ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ពីបទរំលោ.ភសេពសន្ថវៈជាមួយអនីតិជន ដែលកើតឡើងនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
![Picture]()
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះអាយុ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្ដឹងថា ឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡានកុងតឺន័រ បានលួងលោមក្មួយស្រីរបស់ខ្លួនអាយុ១៣ឆ្នាំនោះ។ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡានកុងតឺន័រ មានទីលំនៅបច្ចុប្បន្នភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម យកមកសួរនាំ។
![Picture]()
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ ពៅ សុខឃឿន ហៅតឿ បានសារភាពថា កាលពីខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ រូបគេពិតជាបានលួងលោមរួមភេ.ទជាមួយនារីរងគ្រោះអាយុ១៣ឆ្នាំ បានចំនួន៥ដង នៅចំណុចបរិវេណយានដ្ឋានជួសជុលរបស់ឈ្មោះ មឿន មុំ ភេទស្រី នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន»។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន បានឲ្យដឹងដែរថា ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕
ចែករំលែកព័តមាននេះ