ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញនៅខែ​មុន​របស់ថៃកើនឡើង ខណៈផលិតកម្មរថយន្តបានធ្លាក់ចុះ

1 ខែ មុន

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា ការនាំចេញផ្អែក​

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា ការនាំចេញផ្អែក​លើគយបានកើនឡើង ៣.៦% សម្រាប់ខែកុម្ភៈ បើធៀបនឹងឆ្នាំមុន ប៉ុន្តែទាបជាងការរំពឹងទុករបស់អ្នកវិភាគ ដែលព្យាករណ៍ថា ៤.៤%។ ចំណែកឯការនាំចូលបានកើនឡើង ៣.២% សម្រាប់ខែកុម្ភៈ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងខែកុម្ភៈ ការនាំចេញអង្កររបស់ថៃ បានកើនឡើង ៣៣,៤% បើធៀបនឹងឆ្នាំមុន ខណៈថៃ ដែលជាប្រទេសនាំចេញអង្ករធំលំដាប់ទីពីររបស់ពិភពលោក បានបង្ហាញការរំពឹងថា ការនាំចេញអង្ករនៅឆ្នាំនេះ នឹងធ្លាក់ចុះប្រហែល ១៤.៤% មកនៅត្រឹម ៧.៥លានតោន ដោយសារការផលិតធ្លាក់ចុះ និងការប្រកួតប្រជែងខ្លាំង។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការនាំចេញរបស់ប្រទេសថៃបានបន្តកើនឡើងជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងការស្ទុះងើបឡើងវិញបន្តិចម្ដងៗនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ទោះបីជាមានផលប៉ះពាល់តិចតួចពីវិបត្តិនៅសមុទ្រក្រហមក៏ដោយ ក៏ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអារ៉ាប៊ីសាអូឌីតបានបន្តពង្រីក។

ទោះយ៉ាងណា ក្រសួងបានបន្ថែមថា ភាពមិនច្បាស់លាស់នៅតែមាន ដោយសារការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗ ក៏ដូចជាគ្រោះរាំងស្ងួតដែលប៉ះពាល់ដល់កសិកម្ម បូករួមនឹងហានិភ័យភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអត្រាប្តូរប្រាក់ជាសកល។

យ៉ាងណាមិញ បើទោះបីជាការនាំចេញរបស់ប្រទេសថៃកើនឡើងក៏ពិតមែន ប៉ុន្តែងាកមកកាន់ផលិតកម្មរថយន្តនៅក្នុងប្រទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីសហព័ន្ធឧស្សាហកម្មថៃ ដែលហៅកាត់ថា FTI នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ១៩.២៨% សម្រាប់ខែកុម្ភៈ បើធៀបនឹងឆ្នាំមុន មកនៅត្រឹម​១៣៣,៦៩០​គ្រឿង ភាគច្រើនដោយសារការធ្លាក់ចុះនៃផលិតកម្មរថយន្តភីកអាប់ (Pickup Trucks) និងរថយន្តអគ្គិសនី ដែលកំពុងមានការនាំចូលកាន់តែច្រើន។

ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុនជប៉ុន Toyota និង Honda ជាមួយនឹងរថយន្តភីកអាប់ នៅក្នុងចំណោមរថយន្តសំខាន់ៗ ដែលបានផលិត។

សហព័ន្ធឧស្សាហកម្មថៃ បានបង្ហាញថា ការលក់រថយន្តសរុបនៅខែកុម្ភៈមានចំនួន​៥២,៨៤៣​គ្រឿង។ សហព័ន្ធបានព្យាករណ៍ថា ការផលិតរថយន្តរបស់ប្រទេសថៃមានចំនួន ១.៩លានគ្រឿងនៅឆ្នាំនេះ បន្ទាប់ពី​១.៨៤លានគ្រឿង ដែលបានផលិតនៅក្នុងឆ្នាំ ២០២៣៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ