​រំពេច សូ​ម្បី​តែ​បាន​ថែទាំ​ល្អ​ហើយ​ក៏​ដោយ ។ ទោះជា​ហេតុការណ៍​ខ្លះ​កើតឡើង​ដោយ​មិន​ទាន់​ត្រៀមខ្លួន ប៉ុន្តែ​បើសិនជា​យើង​ត្រៀម​ជា​ប្រចាំ​នោះ ក៏​មិន​ចាំបាច់​ត្រូវ​កង្វល់​ឡើយ បើ​មានចំណេះ​ដឹង​ផ្នែក​រថយន្ត​ខ្លះ​ៗ ក៏​អាច​រួចខ្លួន​ពី​ស្ថានការណ៍​នោះ​បាន ទើប​ទៅ​សុំ​ជំនួយ ឬ​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល ។

នេះ​ជា​វិធី​អនុវត្ត​បឋម​នៅ​ពេល​រថយន្ត​ខូច​កណ្តាលផ្លូវ ហើយ​មាន​អ្វី​ត្រូវ​ត្រៀម​ទុក​ខ្លះ ?

១-​សតិ ៖
ជា​អ្វី​គួរ​មាន​បំផុត​ពេល​ហេតុ​បន្ទាន់​កើតឡើង ព្រោះ​បើសិន​បើកបរ​ហើយ​គ្រប់គ្រង​សតិ​មិន​បាន អាច​កើត​គ្រោះថ្នាក់​ភ្លាម​ៗ ឬ​រថយន្ត​ឈប់​នៅ​កណ្តាលផ្លូវ រវល់​តែ​បែក​អារម្មណ៍ ។ ពេល​ខ្លះ​ការ​មើល​រំលង​រឿង​តូចតាច គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ ។

២-​កង់​សា​កួ ៖
គ្រប់​រថយន្ត​ត្រូវ​មាន​កង់​សា​កួ​ជា​ស្រេច ប៉ុន្តែ​អ្នកខ្លះ​ដោះ​ចេញ ព្រោះ​មាន​អារម្មណ៍​ថា គ្មាន​សណ្តាប់ធ្នាប់ ធ្ងន់​រថយន្ត ឬ​ពាំង​ធុង​ហ្គា​ស ។ ការ​ពិត មិន​គួរ​យក​វា​ចេញ​ជា​ដាច់ខាត ទោះជា​មិន​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក្តី ព្រោះ​បើ​រថយន្ត​បែក​កង់ ធូរ​កង់​នៅ​តាម​ផ្លូវ បើ​មាន​កង់​សា​កួ​ទុក​ផ្លាស់​ប្តូរ គឺ​ល្អ​ជាង​ត្រូវ​ចត​រថយន្ត​រង់ចាំ​ការ​ជួយ ឬ​កិន​កង់​នោះ​រហូត​ដល់​យានដ្ឋាន ខូច​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ប្តូរ​ថ្មី ។

៣-​ឧបករណ៍​ប្រចាំ​រថយន្ត ៖
ឧបករណ៍​ភាគច្រើន​មក​ជាមួយ​កង់​សា​កួ ដូច​ជា ដូ​យ គ្រឿង​រឹត​ដូ​យ និង​ឧបករណ៍​រឹត​ខ្ចៅ​កង់​។ ឧបករណ៍​ទាំងនេះ ក្រៅពី​យក​មក​ប្រើ​ប្តូរ​កង់​រថយន្ត​ហើយ វា​នៅ​អាច​ប្រើ​លើក​រថយន្ត​ឡើង​លើ​ដើម្បី​ពិនិត្យ​មើល​អ្វី​ខុស​ប្រក្រតី កើតឡើង​ដោយសារ​មូលហេតុ​ផ្សេង​ទៀត ។

៤-​ឧបករណ៍​ជំនួយ​ផ្សេង​ៗ ៖
ដូច​ជា ពិល ខ្សែ​ដោត​អា​គុយ សញ្ញា​ព្រមាន​ពន្លឺ គ្រឿង​កាត់​ខ្សែក្រវាត់ និង​គ្រឿង​វាយ​កញ្ចក់​។ ទោះជា​មើលទៅ​ច្រើន ប៉ុន្តែ​បើ​មាន​ទុក​ប្រើ វា​ល្អ​ជាង​ត្រូវ​ប្រើ ប៉ុន្តែ​គ្មាន ។

៥-​ដប​ទឹកធំ ៖
មើលទៅ​ដូច​ជា​មិន​សំខាន់ ប៉ុន្តែ​បើ​រថយន្ត​ឡើង​កំ​ដៅ (Overheat) អ្នក​អាច​យក​វា​មក​ចាក់​ដើម្បី​បើករថយន្ត​ទៅ​យានដ្ឋាន​នៅ​ជិត​បំផុត​។ ចាំ​ទុក​ថា កុំ​បើក​គម្រប​ធុង​ទឹក​ខណៈ​វា​កំពុង​ក្តៅ ព្រោះ​ទឹក​នៅ​ខាងក្នុង​អាច​ចេញ​មក​ប៉ះ​រាង​កាយ​ធ្វើ​ឲ្យ​អ្នក​របួស​បាន ។ គួរ​រង់ចាំ​យ៉ាងតិច​១៥​នាទី សឹម​បើក​គម្រប ។

៦-​ឧបករណ៍​ជាង ៖
ទួ​ណឺ​វី​ស​សំប៉ែត​-​រឆេតរឆូត ដង្កាប់ កូនសោ ខ្ចៅ​ញី​-​ឈ្មោល និង​ខ្សែរឹត ។ ពេល​ខ្លះ​យើង​អាច​ចាំបាច់​ត្រូវ​គាស់​ចេញ ឬ​មូល​ខ្ចៅ​នៅ​ចំណុច​ផ្សេង​ៗ​ដូច​ជា កាង​ធ្លាក់​ចេញ គឺ​អាច​ប្រើ​ទួ​ណឺ​វី​ស កូនសោ ខ្ចៅ​មួល​វា​ចូល​ឲ្យ​ណែន ហើយ​ចាំ​យក​ទៅ​ជួសជុល​ជា​ក្រោយ ។

៧-​បំពង់​ដែក ឬ​ឈើ​វែង​ៗ ៖
យក​មក​ប្រើប្រាស់​បាន​ក្នុង​ករណី​ទើប​ចត​រថយន្ត ហើយ​គ្រឿង​ម៉ាស៊ីន​នៅ​តែ​ក្តៅ ពេល​ត្រឡប់​មក​វិញ​បញ្ឆេះ​មិន​ឆេះ ខណៈ​អា​គុយ​នៅ​ល្អ ឬ​ទើប​ប្តូរ​ថ្មី ។ អ្នក​អាច​យក​វា​មក​បុក ឬ​គោះ​ស្រាល​ៗ​ដើម្បី​ចាប់ផ្តើម​បើកបរ ព្រោះ​វា​អន់​ថយ ទើប​ធ្វើ​ឲ្យ​បញ្ឆេះ​រថយន្ត​មិន​ឆេះ ។

៨-​ខ្សែលួស ៖
អាចយ​កមក​ប្រើ​បាន​ពេល​បំពង់ផ្សែង​រថយន្ត​ដាច់ ឬ​អូស​ជាមួយ​ផ្លូវ ដោយ​ប្រញាប់​ចត​រថយន្ត​ទៅ​ខាង​ផ្លូវ​ពេល​ឮ​សំឡេង ។ បន្ទាប់​មក​យក​លួស​មក​ចង​ឲ្យ​ណែន​ដើម្បី​ប្រើ​ការ​បណ្តោះអាសន្ន​សិន ទើប​ទៅ​រក​កន្លែង​ជួសជុល និង​កុំ​ប្រើ​ខ្សែ​ប៉ៃ​មិន​ធន់​នឹង​កំ​ដៅ​មក​ចង ព្រោះ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​មានកំ​ដៅ​ខ្ពស់ គឺ​ធ្វើ​ឲ្យ​ខ្សែ​ប៉ៃ​នោះ​ដាច់ ហើយ​បំពង់​ស៊ី​ម៉ាំង​ធ្លាក់​ចុះ​មក​ក្រោម​ម្តងទៀត ។

ចុងបញ្ចប់​នេះ​ជឿ​ថា គ្រប់​គ្នា​មិន​គួរ​ភ្លេច គឺ​ទូរស័ព្ទ​ដៃ ។ អ្នក​អាច​ទូរស័ព្ទ​សុំ​ជំនួយ​បាន​ពី​ក្រុម​គ្រួសារ មិត្តភក្តិ ផ្នែក​សង្គ្រោះ​បន្ទាន់​ផ្សេង​ៗ រួម​ទាំង​យានដ្ឋាន​ជួសជុល ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ